FN ៖ ស្របពេលដែលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានប្រកាស ក៏ដូចជាព្រមានដល់គណបក្សនយោបាយទាំងអស់ ប្រសិនបើអនុវត្តផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោត នឹងទទួលទោសតាមច្បាប់ ហើយប្រសិនបើជាបទល្មើសនោះជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌផងដែរ។
លោក គឹម សន្ដិភាព បានប្រកាសយ៉ាងដូច្នេះថា៖ «អំពើណាមួយដែលបានអនុវត្តផ្ទុយពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នោះទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះនឹងត្រូវអនុវត្ត ហើយអំពើនោះក៏នឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនបើអំពើនោះ ជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌផងដែរ!»។ នេះបើតាមលោក គឹម សន្ដិភាព ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ។
ពាក់ព័ន្ធជាមួយការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ឯណោះវិញ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្លាប់បានបញ្ជាក់ថា សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់។
ដោយឡែកកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំង នគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់៕