អភិបាលរាជធានីភ្នំពេញ លើកឡើងពីសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៧, មកដល់ពេលនេះ ប្រជាជននៅភ្នំពេញកើនដល់១,៧លាននាក់
FN ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅរមណីយដ្ឋានវត្តភ្នំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលពុះពារសម្រេចបានសមិទ្ធផល លើគ្រប់វិស័យនៅក្នុងឆ្នាំចាស់ឆ្នាំ២០១៧ ធ្វើឲ្យរាជធានីភ្នំពេញ មានរីកចំរើនយ៉ាងខ្លាំងលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ លោកអភិបាលរាជធានី បានថ្លែងថា សមិទ្ធផលនយោបាយ សង្គម និងសេដ្ឋកិច្ចដែលរាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០១៧កន្លងមកនេះ ពិតជាបានមកដោយសារការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្មពីសំណាក់អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ ពិសេសរាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញបានបន្តថា «ទោះបីជាការខិតខំសំរេចបាននូវសមិទ្ធផលធំៗជាច្រើន លើគ្រប់វិស័យក៏ដោយ ប៉ុន្តែក៏នូវមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរត្រូវខិតខំដោះស្រាយបន្ថែមទៀត។ ជាមួយការកើនឡើងនូវតម្រូវការសង្គម នៃការកើនឡើងយ៉ាងឆាប់រហ័ស នូវលំហូរប្រជាពលរដ្ឋមកប្រកបមុខរបរ ធ្វើការងារ និងតាំងទីលំនៅ ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យការឆ្លើយតប ចំពោះការកើនឡើងយ៉ាងរហ័សនេះ នៅមានកម្រិត ដែលជាហេតុធ្វើឲ្យលេចឡើងនូវបញ្ហាប្រឈម និងចំណុចសេសសល់…