ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលនៅពេលនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈធ្វើឲ្យសម្តេចឈឺចាប់មិនតិចនោះទេ ប៉ុន្តែអាចនិយាយបានថា ជាជោគជ័យយ៉ាងធំមួយ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជា។ * សម្តេចតេជោបានរំលឹកថា សម្តេចឈឺចាប់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈកាលពីជាង១០ឆ្នាំមុន ដែលទីបំផុតសម្តេចបានរំលាយគណៈកម្មការកែទម្រង់រដ្ឋ។ ដោយសម្តេចបង្កើតក្រសួងមុខងារសាធារណៈ មន្ត្រីតុលាការ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងកងកម្លាំងប្រដាប់អាវុធ ស្ថិតក្រោមស្ថាប័នគ្រប់គ្រង កម្លាំងប្រដាប់អាវុធ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា…

ពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងពិធីបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០១៨

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ដំបូងអនុញ្ញាត អោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស សូមអធ្យា​ស្រ័យ អំពីការដែលពីប៉ុន្មានអាទិត្យមុននេះ មុននេះបានកំណត់ពេល ប៉ុន្តែដោយសារតែមានការចាំបាច់ទៅលើការងារផ្សេង ក៏បានពន្យារពេលចែកសញ្ញាបត្រមកដល់ពេលនេះ ដូចដែលយើងធ្លាប់បាននិយាយថាមកយឺតប្រសើរជាងមិនមក។ ជោគជ័យធំមួយក្នុងកំណែទម្រង់រដ្ឋ គឺកំណែទម្រង់មុខងារសាធារណៈ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមចែក ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រសម្រាប់ជ័យលាភី ដែលទទួលការសិក្សានៅទីនេះ ទាំងសិស្សរៀនរយៈពេលវែង និងកម្មសិក្សាការី ក៏ដូចជាការបើកវគ្គបន្តសម្រាប់មន្ត្រីរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពនៃកិច្ចការងារនេះ ហើយខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះថ្លែងជាសាធារណៈថា កំណែទម្រង់រដ្ឋបាលសាធារណៈគឺពិតជាធ្វើអោយខ្ញុំព្រះករុណាមានកាឈឺចាប់មិនតិចទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ អាចនិយាយដោយនិយាយដោយមោទនភាពថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ចាប់ផ្ដើមធ្វើកិច្ចការងារនេះដោយផ្ទាល់ អាចនិយាយបានថាមកដល់ពេលនេះ បើវាទោះបីជាមិនទាន់ពេញលេញ ក៏អាចនិយាយបានថាវាជាជោគជ័យដ៏ធំ នៅក្នុងកំណែទម្រង់រដ្ឋ ពិសេសទាក់ទងជាមួយនឹងបញ្ហា កំណែទម្រង់មុខងារសាធារណៈ …។ យន្តការ ៣ ដំណើរការ ក្រោយរំលាយគណៈកម្មការកែទម្រង់រដ្ឋ ហេតុអ្វីបានជាថ្ងៃនេះលោក ហ៊ុន សែន ទើបនឹងរំលេច។ ដោយសារវាដល់ចុងអាណត្តិ…