ក្រសួងមហាផ្ទៃ ប្រកាសអះអាងថា រហូតដល់ពេលនេះគ្មានករណីចាប់ក្មេងណាមួយទេ, ក្រសួងសង្ស័យថា មានការចាត់តាំងដើម្បីផ្សព្វផ្សាយភូតកុហក អំពីករណីចាប់ក្មេង ធ្វើឱ្យមានភាពវឹកវរនៅកម្ពុជា
FN ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវមួយរយៈ រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី មានការព្យាយាមផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវករណីចាប់ក្មេង នៅលើបណ្តាញសង្គម Facebook ដោយពួកគេអះអាងថា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ស្រាវជ្រាវរួច គឺពុំមានករណីបែបនេះ កើតឡើងនោះទេ។ លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ ពេលនេះក៏កំពុងបើកការស៊ើបអង្កេតចំពោះក្រុមចាត់តាំងទាំងនោះ ដោយសារតែការផ្សព្វផ្សាយ របស់ពួកគេបែបនេះ គឺមានចេតនាធ្វើឱ្យមហាជន និងប្រជាពលរដ្ឋយល់ច្រឡំថា ក្រសួងមានសមត្ថកិច្ចរបស់កម្ពុជា អសមត្ថភាពក្នុងការដោះស្រាយ ករណីនេះ។ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្តែងដូចជាករណីព្រឹកមិញ នៅកំពង់សោម ដែលមានការបង្ហោះថា មានការវះពោះក្មេងដល់ជាក់ស្តែង អត់មានទេ ហើយករណីនេះ…