សុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច ក្រោយការជួបជុំ
ដំបូង សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗ កម្មករ/ការិនី ម្ចាស់រោងចក្រ ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ!
បើទោះបីថា មកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលនូវចម្លើយពីសំណាក់ម្ចាស់រោងចក្រ។ ហើយអម្បាញ់មិញ តាមរយៈលោកតំណាង ស្នើសុំអោយសួរយោបល់របស់ម្ចាស់រោងចក្រដទៃទៀត ក៏ប៉ុន្តែខ្ញុំគិតថា គួរ តែត្រូវដោះស្រាយបញ្ហានេះ។ ម្សិលមិញ ខ្ញុំបានមកទស្សនកិច្ចនៅរោងចក្រ Gin Sovann Fashion នៅ ក្បែរនេះ ហើយខ្ញុំក៏បានសុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច។ កាលពីថ្ងៃមុន ទៅតំបន់ ខ្សាច់កណ្ដាល នៅក្រុមហ៊ុន 7NG នៅតំបន់ឧស្សាហកម្ម 7NG ក៏បានស្នើសុំអោយកម្មករយើងបានឈប់ សម្រាកក្នុងមួយល្ងាច។ ខ្ញុំចង់សួរយោបល់ចំពោះម្ចាស់រោងចក្រដែលមានវត្តមាននៅទីនេះ តើខ្ញុំអាចសុំ បានទេនូវការផ្ដល់អោយកម្មកររោងចក្រនេះ បន្ទាប់ពីការជួបគ្នានេះទៅ បានសម្រាកមួយល្ងាចហ្នឹង។ បាន ឬមិនបាន? បាន! អញ្ចឹង អរគុណណាស់។ នេះមិនមែនជាសិទ្ធិដែលយើងត្រូវទទួលទេ ក៏ប៉ុន្តែវាជាចិត្ត សប្បុរសរបស់ថៅកែរោងចក្រ តាមសំណូមពររបស់ពូ ព្រោះថា ក្មួយៗយប់មិញនេះ ប្រហែលត្រូវក្រោកពី យប់បន្ដិច ដើម្បីបានមកជួបជុំគ្នានៅទីនេះ។ ដូច្នេះ ដើម្បីរក្សានូវសុខភាព និងការសប្បាយរីករាយនៅថ្ងៃ នេះ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលអនុញ្ញាតអោយកម្មករ/ការិនីរបស់យើង បានទទួល ការសម្រាកនៅថ្ងៃនេះបន្ថែម។
នាយករដ្ឋមន្រ្តីដែលមានរូបថតជាមួយប្រជាពលរដ្ឋច្រើនជាងគេ
ខ្ញុំពិតជាមានការរីករាយ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសាលារាជធានី ភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំអោយមានជំនួបនៅទីនេះ។ អរគុណចំពោះលោកស្រីឧកញ៉ា សេង ទៀង ដែលបានផ្ដល់នូវទីតាំងដ៏ល្អនេះ សម្រាប់ការជួបជុំនៅតំបន់ភ្នំពេញថ្មីរបស់យើងនេះ។ ខ្ញុំអរ គុណ និងសូមថ្លែងនូវការសប្បាយរីករាយជាមួយនឹងការទទួលដ៏រាក់ទាក់របស់ក្មួយៗជាកម្មករ/ការិនី ចំ ពោះវត្តមានរបស់ពូ ដែលអម្បាញ់មិញ យើងធ្វើដំណើរមួយម៉ោង ក្នុងចម្ងាយផ្លូវមិនដល់ ១០០ ម៉ែត្រទេ ដោយសារយើងត្រូវ Selfie ជាមួយគ្នា។ ឥឡូវវា free ទាំងអស់ free selfie free អោប និង free ថើប។ ប្រហែលជាខ្ញុំនឹងបំបែកឯកទគ្គកម្មលើពិភពលោកនេះតែម្ដង ដែលជានាយករដ្ឋមន្រ្តី ជាមេដឹកនាំប្រទេស ម្នាក់ ដែលមានរូបថតច្រើនបំផុតជាមួយនឹងប្រជាជន។ បើនិយាយអោយពិតទៅ បើប្រមូលរូបថតតាំងពី អតីតកាល រហូតដល់ពេលនេះ ប្រហែលជារូបថតនោះវាបានច្រើនជាងមេដឹកនាំទាំងឡាយ នៅលើពិភព លោក គ្រាន់តែថា ផ្នែកហ្វេសប៊ុកគេមិនទាន់បង្ហោះអោយអស់នៅឡើយ គ្រាន់តែបង្ហោះមួយចំនួនពេល ជួបជាមួយនឹងកម្មករ/ការិនីរបស់យើង។
ការស្វាគមន៍ដ៏មានភាពកក់ក្កៅ និងគោរពស្រឡាញ់ លើសពីមេដឹកនាំ
ខ្ញុំពិតជាមានការអរគុណ និងរំភើបរីករាយ ដោយសារការទទួលបដិសណ្ឋារកិច្ច ពេលដែលជួបសំណេះសំណាលម្ដងៗ នៅគ្រប់ទីកន្លែង ក្មួយៗបានបង្ហាញពីទឹកចិត្ត ការស្រឡាញ់រាប់អាន។ មិនគ្រាន់តែជាការ ស្រឡាញ់រាប់អានរវាងមេដឹកនាំ ជាមួយនឹងកម្មករ/ការិនីទេ ក៏ប៉ុន្តែហាក់បានបង្ហាញនូវទឹកចិត្តនៃការរាប់ រកដូចជាឪពុក ដូចជាឪពុកមា ឬក៏ឪពុកធំ ឬជាជីតារបស់ខ្លួនផងដែរ។ នោះហើយធ្វើអោយពូអាចយល់ បានថា អារម្មណ៍ក្មួយៗបានស្គាល់ពូយូរហើយ។ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ សុទ្ធតែបានរួមដំ ណើរជាមួយពូ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយសម្រាប់ប្រទេសមួយនេះ។ ពីភាពខ្ទេចខ្ទាំ ពីការបែកបាក់ មកកាន់ ការជួបជុំ និងពីការលំបាកដែលគ្មានអ្វីទទួលទាននោះ មកកាន់នូវរបបជីវភាពមួយដែលកាន់តែប្រសើរ ជាងមុន។ ពិតមែនតែវាមិនទាន់គ្រប់គ្រាន់តាមតម្រូវការ នៃការចង់បានរបស់យើង ក៏ប៉ុន្តែបើប្រៀបធៀប ជាមួយនឹងអតីតកាល យើងក៏បានធ្វើដំណើរឃ្លាតឆ្ងាយណាស់មកហើយ។ នេះមិនមែនបានមកពីការខិត ខំតែម្នាក់ឯងរបស់ពូ ជាមួយនឹងមេដឹករបស់គណបក្សប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានមកពីការរួមចំណែក របស់ជីដូនជីតា ឪពុកម្ដាយ និងមកដល់ពេលនេះគឺក្មួយៗនេះឯង។
ព្រះរាជាណាចក្រកម្ពុជាគ្មានវិបត្តិនយោបាយ មានតែសន្ដិភាព និងការអភិវឌ្ឍ
ការធ្វើបដិសណ្ឋារកិច្ច និងដំណើរចុះជាប់ក្នុងរយៈពេលកន្លងទៅ ចាប់តាំងពីខែសីហា រហូតមកដល់ពេល នេះ និងអ្វីដែលបានកើតនៅក្នុងប្រទេសកម្ពុជានេះ វត្តមានថ្ងៃនេះ យើងជួបជុំគ្នា ក៏ដូចជាកន្លងទៅ ក៏ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់។ មានតែពួកនយោបាយដែលមាន វិបត្តិខ្លួនឯង។ ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ ក៏ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោសព្រហ្ម ទណ្ឌតែប៉ុណ្ណោះ។ ប្រទេសកម្ពុជាមួយនេះ មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណានោះទេ។ បើទោះបីអ្នក ណាត្រូវជាប់គុក ជាប់ច្រវាក់ដោយសារទង្វើខុសក្បត់ជាតិរបស់ពួកគេ ក៏កម្ពុជានៅបន្តអភិវឌ្ឍទៅមុខ ដូច ជាកម្មករកំពុងតែបន្តការងារក្នុងរោងចក្រដោយក្ដីសប្បាយរីករាយ។ ពិធីភ្ជុំបិណ្ឌបន្ទាប់មកហែកឋិន បន្ទាប់ មកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅតែបន្តធ្វើទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា របស់យើង។
អំពាវនាវចូលរួមពិធីបួងសួងសុំសេចក្ដីសុខនៅថ្ងៃទី ២ និងទី ៣ ខែធ្នូ នៅខេត្តសៀមរាប
ក៏សុំយកឱកាសនេះ បញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសថា នៅថ្ងៃទី ២ និងទី ៣ ខែធ្នូខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យដ៏ធំមួយ ដើម្បីបួងសួងសុំសេចក្ដីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅឯអង្គរវត្ត។ យើងនឹងធ្វើពិធីរាប់បាត្រទៅតាមគន្លងព្រះពុទ្ធសាសនា ដែលនិមន្តព្រះសង្ឃប្រមាណជា ៥.០០០ ឬក៏ ៧.០០០ អង្គ។ អញ្ចឹងសូមអញ្ជើញប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ខេត្តសៀមរាប នៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែធ្នូនេះ ហើយយើងនឹងមានការផ្សាយបន្តផ្ទាល់ពីទីនោះមកផងដែរ។ នេះបង្ហាញពីអ្វីទៅ? បង្ហាញថា កម្ពុជាមិនមែនស្ថិតនៅជាប្រទេសដែលកំពុងមានកលិយុគ ប្រទេសដែលមានសង្រ្គាមនោះទេ ក៏ប៉ុន្តែជាប្រទេសដែលមានសន្ដិភាព មានឯករាជ្យ មានស្ថេរភាពនយោបាយ ហើយអ្វីៗកំពុងដំណើរការ ទៅមុខជាធម្មតា។
បៀរវត្ស ១៧០ ដុល្លារ ពីថ្ងៃ ១ មករា ២០១៨
កាលដែលក្មួយៗកំពុងធ្វើការងារនៅតាមរោងចក្រ សហគ្រាស ហើយបន្តិចទៀត ពូក៏សូមចូលរួមអបអរសាទរក្នុងនាមរាជរដ្ឋាភិបាល ជាមួយនឹងការដែលក្មួយៗត្រូវបានដំឡើងបៀវត្ស ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ គឺចាប់ពី ១៥៣ ដុល្លារ ទៅកាន់ ១៧០ ដុល្លារ នៅពេលខាងមុខ សូមអបអរសាទរ! ប្រទេសនេះ មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាទេ។ សន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស គឺនៅតែបន្តដោយគ្មានការអល់អែក។ យើងនឹងធ្វើដំណើរទៅមុខជាមួយគ្នានៅក្នុងស្ថានភាពដូចនេះ ហើយថ្ងៃនេះ យើងធ្វើនៅក្នុងទីតាំង នៅទីកន្លែងមួយដែលមានកន្លែងតារាងបាល់ផង។ អញ្ចឹងបានសេចក្ដីថា អ្នកទាត់បាល់នៅតែទាត់ អ្នកណាចង់ទៅណាជារឿងរបស់គេ ជាសិទ្ធិរបស់គេ ប៉ុន្តែសិទ្ធិរបស់យើង សិទ្ធិធ្វើការងារ ទទួលផលប្រយោជន៍។
បន្តចុះជួបកម្មករក្នុងតំណែងនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀត
ថ្ងៃនេះ ខ្ញុំជួបជុំជាមួយនឹងការបន្តអ្វីដែលខ្ញុំបានគ្រោងទុករួចមកហើយ។ សប្ដាហ៍នេះ យើងធ្វើការងារ នៅថ្ងៃអាទិត្យ យើងជួបប្រធានក្រុម ប្រធានផ្នែក ដែលក្នុងហ្នឹងមានជាង ៤០០ នាក់។ នៅក្នុងចំណោមនេះ ក៏ធ្លាប់ទៅចូលរួមនៅឯកោះពេជ្ររួចហើយ មានប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក និងប្រធានក្រុម។ ថ្ងៃពីម្សិលមិញនេះ មកសួរសុខទុក្ខចំពោះកម្មករនៅតាមរោងចក្រ ព្រោះបើយើងជួបជុំគ្នាហើយ បានយើងនៅតាមរោងចក្រ គឺពេលវេលាវាខ្លីពេក រហូតទៅដល់កម្មករនឹងមិនអាចមានពេលដើម្បីនឹងទទួលទានអាហារផង។ ឯថ្ងៃនេះ យើងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ហើយដែលក្នុងនោះ សូមស្វាគមន៍ក្មួយៗទាំង ៣៤៩ នាក់ ដែលមានផ្ទៃពោះ។ បន្តិចទៀត ខ្ញុំនឹងជួបដោយផ្ទាល់ និងផ្ដល់ជំនួយឧបត្ថម្ភដោយផ្ទាល់ សម្រាប់ក្មួយៗ ហើយពេលនោះ យើងអាចថតរូបជាមួយគ្នាថែមទៀត។ សង្ឃឹមថា អ្នកទាំងឡាយគឺមិនច្រណែនជាមួយអ្នកដែលមានផ្ទៃពោះទេ ព្រោះគាត់មានផ្ទៃពោះ បើយើងមានផ្ទៃពោះដែរ យើងមកអង្គុយត្រង់ហ្នឹងដែរហើយ អាហ្នឹងគង់មានថ្ងៃក្រោយទេ។
ពេញមួយអាទិត្យក្រោយ នឹងមិនមានជំនួបទេ
ថ្ងៃអាទិត្យនេះ យើងនឹងមានការជួបជុំជាមួយនឹងកម្មករ/ការិនីដែលជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ នៅឯកោះពេជ្រ។ ប៉ុន្តែខ្ញុំសូមអធ្យាស្រ័យទុកជាមុន ចាប់នៅក្នុងអាទិត្យក្រោយ គឺពេញមួយអាទិត្យតែម្ដង នឹងមិនមានជំនួបទេ ដោយសារពូមានធុរៈផ្ទាល់ បន្ថែមដោយការធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងកិច្ចសន្ទនារបស់បក្សនយោបាយ ហើយក៏ត្រូវធ្វើដំណើរត្រឡប់មកវិញអោយទាន់នៅថ្ងៃទី ២ ខែធ្នូ ហើយចុះចតនៅព្រលានយន្តហោះសៀមរាបតែម្ដង។ ដល់ថ្ងៃអាទិត្យ ចំថ្ងៃ ១៥ កើត ខែមិគសិរ ពេលនោះ យើងនឹងចាប់ផ្ដើមនូវពិធីបុណ្យដ៏ធំនៅទីនោះ ដែលសុំអំពាវនាវ សុំជម្រាបជូនជាព័ត៌មានទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើដំណើរទៅកម្សាន្តសប្បាយនៅឯទីនោះ (ខេត្តសៀមរាប អង្គរវត្ត) និងមានសិល្បៈលេងកម្សាន្ត រួចហើយព្រឹកឡើងធ្វើពិធីសាសនា។ ល្ងាចធ្វើពិធីសាសនា ច្រើនតែចាស់ៗទេ ឯក្មេងៗគិតពីមើល(សិល្បៈ)គេលេងសប្បាយរបស់គេហ្នឹងទៅ។ អាហ្នឹងជាការសប្បាយរីករាយមួយរបស់ប្រទេសរបស់យើង។
កាលៈទេសៈផ្សេងគ្នា ដោះស្រាយបញ្ហាផ្សេងគ្នា
រយៈពេលកន្លងទៅ ខ្ញុំគិតថា យើងបានដោះស្រាយការងារជាមួយគ្នាច្រើនណាស់ហើយ គឺក្មួយៗប្រហែលជាបានដឹង សូម្បីតែបញ្ហាអំពីបញ្ហាដំឡើងបៀវត្សអប្បបរមាសម្រាប់ឆ្នាំ ២០១៨ ក៏បានធ្វើរួចរាល់ដែរ។ ក្រៅពីនោះ ក្របខណ្ឌគោលនយោបាយមួយចំនួន ក៏ត្រូវបានដោះស្រាយសម្រាប់ក្មួយៗជាកម្មករ/ការិនីរបស់យើង ដូចជាអម្បាញ់មិញ ក្មួយម្នាក់បានប្រាប់ថា អរគុណណាស់! ដែលថ្លៃទឹក ថ្លៃភ្លើងបានចុះ។ នោះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាមួយនឹងសុខទុក្ខរបស់កម្មករ/ការិនីរបស់យើង។ ពូមានភារកិច្ចនឹងដើរត្រួតពិនិត្យមើលនូវអ្វី ដែលជាបញ្ហាប្រឈម សម្រាប់ការដោះស្រាយបញ្ហានេះ។ បើទោះបីកន្លងទៅ ពូបានធ្វើដំណើរតិច មិនទាន់បានច្រើនទូលំទូលាយដូចជាពេលនេះ ដោយសារស្ថានភាពដំណាក់កាលមួយៗ វាមិនដូចគ្នាទេ។ ដំណាក់កាលសង្រ្គាម យើងត្រូវគិតគូរពីការទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ម្ខាងទៀត ក៏ត្រូវរិះរកធ្យោបាយដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាមនេះ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ។
បន្ទាប់ទៅ វិស័យស្បៀង គឺជាវិស័យអាទិភាពសម្រាប់ការចិញ្ចឹមមនុស្ស យើងក៏ផ្ដោតការយកចិត្តទុកដាក់ទៅលើវាលស្រែ ទៅលើទំនប់ទឹក ប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហាកសិកម្មរបស់យើង។ ឥឡូវដំណាក់កាលថ្មី នៃការអនុវត្តគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ យើងមានឱកាសដើម្បីជួបជុំជាមួយនឹងកម្មករ/ការិនី ដែលខ្ញុំសុំបញ្ជាក់សាជាថ្មីថា នៅក្នុងពេលវេលាដែលពូបន្តនៅក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីដល់រយៈពេល ១០ ឆ្នាំទៀត ពូនឹងធ្វើដំណើរទាំង ១០ ឆ្នាំនេះតែម្ដង ដើម្បីជួបជាមួយនឹងកម្មករ/ការិនីរបស់យើង។
ពីអត្រាភាពក្រីក្រ អាចទាបជាង ១៣% ឆ្នាំ ២០១៤ បើធ្វើអង្កេតឡើងវិញ
យើងត្រូវដឹងថា នៅក្នុងប្រទេសមួយ សេដ្ឋកិច្ចលូតលាស់ វាមិនមែនគ្រាន់តែបញ្ហាធ្វើកសិកម្មមួយគ្រប់គ្រាន់ទេ។ ប៉ុល ពត បានប្រើពាក្យថា មានស្រូវ គឺមានអ្វីៗទាំងអស់។ គេបំផ្លាញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសរបស់យើង។ ក៏ប៉ុន្តែ ទន្ទឹមនឹងផ្ដល់អាទិភាពការបន្តការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ដែលប្រទេសយើងមិនអាចមើលរំលងវិស័យកសិកម្មបានទេ ប៉ុន្តែយើងក៏មិនត្រូវភ្លេចទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងវិស័យសេវា។ ដូចជាបញ្ហាទេសចរ បញ្ហាហិរញ្ញវត្ថុ បញ្ហាធនាគារ និងបញ្ហាដទៃទៀត ដែលទាក់ទងជាមួយនឹងវិស័យសេវា។ ទិដ្ឋភាពផ្នែកទាំង ៣ នេះ គឺត្រូវតែបូកបញ្ចូលគ្នា ដើម្បីការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច ដែលយើងធ្វើក្នុងរយៈពេលកន្លងទៅ ចាប់ផ្ដើមពីប្រទេសដែលមានប្រាក់ចំណូលទាប អត្រានៃភាពក្រីក្រមានដល់ ១០០%។ ឥឡូវអត្រានៃភាពក្រីក្ររបស់យើង បានធ្លាក់មកនៅ ១៣% នៅក្នុងឆ្នាំ ២០១៤។ យើងមិនទាន់បានធ្វើអង្កេតឡើងវិញទេ។ ក៏ប៉ុន្តែពេលនេះ បើសិនជាការធ្វើអង្កេតឡើងវិញ ចំនួនអត្រានៃភាពក្រីក្រអាចធ្លាក់លើសពីនេះ។
កិច្ចការ ២ យ៉ាង ដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ច/មហាវិថីឈ្នះឈ្នះ
ការួមចំណែក ការខិតខំធ្វើរបស់យើងមកដល់ពេលនេះ យើងបានដោះស្រាយការងារច្រើនណាស់ទៅហើយ៖ ទី ១ គឺយើងបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយលុបបំបាត់វា មិនអាចអោយវាវិលត្រឡប់មកវិញ។ តាមរយៈ នៃការដែលយើងបានរំលាយចោលនូវអង្គការចាត់តាំងខាងនយោបាយយោធារបស់ ប៉ុល ពត។ ឯទី ២ យើងក៏បានស្វែងរកនូវសន្ដិភាព បញ្ចប់សង្រ្គាមរួចរាល់មកហើយដែរ តាមរយៈនៃនយោបាយឈ្នះឈ្នះរបស់យើង។ នយោបាយឈ្នះឈ្នះនោះហើយ ដែលអនុញ្ញាតឲ្យយើងមានលទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងអនុវិស័យទាំងអស់។ ហើយខ្ញុំក៏សុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឲ្យបានជ្រាបថា ដោយសារតែយើងបានកសាងវិមានឈ្នះឈ្នះនៅតំបន់ព្រែកតាសេក ហើយយើងបានទិញផ្លូវ និងស្ពានរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ ដែលបានវិនិយោគក្នុងពេលដែលយើងខ្វះទុន ឥឡូវផ្លូវនេះមិនទាន់មានឈ្មោះនៅឡើយទេ។ សាលារាជធានីភ្នំពេញនឹងដាក់ផ្លូវនេះ ដែលតភ្ជាប់ផ្លូវជាតិលេខ ៦ ហើយតភ្ជាប់មកដល់ផ្លូវលេខ ៤ នេះតែម្ដងហៅថាមហាវិថីឈ្នះឈ្នះ។
… កន្លែងនោះវាមកជាប់ជាមួយនឹងវិមានឈ្នះឈ្នះរបស់យើង ហើយបើដាក់ថាផ្លូវវិមានឈ្នះឈ្នះវាវែងពេក។ អញ្ចឹងហៅថាផ្លូវឈ្នះឈ្នះតែម្ដងទៅ ពេលគេចូលមកតាមផ្លូវហ្នឹងគេចូលទៅមើលវិមានឈ្នះឈ្នះ រួចគេឆ្លងស្ពានព្រែកព្នៅ។ ស្ពានព្រែកព្នៅមិនត្រូវបានកែឈ្មោះទេ ព្រោះអញ្ចេះតាមមួយជួរហ្នឹងគឺសុទ្ធតែស្ពានព្រែកក្ដាម រួចហើយស្ពានជ្រោយចង្វា រួចអាមួយទៀតហៅថាស្ពានឬស្សីកែវតែម្ដងទៅ ដល់អានោះឈ្មោះស្ពានព្រែកព្នៅតែម្ដងទៅ។ អាហ្នឹងថាកុំដូរវាថាជាស្ពានឈ្នះឈ្នះអី។ ដាក់តែផ្លូវបានហើយមហាវិថីឈ្នះឈ្នះ រួចអញ្ចឹងវាមកជាមួយគ្នាតែម្ដងទៅ។ អញ្ចឹងទេ នយោបាយឈ្នះឈ្នះផ្ដល់ឱកាសឲ្យមនុស្សគ្រប់រូបនៅកម្ពុជា បានជួបជុំគ្នាដោយគ្មានការបែងចែកទឹកដីទៀតទេ ហើយស្ថានភាពនោះវាអំណោយផលសម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។
សុខដុមនីយកម្មក្នុងក្របខណ្ឌនៃវិស័យកាត់ដេរ
ទាក់ទងទៅក្នុងវិស័យឧស្សាហកម្ម ពូដើរដោះស្រាយក្នុងរយៈពេលកន្លងទៅ ដើម្បីរួមចំណែកពិនិត្យមើលអំពីស្ថានភាពនេះ ដើម្បីជម្រុញការអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលជាផ្នែកមួយជួយជម្រុញកំណើនសេដ្ឋកិច្ចធ្វើឲ្យប្រទេសរបស់យើងមានការលូតលាស់។ ខ្ញុំសុំយកឱកាសនេះ អរគុណជាមួយម្ចាស់រោងចក្រ អរគុណជាមួយក្មួយៗជាកម្មករ/ការិនី រាប់ទាំងអ្នកគ្រប់គ្រង ជាប្រធានរដ្ឋបាល ជាជំនួយការ ជាប្រធានផ្នែក ជាប្រធានក្រុម ដែលកន្លងទៅ ឥឡូវកំពុងតែចេញផលហើយ ផ្លែផ្កា នៃសុខដុមនីយកម្មនៅតាមរោងចក្រ។ គ្មានការប្រឈមមុខណាមួយ ដែលអាចផ្ដល់សេចក្ដីសុខឲ្យយើងសម្រាប់ដំណើរការ រាប់ទាំងថៅកែ បើសិនជាកម្មករមិនសប្បាយចិត្ត ក៏ការងារនោះវាមិនទៅមុខ។ ឯកម្មករប្រសិនបើថៅកែរោងចក្រគេដករោងចក្រចេញ ក្មួយក៏ត្រូវបាត់បង់ការងារដែរ។ ដូច្នេះ ការសាមគ្គីគ្នានៅក្នុងក្របខណ្ឌរោងចក្រ រវាងម្ចាស់រោងចក្រ កម្មករ ក៏ដូចជាជាមួយនឹងផ្នែកស្ថាប័នពាក់ព័ន្ធត្រូវបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
ពិតមែនហើយវាមិនទាន់គ្រប់គ្រាន់តាមតម្រូវការបស់យើងទេ ក៏ប៉ុន្តែមួយជំហានម្ដងៗលើមូលដ្ឋាននៃការយោគយល់នេះ វាល្អប្រសើរខ្លាំងណាស់។ ជីវភាពរបស់កម្មករ/ការិនីរបស់យើងក៏ត្រូវបានកែលំអជាបន្តបន្ទាប់។ តែពូសុំទទួលយកនូវការសប្បាយរីករាយជាមួយក្មួយៗ ដែលតាមធម្មតាអ្នកដែលធ្វើការ ក្រៅពីប្រាក់ខែគោល នៅមានរបបឧបត្ថម្ភដទៃទៀត ដែលម្សិលមិញនេះពូមានឱកាសច្រើននៅក្នុងរោងចក្រ ដើម្បីសួរនាំអំពីប្រាក់ចំណូល។ ហើយអ្នកដែលទៅកោះពេជ្រ គឺមានក្របខណ្ឌមួយផ្សេង ដែលប្រាក់ខែតែងតែខ្ពស់។ មានមួយនោះ ថ្ងៃមុន ខ្ញុំភ្ញាក់ដែរ។ រៀនអាហារូបករណ៍របស់នាយករដ្ឋមន្រ្ដី ចប់បរិញ្ញាហើយទៅធ្វើការនៅក្នុងរោងចក្រទទួលបានប្រាក់ខែ ៤៥០ ដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះទទួលអាហារូបករណ៍របស់ ហ៊ុន សែន រួចហើយទៅធ្វើការនៅតាមរោងចក្រ គាត់មិនស្វះស្វែងទៅធ្វើមន្រ្ដីរាជការ(ទេ) ទៅតាមរោងចក្រ ប្រាក់ខែច្រើនស្មើនឹងអនុរដ្ឋលេខាធិការទៅហើយ។
កម្មការិនីរើសប្តី ព្រោះមានប្រាក់ចំណូលជាង ២០០ ដុល្លារទៅហើយ
… ក្មួយជាកម្មការិនីនៅតាមរោងចក្រគឺទទួលបានបៀវត្សទាំងអស់ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹងបានគេថានារីរោងចក្រឥឡូវរើសប្ដីណាស់។ ត្រូវ។ ត្រឹមត្រូវ។ ពូគាំទ្រ។ រើសបន្តិចក្មួយ។ … បុរសៗជាយុវជនត្រូវប្រុងប្រយ័ត្ន។ តិចថារកប្រពន្ធមិនបាន តាំងច្រៀងហើយរំដួលដូរដី។ គេមិនមែនដូរដីដូរស្អីទេ ក៏ប៉ុន្តែមកពីយើងនេះវាអត់កំណើត។ អ្នកណាទៅយក? មិនថាយើងមានប្រាក់ខែដល់ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក អត់មានប្រាក់ខែក៏មិនយកលោកឯងដែរ បើលោកឯងតែសេពគ្រឿងញៀន ដើរតែផឹកត្រលប់មកផ្ទះវាយប្រពន្ធហ្នឹង។ … សុំផ្ដាំផង បើទោះបីថាឆ្នាំអីក៏ដោយ ការហើយឲ្យនៅតែឆ្នាំហ្នឹងដដែល កុំឲ្យប្រែក្លាយទៅជាឆ្នាំខ្លា។ ត្រលប់មកវិញរៀបចំសុទ្ធតែត្រកួនឲ្យប្ដីស៊ី ប្ដីសួរថាម៉េចសុទ្ធតែត្រកួន ហើយឆ្លើយមកវិញថាក្រែងឯងជាទន្សាយអី? បងជាទន្សាយទៅច្រៀងនឹងគេ ស្រាប់តែមកវិញប្រពន្ធឲ្យស៊ីត្រកួន។
អំណាចរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចកាន់តែខ្ពស់
ប៉ុន្តែមានចំណុចពិសេសមួយ ដែលខ្ញុំគិតថាក្រសួងកិច្ចការនារី ហើយក៏ដូចជាអ្នកដែលទទួលខុសត្រូវលើបញ្ហាយេនឌ័រ នៅតែប៉ុន្មានខែខាងមុខនេះ ក្រុមប្រឹក្សាជាតិដើម្បីស្រ្ដី ដែលមានសម្ដេចព្រះមាតាជាព្រះប្រធានកិត្តិយស ហើយខ្លួនខ្ញុំជានាយករដ្ឋមន្រ្ដីជាអនុប្រធានកិត្តិយសត្រូវដឹកនាំការប្រជុំ។ ពេលហ្នឹងមានសូចនាករតាមដាន អំពីការពង្រឹងតួនាទីរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច។ ឥឡូវនេះ ក្មួយៗជាកម្មការិនី ភាគច្រើននៅតាមបណ្ដារោងចក្រជាស្រ្ដី។ ដូច្នេះអំណាចរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចកាន់តែខ្ពស់ទៅហើយ។ អញ្ចឹង បុរសៗត្រូវតែមានការប្រុងប្រយ័ត្ន ខ្លួនអត់មានការងារធ្វើមកពឹងពាក់លើប្រពន្ធ រួចហើយថែមទាំងមិនព្រមដាំបាយ (មិនព្រម)ថ្នមប្រពន្ធទៀត អាហ្នឹងយ៉ាប់ហើយ។ កុំថាប្រពន្ធចិត្តមិនបានណា។ ស្រ្ដីរបស់យើងស្លូតណាស់ ហើយម៉្យាងទៀតគឺការដែលស្រ្ដីមានតួនាទីក្នុងវិស័យសេដ្ឋកិច្ចនេះ ផ្ដល់ឱកាសងាយស្រួល ព្រោះថាបុរសៗភាគច្រើនណាស់ ដែលចាយលុយមិនដឹងអស់។ ប៉ុន្តែស្រ្ដីសក់មួយច្រៀកជាដប់ លុយណាទុកចិញ្ចឹមកូន លុយណាទុកធ្វើអ្វី។ ឥឡូវនេះ សម្រាប់ក្មួយៗស្រ្ដីដែលនៅលីវ សន្សំទិញមាស សន្សំទិញរបស់របរ ហើយប្រើប្រាស់ថវិកានោះសម្រាប់ផ្ញើទៅឪពុកម្ដាយនេះ គឺជាចំណុចល្អដែលយើងត្រូវខិតខំបន្ដ។ ការដោះស្រាយទាក់ទងនឹងការវិនិយោគមក មានចំណែកភាគច្រើន ដើម្បីដោះស្រាយការងារធ្វើឲ្យស្រ្ដីរបស់យើងតែម្ដង។
គណបក្សប្រជាជនកម្ពុជាជាអ្នកកសាងសមិទ្ធផលនានាក្នុងវិស័យកាត់ដេរ
ក្មួយៗត្រូវចាំថា អ្វីដែលក្មួយៗមាននៅក្នុងដៃសព្វថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនបានមកដោយសារបក្សប្រឆាំងនោះទេ។ បក្សប្រឆាំងកំពុងតែបន្តអំពាវនាវឲ្យប្រទេសក្រៅបញ្ឈប់ការទិញទំនិញពីកម្ពុជា។ ខ្លួនឯងធ្វើខុសច្បាប់ គេកាត់ទោសខ្លួនឯង (ហើយ)ទៅអំពាវនាវ(អញ្ចឹង)។ តើ(វានឹង)សម្លាប់ ហ៊ុន សែន ឬសម្លាប់អ្នកណា? ក្មួយៗចាំឲ្យច្បាស់ បើមានការកាត់បន្ថយការបញ្ជាទិញណាមួយ គឺជាកំហុសរបស់បក្សប្រឆាំងទាំងអស់។ វាមិនមែនស្លាប់ ហ៊ុន សែន ទេ តែវាស្លាប់កម្មករគឺស្លាប់ក្មួយៗនេះឯង។ ប៉ុន្តែ ខ្ញុំគិតថាប្រទេសនានា គេក៏អាចយល់បានអំពីសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ប្រទេសកម្ពុជា ជាប្រទេសកម្ពុជាដែលមានឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដីពេញលេញ។
ប្រទេសកម្ពុជា មានទំនាក់ទំនងជាដៃគូពាណិជ្ជកម្មជាមួយប្រទេសនានានៅក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអន្ដរជាតិ។ យើងមិនអាចពឹងពាក់តែជាមួយអ្នកណាមួយនោះទេ ប៉ុន្តែបើប្រៀបធៀបក្នុងទសវត្សរ៍ ៨០ និងដើមទសវត្សរ៍ ៩០ គេហ៊ុំព័ទ្ធសេដ្ឋកិច្ចយើងជិតឈឹង។ ប៉ុន្តែពេលនោះ យើងនៅតែរស់បាន។ ឥឡូវនេះ តើយើងអាចរស់បានតទៅទៀតទេ? មិនទាន់មានបញ្ហាទាក់ទងជាមួយនឹងការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជាទេ។ ហើយការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជាវាមិនមែនងាយស្រួលដូចបកចេកនោះទេព្រោះកម្ពុជាក៏មានទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងការនាំទំនិញចេញ នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា។ ដែលហៅថាពាណិជ្ជកម្មមានទៅមានមក មិនមែនមានតែទៅហើយអត់មកទេ។ ពិតមែនតែកំលាំងយើងតូច ក៏ប៉ុន្តែ យើងក៏ជាប្រភពនៃទីផ្សាររបស់គេដែរ។ គេក៏លក់ទំនិញមកយើង យើងក៏លក់ទំនិញទៅគេ។ ដូច្នេះហើយបានជាយើងត្រូវបន្ដការខិតខំ យើងធ្វើលើរឿងនេះបានច្រើនណាស់។
ធ្វើពីរោងចក្រតិច កម្មករតិច ប្រាក់ឈ្នួលតិច រហូតដល់ច្រើនសព្វថ្ងៃ
យើងអភិវឌ្ឍតាំងពីស្ថានភាពដ៏លំបាក តាំងពីការចាប់ផ្ដើមនៃដំណើរការរោងចក្រសហគ្រាសនៅកម្ពុជា គិតត្រឹមឆ្នាំ ១៩៩៧ រោងចក្រមានតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨២.០០០ នាក់ និងប្រាក់ឈ្មួលអប្បបរមាពេលនោះមានតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ ហើយអ្នកមុនហ្នឹងទៅទៀត ត្រឹមតែ ៣៥ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែឥឡូវប្រាក់ឈ្មួលរបស់កម្មករ/ការិនីនៅពេលនេះមានរហូតទៅ ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ហើយនៅឆ្នាំ ២០១៨ ឥឡូវ ថ្ងៃ ២២ អញ្ចឹងយើងនៅបាំង ៣៨ ថ្ងៃ ទៀតតែប៉ុណ្ណោះ ប្រាក់បៀវត្សរបស់ក្មួយៗឡើងដល់ទៅ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ឡើងឆ្នាំនេះឡើងខ្ពស់ណាស់ ឡើង ១៧ ដុល្លារសហរដ្ឋអាមេរិក គឺស្មើនឹងជាង ១០% នៃការតម្លើងបៀវត្ស ហើយឡើងមិនមែនឡើងសម្រាប់តែឆ្នាំនេះទេ ឡើងរាល់ឆ្នាំ។ ក្មួយៗត្រូវចាំថាប្រាក់បៀវត្សអប្បបរមារបស់ក្មួយៗ គឺនឹងឡើងជារៀងរាល់ឆ្នាំតាមយន្ដការត្រីភាគី។
យើងបានប្រឹងប្រែងធ្វើរហូតមកពេលនេះជាមួយនឹងរោងចក្រដែលមានរាប់សិប។ ឥឡូវរោងចក្រ និងសហគ្រាសនៅទូទាំងប្រទេសរបស់យើងមានទៅដល់ជាង ១១.០០០ ដោយឡែកក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងមាន ១.១០០ រោងចក្រជាង ដែលផ្ដល់ឱកាសការងារសរុបទាំងអស់ជាង ១ លាននាក់ បូកនឹងកម្មករក្រៅប្រព័ន្ធ យើងមានកម្មករទាំងអស់ប្រមាណជា ៤ លាននាក់ ដែលកំពុងធ្វើការ នេះមិនទាន់រាប់ចំពោះកម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅប្រទេសក្រៅ ដែលបញ្ចូនប្រាក់មកក្នុងប្រទេសក្នុងមួយឆ្នាំប្រមាណជាង ២០០០ លានដុល្លារសហរដ្ឋអាមេរិកថែមទៀតផង។
ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីគឺជាកត្តាដែលនាំឲ្យកម្ពុជាមានការអភិវឌ្ឍ
យើងបានធ្វើដំណើរមកដល់ទីនេះ ដោយសារប្រទេសយើងមានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី យើងមានឯករាជ្យភាពខាងនយោបាយ ប៉ុន្តែយើងមិននឹកដល់សោះថា (មាន)អ្នកដែលឱនក្បាល(ធ្វើ)ខុសពីរដ្ឋធម្មនុញ្ញ ដើម្បីឲ្យបរទេសមកត្រួតត្រាបំផ្លាញយើង។ ជាភ័ព្វសំណាងរបស់កម្ពុជាដែលយើងរកឃើញនូវអំពើក្បត់បំផ្លាញប្រទេសរបស់យើង។ បើសិនជារឿងនេះ (មិន)ត្រូវបានរកឃើញតាំងពីពេលនោះ ប្រហែលជាប្រទេសយើងនឹងខ្ទេចខ្ទាំហើយ។ គេបានកំណត់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្រដើម្បីផ្ដួល ហ៊ុន សែន … បើខ្ញុំឃើញពីថ្ងៃហ្នឹងបានសេចក្ដីថា ពេលហ្នឹងគឺចប់ហើយ។ សង្រ្គាមផ្ទុះ ឬក៏អ្នកឯងត្រូវតែងាប់អញ្ចឹងតែម្ដង … អ្នកឯងមិនរួចខ្លួនទេ។
… សុំកុំមកក្បែរប្រទេសអាស៊ីខ្លាំងពេក។ ធម្មតាការបញ្ជូនចារកម្មចេញដើម្បីចាប់ខ្លួនអ្នកឯង។ ចាប់បានទេតើ! រឿងអ្វីដែលអ្នកឯងអំពាវនាវកងទ័ពឲ្យបែរអាវុធមកប្រឆាំងរដ្ឋាភិបាល? រឿងអ្វីដែលអ្នកឯងដាក់ឱសានវាទដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់? តើនេះជាទោសក្បត់ជាតិ ឬជាទោសអ្វី? ហើយទោសក្បត់ជាតិនេះវាមិនមែនមានតែនៅស្រុកខ្មែរទេ នៅអាមេរិកមកដល់ម៉ោងនេះដូចជាចាប់ ៣ នាក់ហើយ ពីបទក្បត់ជាតិឃុបឃិតជាមួយរុស្សីដើម្បីលួចទិន្នន័យពីការបោះឆ្នោត។ ដូណាល់ ត្រាំម៍ ប្រធានាធិបតីអាមេរិក មិនទាន់រួចខ្លួនទេ មិនទាន់ក្លាយទៅជាប្រធានាធិបតីផ្លូវការនៅក្នុងកែវភ្នែកមនុស្សមួយចំនួនទេ។ ចាប់ប្រធានយុទ្ធនាការបោះឆ្នោតរបស់ ដូណាល់ ត្រាំម៍ ចោទពីទោសក្បត់ជាតិឃុបឃិតជាមួយរុស្សី។ តើយើងមានសិទ្ធិចាប់មនុស្សដែលឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេ?
… អ្នកឯងអនុវត្តស្តង់ដាប៉ុន្មានទៅ? នៅអាមេរិកមានសិទ្ធិនឹងចាប់ ហើយចោទប្រកាន់ថាក្បត់ជាតិ ដោយសារតែបានគាំទ្រប្រធានាធីបតី ដូណាល់ ត្រាំម៍ ហើយគេចោទថា ឃុបឃិតជាមួយប្រធានាធិបតីរុស្ស៊ី គេចោទថាក្បត់ជាតិ។ ចុះនៅកម្ពុជា ឃ្លីបវីដេអូបានបញ្ជាក់ថា គេឲ្យខ្ញុំទៅធ្វើនេះ គេឲ្យខ្ញុំទៅធ្វើនោះ គេឲ្យខ្ញុំយកគំរូតាម Serbia និង Yugoslavia ខ្ញុំមិនមែនធ្វើតាមចិត្តឯងទេ។ គេបញ្ជូនសាស្ត្រាចារ្យមកបង្រៀនឲ្យធ្វើនេះធ្វើនោះ។ មេដឹកនាំប្រទេសគ្រាន់តែក្នុងការស្បថចូលកាន់តំណែង កថាខណ្ឌដែលព្រះរាជបិតាជាតិបានទ្រង់ឡាយដោយខ្លួនឯង ទ្រង់សរសេរដោយខ្លួនឯង នូវចំណុចនេះសំខាន់ណាស់ ដែលមិនទុកឲ្យបរទេសមកបង្គាប់បញ្ជានយោបាយក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្តែ រឿងនេះ ហេតុអីបានជាកម្ពុជាទៅជាអ្នកខុស?
ប៉ុន្តែ មិនមែនទាំងអស់គ្នាថា កម្ពុជាខុសទេ។ ខ្ញុំបានទទួលព័ត៌មានពី ណៃពិដោរ នៃការប្រជុំអាស៊ី-អឺរ៉ុប ជំហរវាមិនដូចគ្នាពីប្រទេសមួយទៅកាន់ប្រទេសមួយ។ ប្រទេសខ្លះដោយគិតគូរទៅលើឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន គឺគេក៏បានផ្តល់នូវយុត្តិធម៌ឲ្យ មិនត្រឹមតែផ្តល់យុត្តិធម៌ទេ គេគាំទ្រចំណាត់ការផ្លូវច្បាប់របស់យើង ដើម្បីធានាឲ្យមានសន្តិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍទៅវិញ។
គណបក្សប្រឆាំងរិះរកគ្រប់មធ្យោបាយដើម្បីឲ្យ គ.ជ.ប មានការជាប់គាំង
យើងបន្តលើរឿងនេះ ហើយក៏សូមគូសបញ្ជាក់ ខ្ញុំគួរតែរំលឹករឿងគួរឲ្យអស់សំណើច តើគេអាចក្លាយទៅជាមេដឹកនាំប្រទេសមួយបានទេ បើល្ងង់ម្លឹងៗ? ឆ្នាំ ២០០៨ មកតថ្លៃជាមួយនឹងខ្ញុំនៅឯពោធិចិនតុងតែម្តង។ គេឆ្លៀតដឹងថា ព្រះមហាក្សត្រយាងទៅក្រៅប្រទេស គេឆ្លៀតទៅហ្នឹង ២ នាក់ មកនិយាយជាមួយខ្ញុំ គេថា ខ្ញុំអត់ចូលប្រជុំ ព្រោះវាខុសនឹងមាត្រា។ បើខ្ញុំមិនចូលប្រជុំ វាខុសនឹងមាត្រាទី ៧៦ ដែលចែងថា «សភាត្រូវមានអាសនៈយ៉ាងតិច ១២៣»។ បានខ្ញុំចង្អុលមុខ នែ! កុំមកចង់តថ្លៃ។ ពេលហ្នឹងគេចង់ទារយកគណៈកម្មាធិការប៉ុន្មាន។ បានខ្ញុំថា នែ! ខ្លួនឯងមានប៉ុន្មានកៅអីហ្នឹង បានមកទារយកប៉ុណ្ណឹង? និយាយពីបញ្ហាសភានេះ គេនិយាយអំពីការបង្កើតសភា ដែលបោះឆ្នោតទៅ មិនឲ្យតិចជាង ១២៣ បើតិចជាង ១២៣ ទើបវាខុសច្បាប់ ទើបវាខុសរដ្ឋធម្មនុញ្ញ។
… ដល់ចុងឆ្នាំ ២០១២ គេឲ្យសមាជិកសភាលាលែង ៣ នាក់ ដើម្បីធ្វើឲ្យសភាខ្វះចំនួន ១២៣ ដើម្បីកុំឲ្យអនុម័តច្បាប់ថវិកាឆ្នាំ ២០១៣ បាន។ គេឲ្យមនុស្ស ៣ នាក់លាលែងពីតំណែង អោយសភានៅសល់តែ ១២០ បូកនឹងខ្លួនគេម្នាក់ទៀត នៅសល់តែ ១១៩។ ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញគេបានបកស្រាយហើយតើថា សភាបើសិនជាបោះទៅ កំណត់កៅអីនៅទូទាំងប្រទេស ១២៣ បើបោះទៅវាជាប់បានតែ ១២០ អាហ្នឹងទើបសភាមិនគ្រប់ទឹក។ ប៉ុន្តែ បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគេប្រកាសថាមាន ១២៣ ហើយ ចង់អ្នកឯងទៅនៅឯណា ទៅៗ។ គេធ្វើការហើយ។
កន្លងទៅ ដល់ធ្វើអីវាមិនឈ្នះ ព្រះមហាក្សត្រកោះប្រជុំ គេនាំគ្នាទៅស្បថនៅអង្គរវត្ត ដើម្បីថាកុំឲ្យសភាគ្រប់ទឹក ប៉ុន្តែសភានៅតែគ្រប់ទឹកហ្នឹង។ ព្រះមហាក្សត្រព្រះអង្គត្រូវតែបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ គឺសភាកោះប្រជុំយ៉ាងយូរ ៦០ ថ្ងៃ ក្រោយការបោះឆ្នោត ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ អញ្ចឹងទោះបីមាន ១ នាក់ ក៏ព្រះមហាក្សត្រត្រូវតែកោះដែរ កុំឲ្យព្រះមហាក្សត្រ ព្រះអង្គខុស។ អ្នកឯងចូល ឬមិនចូលរឿងរបស់អ្នកឯង។ ពេលដែលគេមិនចូល គេថាសភាទឹកកន្លះក្អម។ ដល់ពេលគេចូល គេថា សភាទឹកពេញក្អម។ ឥឡូវធ្វើម៉េច? ឥឡូវ ប៉ុន្មានថ្ងៃនេះ អំពើឆ្កួតៗមួយទៀតបានកើតឡើង គេចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគាំង។ គេឲ្យមនុស្ស ៣ នាក់លាលែង។
… គេមិនដែលរៀបចំស្អីឲ្យវាគាំងទេ។ សូមចំណាំចុះ។ នៅពេលណាដែលមានការរៀបចំច្បាប់ ដែលមានការចូលរួមពីគណបក្សប្រជាជន ច្បាប់នោះមិនដែលទុកឲ្យគាំងទេ។ ដំណើរការនៅធម្មតា។ ឥឡូវ កាន់តែបង្ហាញច្បាស់ថា ចរិតដែលគេឲ្យមនុស្សលាលែង កាលណាចូលទៅក្នុងគណៈកម្មាធិការបោះឆ្នោត គឺគេឲ្យមនុស្សលាលែងចេញពីបក្ស ប៉ុន្តែឥឡូវដើម្បីបង្ហាញនូវការស្មោះត្រង់ជាមួយបក្សដែលបានលាលែងរួចមកហើយ។ គេបានលាលែងពីគណៈកម្មាធិការបោះឆ្នោត តើគេស្មោះត្រង់ជាមួយជាតិ ឬស្មោះត្រង់ជាមួយបក្ស?
គួររើសសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សដទៃ និងអង្គការក្រៅរដ្ឋាភិបាលមកបំពេញ គ.ជ.ប
… មិនថ្វីទេ បោះឆ្នោតនៅតែបោះឆ្នោត ហើយ ៣ នាក់នោះនឹងត្រូវជ្រើសរើស។ គេបើកច្រក ឲ្យមានការជ្រើសរើស ដើម្បីបំពេញបន្ថែម ដែលខ្ញុំគិតថា ក្រៅពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគេហៅថាគណបក្សកាន់អំណាចមិនគួរចូលលូកលាន់បន្ថែមទេ គួរតែគណបក្សហ្វ៊ុនស៊ិនប៉ិច អាចមានម្នាក់ ហើយមកធ្វើអនុប្រធានតែម្តងទៅ។ ហើយក្រៅពីនោះ ដូចជាគណបក្សសញ្ជាតិកម្ពុជាដែលបាន ២ អាសនៈដែរនោះ គួរតែជូន ១ ទៅ ហើយក្រៅពីនោះ យកពីអង្គការក្រៅរដ្ឋាភិបាល ១ ទៅ។ អានេះគ្រាន់តែយោបល់ខ្ញុំទេ ព្រោះខ្ញុំក៏មានសិទ្ធិបោះឆ្នោតមួយសំលេងដែរនៅក្នុងសភា។ … សម្រាប់ការជឿទុកចិត្ត យើងផ្តល់ឱកាសឲ្យបក្សក្រៅរដ្ឋាភិបាល … សភាបោះឆ្នោតតើ មានទាស់ខុសអី អ្នកឯងចង់ព្រាត់ប្រាសទៅណាព្រាត់ប្រាស់ទៅ។ គេបោះឆ្នោតនៅតែបោះឆ្នោត ២៥ ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធសភា, ២៩ កក្កដា បោះឆ្នោតរដ្ឋសភា ហើយបើទោះបីប្រទេសណាមកសង្កេតការណ៍ មិនសង្កេតការណ៍ វាអត់មានតម្រូវការទេ។
មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ ទើបថាបោះឆ្នោតស្របច្បាប់ឯណា ហើយរដ្ឋធម្មនុញ្ញកម្ពុជា ឬក៏ប្រទេសលើពិភពលោក អត់មានតម្រូវការទៅស៊ីញ៉េពីប្រធានាធិបតីពីប្រទេសផ្សេង ទើបស្របច្បាប់ទេ ហើយក៏អត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាអង្គការសហប្រជាជាតិ បានស្របច្បាប់ដែរ។ ប្រហែលជាលើកនេះ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? គណបក្សមួយត្រូវរលាយសិទ្ធិនយោបាយ។ គេកាត់តែ ១១៨ នាក់ទេ ចុះនៅរាប់រយរាប់ពាន់នាក់ទៀត ទៅធ្វើអី? ក្រែងទៅបង្កើតគណបក្ស ដើម្បីចូលរួមប្រកួតប្រជែង។ អញ្ចឹងទេ តិចថាមកថ្ងៃក្រោយ ទារខ្ញុំចូលគណៈកម្មាធិការបោះឆ្នោត។ គ្មានទៅឲ្យទេ។ កុំមកឡាំប៉ា ចូលឬមិនចូលហី ព្រោះមិនខ្វះទេបក្សនយោបាយចូលរួមបោះឆ្នោត។
អាហ្នឹងហើយបងជាទន្សាយនោះ។ តិចទៀត ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច បើសិនមនុស្សនេះនៅក្នុងគណៈកម្មាធិការបោះឆ្នោត ហើយអ្នកដែលត្រូវរំសាយបក្ស គេទៅប្រមូលផ្តុំបង្កើតបក្សថ្មី ឬក៏គេទៅនៅគណបក្សចាស់របស់គេឡើងវិញ គេក៏ចូលរួមបោះឆ្នោត ហើយបើសិនជាមានមនុស្សគេនៅក្នុងគណៈកម្មាធិការបោះឆ្នោត វាបង្កើតបានជំនឿទុកចិត្ត។ ប៉ុន្តែ ឥឡូវអ័កហ្សឺបាត់ទៅហើយ កុំចូលមកវិញ ហើយបើចូលមកវិញ ស្នើឯកឧត្តម ស៊ិក ប៊ុនហុក កុំឲ្យចូលមកវិញអី ខ្ញុំសូមស្នើដោយទទូច …។
ហ៊ុន សែន អោនក្បាលតែចំពោះប្រជាជនកម្ពុជាមួយប៉ុណ្ណោះ
ប៉ុន្តែខ្ញុំសូមបញ្ជាក់ កត្តាកំណត់សម្រេចសម្រាប់ប្រទេសមួយ មិនមែនបរទេសទេ។ បរទេសយើងត្រូវមានសហប្រតិបត្តិការដែលស្មើភាព និងស្មើសិទ្ធិ យើងត្រូវធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ប៉ុន្តែ មិនត្រូវឲ្យគេមកធ្វើចៅហ្វាយរបស់យើងទេ។ ចៅហ្វាយពិតប្រាកដរបស់រាជរដ្ឋាភិបាល ឬរបស់បក្សនយោបាយមួយ គឺប្រជាជន។ ក្នុងនេះ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្លួនខ្ញុំ ខ្ញុំអោនក្បាលតែជាមួយប្រជាជនខ្លួនឯងតែប៉ុណ្ណោះ ខ្ញុំមិនដែលអោនក្បាលជាមួយនឹងបរទេសទេ។ អ្នកជួយ ខ្ញុំក៏យកលុយរបស់អ្នក … អ្នកដកទៅ ហើយចេញឲ្យផុតពីគណៈកម្មាធិការបោះឆ្នោត ដែលបានចេញហើយ គេថាអត់មានលុយ តែដាក់លុយមកទាមទារដាក់មនុស្សៗ ហើយទីចុងបំផុត លុយនឹងបានទៅអ្នកមកហ្នឹង។
ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅធម្មតា ទោះគ្មានជំនួយ
អញ្ចឹងបានសេចក្តីថា អត់ជំនួយរបស់អ្នក ការបោះឆ្នោតនៅតែធ្វើ។ ក្នុងពេលដែលសភាពការណ៍កំពុងវិវត្ត គណៈកម្មាធិការបោះឆ្នោត គេបានចុះឈ្មោះ ឥឡូវអ្នកដែលបានចុះឈ្មោះ គេឡើងដល់ ៩ លាននាក់ប្លាយ។ អញ្ចឹង ៩ លាននាក់ បោះឆ្នោតទៅវាចប់រឿងហើយ។ បោះឆ្នោតរួចហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ បើមានបណ្តឹងតវ៉ា គណៈកម្មាធិការបោះឆ្នោតគឺដោះស្រាយ។ រឿងណាដោះស្រាយមិនចេញ គឺត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ រួចហើយបិទផ្លូវតវ៉ា បញ្ជូនមកគណៈ
កម្មាធិការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ និងប្រកាសបេក្ខជនជាប់ឆ្នោតតែម្តង។
បន្ទាប់ពីនោះនៅសល់អី? នៅសល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ត្រូវកោះប្រជុំរដ្ឋសភា ហើយព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលេខាតែងតាំងនាយករដ្ឋមន្ត្រី ឲ្យផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោតត្រូវបញ្ជូនបេក្ខភាពទៅព្រះមហាក្សត្រ (ដើម្បី)ព្រះអង្គឡាយព្រះហស្ថលេខាឲ្យបង្កើតរាជរដ្ឋាភិបាល។ ដល់ផ្គូរផ្គងពីរាជរដ្ឋាភិបាល សុំការទុកចិត្តពីរដ្ឋសភាៗ សម្រេចហើយ ព្រះមហាក្សត្រឡាយព្រះហស្ថលេខាទទួលស្គាល់ចាត់តាំងរាជរដ្ឋាភិបាលទាំងមូល ចប់សេចក្តីហើយ មិនចាំបាច់អ្នកណាទទួលស្គាល់ ឬមិនទទួលស្គាល់ទេ។
លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស វាកើតតែក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ
… ប្រជាជនកម្ពុជាបាន និងកំពុងនឹងបំពេញភារកិច្ច ហើយនេះក៏បានបង្ហាញ ឲ្យឃើញថា ប្រជាជនកម្ពុជា ជាពិសេស កម្មករ/ការិនី មិនបានរត់ចោលរោងចក្រទេ នៅបន្តរោងចក្រ ព្រោះនេះជាឆ្នាំងបាយក្មួយៗ ឆ្នាំងបាយរបស់កម្មករ/ការិនីរបស់យើង។ ឥឡូវ យើងបានធ្វើដំណើរច្រើនហើយ យើងដោះស្រាយបញ្ហាបានច្រើនណាស់។ យើងត្រូវបន្តជាមួយនឹងការខិតខំបន្ថែមទៀត ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនយោបាយ។ បញ្ហានេះសំខាន់ណាស់ សូមក្មួយៗ និងប្រជាពលរដ្ឋរបស់យើងចាំឲ្យបាន លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស វាកើតតែក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ វាមិនអាចកើតនៅក្នុងផ្ទៃនៃសង្គ្រាមនោះទេ។ ក្មួយៗសព្វថ្ងៃសំណាងណាស់ ដែលកើតក្រោយគ្រាប់ប្លោង ប៉ុន្តែជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗវេទនាណាស់ កាលពីសម័យដើម។ យើងមិនត្រូវឲ្យរឿងរ៉ាវឈឺចាប់ ដែលឪពុកម្តាយ ជីដូនជីតាក្មួយៗកាលពីមុនជួបប្រទះ វិលត្រឡប់មកវិញនោះទេ។
រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាសុវត្ថិភាព និងស្ថេរភាពការងារ
ក្មួយៗត្រូវខិតខំដើម្បីចូលរួមចំណែកកសាង ជាមួយនឹងរក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍ។ ក្មួយៗត្រូវខិតខំចូលរួមចំណែករក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានានូវសុវត្ថិភាពការងាររបស់ក្មួយៗ រាប់ទាំងក្មួយៗត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងម៉េច ធ្វើសុខដុមបនីយកម្មនៅក្នុងក្របខណ្ឌរោងចក្រ សហគ្រាសរបស់ខ្លួន។ បើសិនជារោងចក្រមានបងតូច បងធំ ហើយកាប់គ្នា វាក៏មិនស្ថេរភាពសម្រាប់ការងាររបស់យើងដែរ។ នៅក្នុងបណ្តារោងចក្រ មានក្រុមជួញដូរគ្រឿងញៀន និងកម្មករ/ការិនីរបស់យើងប្រើប្រាស់គ្រឿងញៀន វាក៏មិនអាចមានស្ថេរភាពការងារដែរ។
រក្សាការងារកំពុងមាន និងបង្កើតការងារថ្មី
ក្មួយៗត្រូវបន្តការខិតខំ ដើម្បីរក្សាការងារដែលយើងកំពុងមាន និងយើងទាំងអស់គ្នា ដើម្បីបង្កើតការងារថ្មី ដើម្បីធ្វើឲ្យប្រទេសរបស់យើងកាន់តែរីកលូតលាស់។ ការងារដែលក្មួយៗមានសព្វថ្ងៃ គឺត្រូវតែគ្រប់គ្រងក្តាប់ឲ្យបាន មិនមែនគ្រាន់តែរក្សាការងារនេះទេ ក៏ប៉ុន្តែត្រូវបង្កើននូវផលិតភាពរបស់យើង ដើម្បីឲ្យប្រាក់ចំណូល របស់ក្មួយៗកាន់តែកើនឡើង។ ពេលណាយើងធ្វើការងារល្អ ពេលនោះប្រាក់កម្រៃរបស់យើងទទួលបានក៏កាន់តែខ្ពស់។ វាមិនបញ្ចប់ត្រឹម ១៧០ ដុល្លារទេ។ វានឹងឡើងជាបន្តបន្ទាប់ តែឡើងបានប៉ុន្មាន វាក៏ចំណុះទៅលើស្ថានភាពសេដ្ឋកិច្ចសង្គមទាំងមូល ហើយក្នុងនោះតួអង្គរោងចក្រមួយៗមានតួនាទីសំខាន់។ រោងចក្រខ្លះអនុវត្តត្រឹមតែ ១៥៣ ឬ ១៧០ (ដុល្លារ) ក្នុងពេលខាងមុខ។ ប៉ុន្តែរោងចក្រខ្លះបានឡើងផុតទៅហើយ។
យើងត្រូវបង្កើតការងារថ្មីជាបន្តទៀត ដើម្បីដោះស្រាយការងារធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដែលមិនទាន់មានការងារធ្វើ ហើយដែល(មានកម្មករថ្មី)ត្រូវចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំ ប្រមាណជាង ២៥ ទៅ ៣០ ម៉ឺននាក់។ រាជរដ្ឋាភិបាល ក៏ត្រូវមានការប្រឹងប្រែង ដើម្បីនឹងទាក់ទាញវិនិយោគទុន មកកាន់ប្រទេសកម្ពុជារបស់យើង បើកទីផ្សារខាងក្រៅ នាំផលិតផលកម្ពុជាទៅលក់នៅក្រៅប្រទេស។ ប្រទេសយើង មិនមែនជាប្រទេសផលិតត្រឹមតែផ្គត់ផ្គង់ខ្លួនឯងដូចកាលសម័យដើមទេ។ ប្រទេសរបស់យើងផលិតសម្រាប់ការនាំចេញ រាប់ទាំងវិស័យកសិកម្មដែលពេលនេះ អង្កររបស់កម្ពុជាបានកំពុងចូលទីផ្សារចំនួន ៦០ ប្រទេសរួចស្រេចទៅហើយ។ យើងនឹងបង្កើនចំនួននៃការនាំចេញនេះ តទៅទៀត បើទោះបីជា ៦០ ប្រទេស(ដដែល) តែយើងបង្កើនចំនួនរបស់វា។ ឥឡូវនេះ យើងនាំចេញមិនទាន់ដល់ ១ លានតោនទេ ក្នុងពេលដែលយើងសល់ស្រូវជាង ៥ លានតោន ស្មើនឹងអង្ករជាង ៣ លានតោន។ យើងត្រូវបន្តការខិតខំបែបនេះតទៅទៀត។
បង្កើនប្រាក់ចំណូលកម្មករ លើកកម្ពស់សមត្ថភាព ចំណេះដឹង ទាំងខាងវប្បធម៌ និងបច្ចេកទេស
យើងត្រូវរួមគ្នា ដើម្បីឲ្យធ្វើឲ្យប្រាក់ចំណូលកម្មកររបស់យើងកាន់តែកើនឡើង ជាមួយនឹងសម្ថភាពរបស់ កម្មករ កម្មការិនី ត្រូវបានលើកកម្ពស់ លើកកម្ពស់ទាំងសមត្ថភាពនៃការចេះដឹង ខាងវប្បធម៌ លើកកម្ពស់សមត្ថភាព នៃការចេះដឹងរបស់យើងទាំងផ្នែកបច្ចេកទេស ដើម្បីឲ្យផលិតផលរបស់យើងកាន់តែមានគុណភាព កាន់តែមានតំលៃ។
អនុវត្តគោលនយោបាយគាំពារសង្គម និងសុវត្ថិភាព និងលក្ខខណ្ឌការងារ
ជាមួយគ្នានោះដែរ យើងត្រូវបន្តការខិតខំ ដើម្បីអនុវត្តនូវគោលនយោបាយទាក់ទងជាមួយនឹងកិច្ចការគាំពារសង្គម និងសុវត្ថិភាពការងារ លក្ខខណ្ឌការងារ។ ប្រទេសកម្ពុជា គឺប្រទេសដែលអនុវត្ត ដែលផ្សារភ្ជាប់ រវាងជាមួយនឹងលក្ខខណ្ឌការងារ ពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌការងារ។ យើងធ្វើឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារទាំងឡាយ ដែលក្នុងនោះមន្ទីរពេទ្យ ឬគិលានដ្ឋាននៅតាមរោងចក្រ។ ក្មួយៗប្រហែលជាបានដឹងហើយ ថាសម្រាប់ប្រាក់ទៅលើបញ្ហាសុខភាព ទាក់ទងនឹងមូលនិធិសម្រាប់ថែទាំសុខភាព ដែលមុននេះក្មួយៗត្រូវបង់ ៥០ ភាគរយ ម្ចាស់រោងចក្របង់ ៥០ ភាគរយ។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៨ ទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ ទុកឲ្យម្ចាស់រោងចក្រជាអ្នកបង់ជំនួសទាំងអស់។
ក្មួយៗក៏អាចចំណេញបាន ក្នុងទឹកប្រាក់ពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់រៀល ក្នុងមួយខែ។ ការពិនិត្យព្យាបាលជំងឺ ត្រូវអនុវត្តទូទៅសម្រាប់កម្មករ កម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺការព្យាបាលដោយមិនត្រូវបង់ប្រាក់ នៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ មិនដឹងថាថ្លៃប៉ុន្មានទេ តែដឹងតែមួយជាតែប៉ុណ្ណោះ។ នេះគឺការធានារ៉ាប់រងសង្គមមួយ ដែលផ្តើមចេញពីគោលនយោបាយគាំពារសង្គម ដើម្បីធានាឲ្យសុខមាលភាពរបស់ប្រជាជនរបស់យើង កាន់តែប្រសើរឡើង។
គោលនយោបាយសម្រាប់កម្មការិនីមានផ្ទៃពោះ
ស្រ្តីមានផ្ទៃពោះត្រូវបានទទួលការឈប់សម្រាក រយៈពេល ៣ ខែ ដោយ មានប្រាក់បៀវត្ស ចំនួន ១២០ ភាគរយ ដែលត្រូវអនុវត្តឲ្យខានតែបាន។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គមត្រូវបង់ ៧០ ភាគរយ និងនិយោជកបង់ ៥០ ភាគរយ។ ដូច្នេះ កង្វល់របស់ក្មួយៗ ទាក់ទិនជាមួយនឹងបញ្ហាពេលសម្រាលកូន ក៏ត្រូវបានដោះស្រាយជាមួយនឹងការកំណត់ធ្វើឲ្យប្រាកដជាមួយនឹងការបានឈប់សម្រាករយៈពេលបីខែ ហើយដែលមានបៀវត្ស ១២០ ភាគរយ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏នឹងត្រូវបានផ្តល់ប្រាក់ជាកម្មវិធីសាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ ចាប់ពី សូន្យម៉ោង ថ្ងៃ ០១ ខែមករា (២០១៨) តទៅ ហើយប៉ះភាគច្រើនជាមួយក្មួយៗ ៣៤៩ នាក់តែម្តង ដែលក្មួយៗនឹងឆ្លងទន្លេនៅខែមករា ក្រោយថ្ងៃ ០១ ខែមករា ឆ្នាំ ២០១៨។ ពេលនោះរាជរដ្ឋាបាលនឹងផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលឆ្លងទន្លេ។ ឆ្លងបានកូនមួយបាន ៤០ ម៉ឺនរៀល ស្មើនឹង ១០០ ដុល្លារ, បានកូន(ភ្លោះ) ២ គឺបាន ៨០ ម៉ឺនរៀល, ឯកូនភ្លោះ ៣ គឺបាន ១លាន ២ សែនរៀល ពីរដ្ឋ និងបាន ៤ លានរៀល ពី ហ៊ុន សែន យើងតម្លើងអា ៤ លានហ្នឹង ពីពេលណាមក?
ឥឡូវខ្ញុំសូមប្រកាសដោយសារវាមិនច្រើនទេ អ្នកណាបានកូនភ្លោះបី បាន ៥ លានរៀល ពី ហ៊ុន សែន តែម្តង។ ព្រោះមួយប្រទេសតាំងពី ១៩៩៥ រហូតមកដល់ឥឡូវ ទើបតែបានជាង ៣០០ ទេ អញ្ចឹងមិនងាយអ្នកណាបានកូនភ្លោះបីទេ។ បើបានកូនភ្លោះបីខ្ញុំជួយ ៥ លានរៀល អាកូនភ្លោះ ៤ បានដល់ ១០ លានរៀលឯណោះ។ ប៉ុន្តែ រឿងរដ្ឋផ្សេងណា រឿងខ្ញុំជាឯកជនផ្សឹង បើពេលណាខ្ញុំមិននៅបន្តទេ អាហ្នឹងខ្ញុំអត់បន្តទេ។ ប៉ុន្តែនយោបាយរដ្ឋាភិបាលនេះ បើខ្ញុំអត់បន្ត ក៏គង់តែអ្នកក្រោយគេបន្តដែរ នឹងផ្តល់សាច់ប្រាក់ជូនកម្មការិនីឆ្លងទន្លេ។ អញ្ចឹង បានជាសុំឲ្យសហគ្រាសទាំងអស់ អ្នកទាំងអស់ ទាំងសិប្បកម្មក្តី ជាភោជនីយដ្ឋានក្តី ជាសណ្ឋាគារក្តីមកចុះបញ្ជី ដើម្បីឲ្យកម្មករ/ការិនីទទួលបានផល។ ដូចជាការទទួលបាននូវការពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ កម្មការិនីទទួលបាននូវការឆ្លងទន្លេ ទទួលបានប្រាក់ឧបត្ថម្ភ យ៉ាងហោចណាស់ក៏យកទៅទិញអ្វីដែលជាតម្រូវការតាំងពីកន្ទបស្អីៗហ្នឹង ឬក៏ថាដើម្បីឲ្យមានទឹកដោះឲ្យកូនបៅ ទិញជើងជ្រូក ស្ញោរជើងជ្រូក។ ប៉ុន្តែអាតូចវាមិនសូវបៅប៉ុន្មានទេ អាធំវាបៅច្រើនជាង បៅយូរណាស់កូនប្រុស។
ជិះឡានក្រុងមិនគិតថ្លៃ ២ ឆ្នាំ
កម្មករ/ការិនីរបស់យើង ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទទួលបាននូវការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ រយៈពេល ២ ឆ្នាំ យ៉ាងតិច។ ឥឡូវមានប៉ុន្មាននាក់ហើយ ដែលបានជិះឡានក្រុងនេះ សូមលើកដៃបន្តិចទៅមើល? បានប្រហែល ១០ ភាគរយហើយនៅ? លើកឲ្យខ្ពស់បន្តិចមើល បានប៉ុន្មានហើយ? បានច្រើនក្រែលដែរតើ។ ក្មួយឯងជិះទៅ កុំទៅខ្វល់។ ប៉ុន្តែទៅជិះតាក់ស៊ី ជិះឡានឈ្នួលអាហ្នឹងបង់លុយឲ្យគេណា។ ផ្លូវណាដែលមានឡានក្រុង ជិះទៅ ហើយមិនបាច់ចាំតែមកធ្វើការងារទេ ជិះទៅសួរសុខទុក្ខឪពុកម្តាយក៏ជិះទៅ។ ជួនកាលណាត់ជួបគ្នានៅលើឡានក្រុង ក៏អត់ទាស់ខុសអីដែរ … ដល់ទៅពេលថ្ងៃក្រោយទៅ ក្លាយជាប្តីប្រពន្ធ(ប្រាប់កូនថា) កាលហ្នឹងណា ប៉ាជួបម៉ាក់កូនឯង ជួបលើឡានក្រុង ហើយឡានក្រុងកាលនោះអត់មានយកលុយទេ សម័យតេជោសែនអត់មានយកលុយទេ ឥឡូវគេយកលុយ។
ជួនកាលមានរឿងអញ្ចឹងកើតឡើងដែរ … ទៅឃើញគ្នានៅលើឡានក្រុងអីអញ្ចឹងទៅ ក៏ស្រលាញ់គ្នាអញ្ចឹងទៅ។ មានអ្នកណាគេហាមឃាត់អី ព្រោះអាហ្នឹងរឿងធម្មជាតិ។ ប៉ុន្តែថាយ៉ាងម៉េចក៏ដោយធ្វើតេស្តឈាមឲ្យច្បាស់។ បុរសក៏ត្រូវធ្វើតេស្តឈាម ខាងនារីក៏ត្រូវធ្វើតេស្តឈាមខាងបុរសដែរ ដើម្បីពិនិត្យមើលអាជំងឺស្រាល(អេដស៍)។ បើសិនជាខ្លួនឯងមានបញ្ហាហើយ កុំទៅបំផ្លាញអ្នកដទៃ ទាំងសងខាងត្រូវយកចិត្តទុកដាក់លើបញ្ហាហ្នឹង។ ដោយសារតែយើងធ្វើកិច្ចការងារនេះបានល្អ បានជាអត្រាការឆ្លងនៃមេរោគអេដស៍បានធ្លាក់ចុះគំហុកតែម្តង ហើយគ្មានការកើនឡើងទេ អត់មានការកើនឡើង ចេះតែធ្លាក់ចុះៗ អាហ្នឹងដោយសារប្រជាពលរដ្ឋ ជាពិសេសក្មួយៗទទួលបាននូវការអប់រំខ្ពស់ ទៅលើបញ្ហាការការពារនេះឯង។
របបសោធននិវត្តន៍វិស័យឯកជន ចាប់ពីឆ្នាំ ២០១៩
នៅឆ្នាំ ២០១៩ ខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តន៍នូវប្រាក់សោធនិវត្តន៍ ដែលពេលហ្នឹង ក្មួយៗជាកម្មករ/ការិនីទាំងអស់នឹងមានប្រាក់ចូលនិវត្តន៍ វាមិនខុសគ្នារវាងកម្មករ/ការិនី នៅក្នុងវិស័យឯកជន ជាមួយនឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ។ ដោយសារកម្មកររបស់យើងក៏បានទទួលនូវប្រាក់ ចូលនិវត្តន៍ដែរ។ ឧទាហរណ៍ឆ្នាំក្រោយនេះ ប្រាក់ចូលនិវត្តន៍របស់ក្មួយៗនិងប្រាក់បៀវត្សអប្បបរមារបស់ក្មួយៗ ១៧០ បើពេលចូលនិវត្តន៍ប្រាក់ចូលនិវត្តន៍ វានៅសល់ ៨០ ភាគរយ អញ្ចឹងវានៅសល់ ១៤០ ដុល្លារសហរដ្ឋអាមេរិក គ្រាន់នឹងចិញ្ចឹមខ្លួនដែរ។ ប៉ុន្តែ ក្មួយៗកុំភ្លេចត្រូវបំពេញលក្ខខណ្ឌឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍។ មិនមែនមកធ្វើការមួយឆ្នាំ រួចហើយទាមទារប្រាក់ចូលនិវត្តន៍នោះទេ។ អាហ្នឹងគ្រាន់តែមានប្រាក់គេហៅថា ប្រាក់សម្រាប់អតីតភាពការងារ ហើយគេបើកផ្តាច់ឲ្យតែម្តង។ បំពេញលក្ខខណ្ឌ ដើម្បីបានទទួលនូវប្រាក់សោធននិវត្តន៍ ដែលខ្មែរច្រើនប្រើពាក្យថា ប្រាក់រឺត្រែតនោះ។ ពាក្យចាស់លោកថា «ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង»។
រៀបចំ និងគ្រប់គ្រងសៀវភៅការងាររបស់កម្មករ
… ខ្ញុំនៅតែបញ្ជាក់ហើយ បញ្ជាក់ទៀត សុំឲ្យក្រសួងការងាររៀបចំ និងគ្រប់គ្រងសៀវភៅការងារឲ្យបានជាក់លាក់ បំផុតទើបអាចដោះស្រាយបានបញ្ហា។ ព្រោះអ្វី? ក្មួយៗធ្វើការនៅកម្មករ នៅរោងចក្រនេះបាន ៥ ឆ្នាំ រោងចក្រនេះ ត្រូវបិទទ្វារ អញ្ចឹងក្មួយៗទៅរកការងារនៅរោងចក្រមួយទៀត។ ពេលនោះយើងត្រូវយកសៀវភៅការងារដែលយើងធ្វើការ ៥ ឆ្នាំនេះ យកទៅ ដើម្បីរាប់ពី ៥ ឆ្នាំឡើងលើ មិនមែនរាប់ពីមួយថ្ងៃឡើងលើទេ។ ធ្វើការបាន ៥ ឆ្នាំ ឬ ៣ ឆ្នាំនៅនោះ រោងចក្រនោះបិទទៀត ត្រូវផ្ទេរទៅធ្វើរោងចក្រការងារមួយទៀត វាត្រូវបូកបញ្ចូលគ្នាទាំងអស់ហ្នឹង ក្មួយៗបានទទួលនូវប្រាក់សោធនិវត្តន៍។ ប្រសិនបើយើងមិនធ្វើការគ្រប់គ្រងបែបនេះទេ គឺក្មួយៗនឹងបាត់បង់នូវផលប្រយោជន៍។ ដូច្នេះ សៀវភៅការងាររបស់ក្មួយៗ ត្រូវរក្សាឲ្យបានអាហ្នឹង គឺជាប្រាក់សន្សំរបស់ខ្លួនហើយ។ សន្សំនៅនេះ ៥ ឆ្នាំ សន្សំនៅទីនេះ ៣ ឆ្នាំ សន្សំនៅនោះបន្ថែម គ្រប់លក្ខខណ្ឌក្មួយចូលនិវត្តន៍ទៅ គឺមានប្រាក់ចូលនិវត្តន៍ទៀត។ រឿងនេះមិនមែនគ្រាន់តែធ្វើនៅក្នុងក្របខណ្ឌកម្មករ/ការិនីនៅក្នុងប្រទេសទេ យើងនឹងបន្តធ្វើកិច្ចការងារនេះ ជាមួយនឹងកម្មករ/ការិនីដែលកំពុងធ្វើការនៅក្រៅប្រទេស។
ប្រាក់បៀវត្សកើន ចំណាយថយចុះ
ថ្ងៃមុន ខ្ញុំបាននិយាយនៅកោះពេជ្រម្តងហើយ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំចង់យកឱកាសនេះដើម្បីនឹងផ្ញើជូនសារទៅកាន់កម្មករ/ការិនីដែលកំពុងធ្វើការនៅក្រៅប្រទេស ប៉ុន្តែ ខ្ញុំក៏គួរតែនិយាយជាមួយនឹងកម្មករ/ការិនីនៅទីនេះឲ្យបានច្បាស់បន្ថែមថា ទន្ទឹមនឹងប្រាក់បៀវត្សរបស់ក្មួយៗកើនឡើង ការចំណាយរបស់ក្មួយៗក៏ត្រូវកាត់បន្ថយតាមរយៈការផ្តល់ថ្លៃទឹកភ្លើងទាបជាងមុន។ ពេលមុន ថ្លៃទឹក ក្មួយៗអនុវត្ត ១.២០០ រៀលក្នុងមួយម៉ែត្រគូប ឥឡូវត្រឹមតែ ៨០០ រៀលតែប៉ុណ្ណោះ។ ភ្លើងមុននេះ ត្រូវកំណត់ដោយម្ចាស់ផ្ទះ ប៉ុន្តែ ឥឡូវនេះ អនុវត្តចំពោះកម្មករ/ការិនី សិស្ស និស្សិត គឺត្រឹមតែ ៤៨០ រៀលតែប៉ុណ្ណោះ។ ជាមួយនឹងការកាត់បន្ថយការចំណាយដទៃទៀត រាប់ទាំងពន្ធលើប្រាក់បៀវត្ស ដែលនៅពេលខាងមុខនេះ ១.២០០.០០០ រៀល ក្នុងមួយខែ ស្មើនឹង ៣០០ ដុល្លារ មិនត្រូវបានជាប់ពន្ធនោះទេ។
ការថែទាំសុខភាព មិនត្រូវបានចំណាយនោះទេ ក្មួយៗពិតជាមានការគិតណាស់ថា បើសិនអញឈឺ ប្រាក់បៀវត្សហ្នឹងគ្រប់គ្រាន់នឹងព្យាបាលទេ? រហូតទៅដល់ពេលខ្លះ ប្រាក់បៀវត្សមិនគ្រប់គ្រាន់ ត្រូវបង្ខំចិត្តទៅខ្ចីគេ ឬយករបស់របរទៅបញ្ចាំ ដើម្បីនឹងទទួលបាននូវការព្យាបាល។ ប៉ុន្តែ ឥឡូវនេះ រដ្ឋធានារ៉ាប់រងជាមួយនឹងការព្យាបាលដោយមិនគិតប្រាក់។ បន្ថែមលើនោះ យើងក៏ត្រូវអនុវត្តដើម្បីបង្កើនអាហារូបត្ថម្ភមនុស្សម្នាក់ជីវិតពីរ គឺស្ត្រីមានផ្ទៃពោះនោះឯង។ សង្ឃឹមថា ក្មួយៗនឹងបានកូនដែលកើតមក ទោះបីប្រុសក្តី ស្រីក្តី គឺជាកូនដែលគួរឲ្យស្រឡាញ់ កូនដែលនាំមកនូវប្រាក់ចំណូល ហើយពួកគេនឹងទទួលបាននូវការអប់រំនៅក្នុងសភាពការណ៍ថ្មី នៃប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ។
កិច្ចការ ៥ កំពុងធ្វើសម្រួលដល់ពលករក្រៅប្រទេស
ជូនពរឲ្យក្មួយៗជួបតែសំណាងល្អ ហើយទទួលបានកូនប្រុសស្រីប្រកបដោយការស្រឡាញ់ និងវៃឆ្លាត។ សម្រាប់កម្មករ ដែលធ្វើការនៅក្រៅប្រទេស ខ្ញុំសុំជូនសារពីទីនេះជាថ្មីម្តងទៀត ដើម្បីឲ្យអ្នកទាំងគ្នានៅទីនោះស្ងប់ចិត្ត។ ពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការ ៥ ដើម្បីអ្នកទាំងឡាយដែលកំពុងនៅក្រៅប្រទេស។ ទី ១ រាជរដ្ឋាភិបាលអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ បាន និងកំពុងខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់។ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលមិនទាន់ស្របច្បាប់ ចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូត នៃប្រទេសដែលមានពលករ ដូចជា ថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។ ប្រទេសថៃ យើងកំពុងផ្តល់លិខិតធ្វើដំណើរ និងបណ្ណការងារសម្រាប់ចេញចូលមួយថ្ងៃ ដល់អ្នកនៅជាយដែន មិនចាំបាច់ទៅសម្រាកនៅទីនោះទេ។
យើងកំពុងបង្កើតមជ្ឈមណ្ឌលផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ។ ខិតខំធ្វើ ព្រោះមិនអាចឲ្យពួកគេមកទីក្រុងភ្នំពេញ ដោយមានដំណើរឆ្ងាយទេ … ខិតខំធ្វើយ៉ាងម៉េចឲ្យពលកររបស់យើង ដែលកំពុងស្នាក់នៅប្រទេសថៃស្របច្បាប់ហើយ វាងាយស្រួល ខិតខំធ្វើឲ្យគេបានទទួលផលប្រយោជន៍កាន់តែច្រើន ដូចកម្មករថៃ។ ខិតខំធ្វើឲ្យអ្នកមិនទាន់ស្របច្បាប់ ក្លាយទៅជាពលករស្របច្បាប់ ដែលមិនត្រូវបានទទួលការកេងប្រវ័ញ្ចពីពួកថៅកែ និងមេខ្យល់នោះទេ។
កិច្ចការទី ២ យើងសហការជាមួយប្រទេសដៃគូទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជា កម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឲ្យពលករទៅរៀនបន្ថែម នៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។ អញ្ចឹងទេ បើកម្មករនៅកូរ៉េ យើងមានកន្លែងបណ្តុះបណ្តាលមុននឹងបញ្ជូនចេញទៅ។ ដល់ពេលទៅកូរ៉េហើយ គេបណ្តុះបណ្តាលថែមនៅទីនោះ។ ឯនៅប្រទេសថៃ យើងទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីងាយស្រួលឲ្យកម្មករ/ការិនីរបស់យើង ដែលធ្វើការនៅប្រទេសថៃ។ ពេលត្រឡប់មកវិញ មកធ្វើការនៅក្នុងប្រទេស ត្រូវបានទទួលស្គាល់ថា ជាអ្នកជំនាញ ដែលមានជំនាញមកពីប្រទេសថៃ។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល។
ឥឡូវនេះ មេឃប្រហែលជាចង់ភ្លៀង ខ្ញុំមិនដឹងថា ទិសខាងលិចឆុងនឹងខ្ញុំឬយ៉ាងម៉េច ៣ លើកហើយ។ លើកទី ១ ដើរក្នុងភក់ លើកទី ២ ដើរក្នុងភក់ មិញហ្នឹង ក៏ដើរក្នុងទឹកបន្តិចដែរ។ ឲ្យតែមកទិសខាងលិចភ្លៀងរហូត។ គិតស្មានថា ថ្ងៃហ្នឹងគឺរងារផ្កាគហើយ។ ថ្ងៃនេះ ដូចជា ៤ កើត ខែមិគសិរ? ខ្ញុំថានៅតែបន្តហើយ បន្តិចទៀតដាក់កម្រិតហើយ ដាក់សរសេរតែម្តង ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវនឹងថ្ងៃ ៤ កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១។ ដាក់អញ្ចឹងតែម្តង តែមិនអញ្ចឹងភ្លេចអស់ហើយ រង្វាស់រង្វាល់ខ្មែរភ្លេចខ្ទេច។ តាំងពីមួយកញ្ជើ មួយថាំង មួយតៅ ភ្លេចអស់រលីង គិតតែរបស់បារាំងសុទ្ធ។ អញ្ចឹងទេ ខែនេះ វាសមតែរងារ។ ឥឡូវ អ្នកការខែនេះ ជួនកាលកំពុងតែទទួលភ្ញៀវ ភ្លៀងគ្រិប។ ភ្ញៀវដែលត្រៀមទៅ ក៏អត់បានទៅ ខាតមួយរោងទៅ។ គ្រួសារខ្ញុំប្រុងថា ថ្ងៃនេះ នាំក្រុមកាកបាទក្រហមទៅច្រូតស្រូវនៅខេត្តតាកែវ គាត់ត្រូវលប់កម្មវិធីចេញសិន ព្រោះទៅច្រូតអីកើត ក្នុងទឹកហ្នឹង។
ការងារទី ៣ ដែលយើងកំពុងធ្វើសម្រាប់ពលករនៅខាងក្រៅប្រទេស កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម។ នៅប្រទេសថៃ ពលករកម្ពុជាទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព។ នៅសាធារណរដ្ឋកូរ៉េ ពលករកម្ពុជាទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព ជីវិត និងសំបុត្រយន្តហោះ។ ពលករស្របច្បាប់នៅគ្រប់ប្រទេស ដែលមានគ្រោះថ្នាក់ដល់ជីវិត ទទួលបានសំណងស្របតាមច្បាប់។ ពលករស្របច្បាប់ទាំងអស់ អាចផ្ទេរប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព មកក្រុមគ្រួសារពលករនៅស្រុកកំណើត។ ដូច្នេះ នេះបើយើងមិនខិតខំទេ សួរថា ផ្ទេរមកអ្នកណា? នៅពេលដែលគេឈឺ នៅពេលដែលគេស្លាប់ ប្រាក់នោះត្រូវផ្ទេរមកក្រុមគ្រួសារ។
(ទី ៤) យើងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធននិវត្តន៍ ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានដើម្បីគិតប្រាក់សោធននិវត្តន៍។ ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស បានទទួលរបបដូចពលករធ្វើការនៅក្នុងប្រទេស ចាប់ពីឆ្នាំ ២០១៩ អញ្ចឹង សូមបញ្ជាក់ជូនក្មួយៗដែលធ្វើការនៅក្នុងប្រទេសថៃ ឬក្នុងប្រទេសផ្សេងៗ ត្រូវមានសៀវភៅការងារហ្នឹងឲ្យបានច្បាស់ ដើម្បីយកមកភ្ជាប់ជាមួយនឹងអតីតភាពការងារពីប្រទេសថៃ មកភ្ជាប់នឹងអតីតភាពការងារនៅក្នុងប្រទេសកម្ពុជា។ បើធ្វើនៅឯណោះបាន ១០ ឆ្នាំ មកវិញមកធ្វើការតាមរោងចក្រនៅនេះ ក៏រាប់បញ្ចូលចាប់ពី ១០ ឆ្នាំទៅ មិនមែនពី ១ ថ្ងៃទៅទេ។ ធ្វើយ៉ាងនេះ ដើម្បីឲ្យកម្មករ/ការិនី ដែលធ្វើការនៅក្រៅប្រទេសទាំងឡាយ មានលទ្ធភាពវិលមកវិញ ហើយដែលមិនបាត់បង់នូវផលប្រយោជន៍របស់ពួកគេទេ។ តើនេះជាអ្វី? នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល។
ឯកិច្ចការទី ៥ យើងកំពុងសម្រួលបែបបទជូនពលករនៅបរទេស អាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេសធ្វើជាតំណាងដើម្បីស្នើសុំធ្វើជាលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដោយមិនចាំបាច់ឲ្យសាម៉ីខ្លួនវិលមកស្រុកកំណើតវិញ។ ដោយឡែក ពលករធ្វើការនៅប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវ ដើម្បីបំពេញបែបបទស្របច្បាប់។ អញ្ចឹងទេ គ្នានៅឯក្រៅប្រទេស គឺមិនតម្រូវឲ្យជិះយន្តហោះ ឬជិះរថយន្តមកសុំធ្វើលិខិតថ្កោលទោស ឬលិខិតមួយចំនួន ដែលខាងប្រទេសគេនោះមានតម្រូវការ។ អនុញ្ញាតឲ្យគ្រួសារធ្វើជាតំណាងដើម្បីសុំលិខិតទាំងនោះ យកមកប្រើប្រាស់ …
អ្វីដែលមានក្នុងដៃ ត្រូវតែរក្សាវាឲ្យបាន
វិលមកក្នុងប្រទេសវិញ យើងត្រូវបន្តការខិតខំទាំងអស់គ្នា ត្រូវធ្វើយ៉ាងម៉េចឲ្យប្រទេសយើងបន្តមានសន្តិភាព ដើម្បីធានាថា អ្វីដែលមានក្នុងដៃរបស់ក្មួយៗរួចហើយ ក្មួយៗត្រូវតែរក្សាវាឲ្យបាន។ អ្វីដែលបាន និងកំពុងមាននៅកម្ពុជា នោះគឺរបបរាជានិយម អាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវធានាឲ្យបាន។ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង រាជបល្ល័ង្គ មិនត្រូវបានបំពានទេ របបរាជានិយម គ្មាននរណាមានសិទ្ធិដើម្បីនឹងរំលាយចោល សូម្បីតែរដ្ឋសភាខ្លួនឯង។ គេបានហាមឃាត់មិនឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅចំណុច ២។ ទី ១ កុំឲ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញ ទី ២ កុំឲ្យប៉ះពាល់ដល់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រទេសរបស់យើងនៅតែជាបក្សនយោបាយច្រើន ដូច្នេះ នៅពេលខាងមុខនេះ ក្រៅពីរក្សាសន្តិភាព យើងត្រូវបំពេញក្នុងឋានៈជាពលរដ្ឋដែលរស់នៅក្នុងប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយនាំគ្នាទៅបោះឆ្នោត ដោយក្មួយៗ ប្រជាពលរដ្ឋជាង ៩ លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោតហើយ ត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ វាជាសេរីភាព នៃការជ្រើសរើស លំហ នៃសេរីភាពបញ្ចេញមតិ សេរីភាព នៃការធ្វើនយោបាយ សេរីភាពសារព័ត៌មានត្រូវបានគោរព។
មនុស្សចាស់មកបបួលកូនក្មេងវាយគ្នា (លឺ ឡាយស្រេង)
ខ្ញុំក៏សុំផ្តាំទៅ លោកតា លឺ ឡាយស្រេង ខ្ញុំហៅលោកតាទៅចុះ លោកតានិយាយថ្ងៃមុនថា ពេលដែលគាត់ចាស់ទៅ គាត់ប្រឹងបក។ ខ្ញុំសុំសួរលោកតា លោកតាជាង ៨០ ខ្ញុំជាង ៦០ លោកតាងាប់មុនខ្ញុំ ឬខ្ញុំងាប់មុនលោកតា? លោកតាគិតមើលទៅ។ ខ្ញុំគ្រាន់តែផ្តាំថា ឆ្នាំ ១៩៨៩ ពេលនោះ មានការប្រជុំនៅហ្វ៊ែរអង់តាឌឺន័រ ប្រទេសបារាំង ត្រីភាគីចូលរួមដោយសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង ក្នុងឋានៈជាប្រធានគណៈអភិបាលត្រីភាគី ដូចជាប្រធានាធិបតីអញ្ចឹង, លោកតា សឺន សាន ជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលត្រីភាគី, ឯខ្ញុំជាប្រធានរដ្ឋាភិបាល នៃរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ។ ពេលប្រជុំដល់ថ្ងៃត្រង់ ដល់ពេលទទួលទានអាហារ ពេលនោះ មិនថាតែពេលនោះទេ មកដល់ឥឡូវ ម្ហូបបារាំងមិនមែនជាម្ហូបឆ្ងាញ់របស់ ហ៊ុន សែន ទេ។ ម្ហូបឆ្ងាញ់របស់ ហ៊ុន សែន ទី ១ គឺ(សម្លរ)ប្រហើរផ្លែចេក ទី ២ (សម្លរ)កកូរ ទី ៣ (សម្លរ)ម្ជូរ ដាក់អាហ្នឹងមកគឺត្រូវហើយ។ តែបើដាក់ស្អី Beef Steak អីឯណា ឈាមមិនឈាមឯណា ទៅមិនរួចទេ។
ថ្ងៃនោះ ចរចាវាមិនត្រូវគ្នាទេ ក៏ទៅបាយ។ ព្រះករុណាព្រះអង្គនៅក្បាលតុ លោកតា សឺន សាន នៅខាងស្តាំដៃ ខ្ញុំនៅខាងឆ្វេងដៃ ទល់មុខគ្នា អមនៅពេលនោះ។ ខាងព្រះករុណាអមដោយលោកជំទាវ ណានូ ខាងលោកតា សឺន សាន អមដោយឧត្តមសេនីយ ថាច់ រ៉េន ខាងខ្ញុំអមដោយ បង អ៊ុច គឹមអ៊ន។ កំពុងតែហាន់សាច់ ស្រាប់តែលោកតា សឺន សាន គាត់ថា ឯកឧត្តមៗ! បើចរចាមិនត្រូវគ្នា វាយគ្នាទៀតទៅ។ ខ្ញុំវាហួសចិត្ត។ អញ្ចឹងក៏ចាប់ស្លាបព្រា និងសម ដាក់ម្តុំ ខ្ញុំថាអត់អីទេ ឯកឧត្តម! បើសិនជាវាយគ្នា ២០ ឆ្នាំទៀត ខ្ញុំទើបនឹងមានអាយុ ៥៧ ឆ្នាំ និយាយពីបាត់មាត់ដូចគេចុក។ មិនថាតែលោកតា សឺន សាន ទេ ព្រះករុណាបិតា ក៏បាត់មាត់ដែរ ព្រោះអី? តើខ្ញុំចង់និយាយពីអី? ខ្ញុំចង់និយាយថា បើវាយគ្នា ២០ ឆ្នាំទៀត តាឯងងាប់បាត់ហើយ។ នៅតែខ្ញុំទេ។
រឿងអីវាគាប់ជួនខ្លាំងម៉េះ ៧ ចុងដូចគ្នាទាំងអស់ ខ្ញុំ ៣៧ (ឆ្នាំ) ខៀវ សំផន ៥៧ (ឆ្នាំ) ព្រះករុណាបិតា ៦៧ (ឆ្នាំ) សឺន សាន ៧៧ (ឆ្នាំ)។ ចុះវាយគ្នា ២០ ឆ្នាំទៀត មិន(ស្លាប់)ទៅមុនអស់ ចៃដន្យអី តា សឺន សាន ទៅមុនបាត់។ ឥឡូវ តា លឺ ឡាយស្រេង គាត់ផ្តាំតាម សយ សុភាព។ ខ្ញុំថា បើចង់សុំទោស ធ្វើសំបុត្រមក។ គាត់មិនធ្វើសំបុត្រមក គាត់ជេរខ្ញុំទៀត។ ចាំតែឲ្យរួចខ្លួនតើតា។ មើលលោកតា! ខ្លួនឯងខ្ញុំដឹងណាស់ណា។ ប្រជុំជាមួយខ្ញុំ ក្នុងឋានៈជារដ្ឋមន្រ្តី ខ្ញុំជានាយករដ្ឋមន្រ្តី ជាកូនចៅរបស់ខ្ញុំ ខ្ញុំស្គាល់ជំងឺរបស់លោកតាឯង … នែ! នៅហាត់ម្ង៉ៃ ៣ ម៉ោងណា។ ដើរ ១ ម៉ោងកន្លះ ជិះកង់ ១ ម៉ោងកន្លះ (ស្មើនឹង) ៣ ម៉ោង … ទេ! មនុស្សចាស់មកបបួលកូនក្មេងវាយគ្នានេះ ហ្នឹងវាពិបាក។ ឥឡូវបានមួយទៀតហើយ ថាពេលគាត់ឈប់ទៅ ប្តឹងគាត់វិញ។ ទម្រាំតែខ្ញុំឈប់ តាឯងងាប់បាត់ហើយ ហើយមានពេលឯណាប្តឹង។ ទម្រាំពេលនោះ តាឯងកើតមកវិញ អាយុ ២០ (ឆ្នាំ)។ មនុស្សចេះគិតឃើញអញ្ចឹងដែរ?
ហ្នឹងគេហៅមនុស្សឡប់ ជំងឺឡប់ ដូចដែលនិយាយអញ្ចឹង។ ឡប់ មិនចូលប្រជុំ ទុកឲ្យវានៅកន្លះក្អម អត់គ្រប់ទឹក ឲ្យមនុស្សលាលែង ដើម្បីសម្លាប់សភា ឲ្យមនុស្សលាលែង ដើម្បីសម្លាប់គណៈកម្មាធិការជាតិបោះឆ្នោត។ ឥឡូវ ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច។ បើសិនជាត្រូវមានក្រុមគេហ្នឹង ចូលរួមបោះឆ្នោត ចុះក្រុមហ្នឹងទៅណា? ចូលរួមបោះឆ្នោតទៀត ទោះបីទៅនៅបក្សណាក៏ដោយ ក៏នៅតែចូលរួមបោះឆ្នោតដដែលហ្នឹង។ បើសិនមិនចូលរួមបោះឆ្នោត អ្នកឯងធ្វើអត្តឃាតមួយអាណត្តិបន្ថែមទៀតនោះ ព្រោះយើងដំណើរការបោះឆ្នោតជាទៀតទាត់ ៥ ឆ្នាំម្តងៗ។ អញ្ចឹង សូមអំពាវនាវ ឯកឧត្តម ស៊ិក ប៊ុនហុក គេលាហើយ តិចគេសុំមកវិញ ឲ្យគេចូលណា? … ក្អេងក្អាងណាស់ គេត្រូវតែមក ២០១៨។ អញ្ជើញមកៗឲ្យលឿនបន្តិច អញកំពុងតែរកមុខហើយ។ អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរកាណុងមកហ្នឹង ហើយមួយទៀតសាលក្រមជាប់គុក …។
ឥឡូវយើង ល្ងាចហ្នឹងសប្បាយទេតើ បានសម្រាកមួយល្ងាច។ អរគុណម្ចាស់រោងចក្រ ដែលបានផ្តល់ឱកាសឲ្យថ្ងៃនេះ ជួបជុំគ្នាហើយ បានសម្រាកមួយល្ងាចទៀត។ ហើយថ្ងៃនេះ ខ្ញុំបាននាំមកមិនច្រើនទេ ជារបស់កំដរដៃសម្រាប់ក្មួយៗម្នាក់ ២ ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ ១៣.៥៦៥ នាក់។ ឯចំពោះខាងសិល្បៈនោះ គឺថាជូន ២ លានរៀលដែរ ព្រោះគ្នាត្រូវលេង ច្រៀងកំដរយើងផងអីផង។ ចម្រៀងគេពិរោះៗណាស់ ឥឡូវ គេមានចម្រៀងថ្មីៗ ប៉ុន្តែ យ៉ាងណាក៏ដោយ កន្សែងក្រហម ត្រូវតែបើកក្បាល ព្រោះខែហ្នឹងវាត្រូវតែអញ្ចឹងហើយ ក្រមុំកំឡោះ។ ម្សិលមិញ សួរអន្ទិត ២ នាក់នោះ មួយ ២៨ ឆ្នាំ ហើយមិនទាន់យកប្រពន្ធ មួយទៀត ២២ ឆ្នាំ សួរថាមានប្រពន្ធនៅ? ថានៅទេ។ សួរថាមានសង្សារ ឬនៅ? អត់។ ដូចមិនជឿទេ ប៉ុណ្ណឹងហើយមិនដែលថាមិនមាន។ ចុះមានដែលមើលឃើញអ្នកណាអត់? អត់ទៀត។ ហ៊ានស្បថឬអត់? ថាអត់ហ៊ាន។ គេមានរបស់ប្រចាំចិត្តរួចទៅហើយ។ ដោយឡែក ក្មួយៗដែលមានផ្ទៃពោះនេះ ពូនឹងចែកស្រោមសំបុត្រមួយៗ តែពូមិនថាប៉ុន្មានទេ។ ប៉ុន្តែ សូមបញ្ជាក់រឿងមួយ បើក្មួយណាមានកូនភ្លោះ គឺប្រាប់ថាមានកូនភ្លោះ ដើម្បីពូឲ្យ ២ ស្រោមសំបុត្រ ព្រោះអាហ្នឹងជារបស់ដែលយើងត្រូវទទួលបាន។ បន្ទាប់ពីចែកក្មួយៗហើយ យើងនៅមានឱកាស selfie ទៀតជាមួយគ្នា ដើម្បីជារូបថតអនុស្សាវរីយ៍នៃការជួបជុំមួយ ដ៏សប្បាយរីករាយរបស់យើង។
ហើយចុងបញ្ចប់ អរគុណសាជាថ្មីម្តងទៀតជាមួយនឹងការចូលរួម អរគុណចំពោះការស្រឡាញ់ រាក់ទាក់ របស់ក្មួយៗទាំងឡាយ ដែលចាត់ទុកពូមិនមែនត្រឹមតែជាអ្នកដឹកនាំប្រទេសនោះទេ ប៉ុន្តែ ចាត់ទុកពូដូចជាសាច់ញាតិម្នាក់របស់ក្មួយៗ ដែលនេះជាប្រភពលើកទឹកចិត្តរបស់ពូ ក្នុងការបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងការអមដំណើរជាមួយក្មួយៗ ដើម្បីទៅកាន់ជោគជ័យថ្មីបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាជីវភាព លើកកម្ពស់ជីវភាព ទាំងក្មួយៗផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ។ ហើយក៏សុំជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនី ក្នុងហ្នឹងមានក្មួយៗកម្មការិនី ដែលនឹងត្រូវឆ្លងទន្លេនៅពេលខាងមុខ សូមក្មួយៗទទួលបាននូវសេចក្តីសុខ ទទួលបាននូវកូនគួរជាទីស្រឡាញ់ ជូនពរអ្នកទាំងអស់គ្នា សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ៕មកមិនច្រើនទេ ំសម្រាកមួយល្ងាក្រ ដែលបានផ្តល់ឱកាសឲ្យថ្ងៃនេះ ះបីទៅនៅទៀតឹង ចូលរួមឆ្នោត។ ឥឡូវិញូ) ឥឡូវនៅសល់ ៧២(គេឹងមកធ្វើ