RFI ៖ នៅព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្តីពីការផ្សាយព័ត៌មានក្នុងដំណាក់កាលផ្សេងៗនៃការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនេះ។ បើតាមគ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានដែលប្រព្រឹត្តិល្មើសនឹងច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌នោះ នឹងត្រូវទទួលទោសតាមច្បាប់ក្នុងនោះក៏មានការពិន័យជាទឹកប្រាក់ពី ៥លានរៀលទៅ ២០លានរៀលផងដែរ។ មាត្រា ១៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានចែងថា ត្រូវផាកពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយពុំទាន់គិតដល់ទោសទណ្ឌផ្សេងទៀត ចំពោះជនណាប្រព្រឹត្តអំពើទុច្ចរិតមួយចំនួនដូចជា ធ្វើឲ្យអ្នកគាំទ្រឬអ្នកបោះឆ្នោតធ្វើអំពើរំលោភបំពាន គំរាមកំហែង ហិង្សាលើបេក្ខជនឬបក្សនយោបាយដទៃ, រារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត,រារាំងបេក្ខជនឬអ្នកគាំទ្រមិនឲ្យឃោសនាបោះឆ្នោត,ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ មាត្រាច្បាប់នេះ គឺសំដៅដល់បណ្តាជនទាំងអស់ក្នុងនោះក៏សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផងដែរ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានបញ្ជាក់ថា កន្លងមក មានអ្នកកាសែតមួយចំនួនមានចេតនាមិនល្អដោយមានឧបាយកលដោយសួរសំណួរបញ្ឆិតបញ្ឆៀង ដើម្បីទទួលបានចម្លើយតាមការចង់បានរបស់ខ្លួនដែលធ្វើឲ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ លោកហង្ស ពុទ្ធា សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់នឹងឈរលើស្មារតី និងសមត្ថភាព ដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយលោកក៏ស្នើឲ្យអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌ឲ្យបានច្បាស់លាស់។ ជាមួយនេះ អ្នកនាំពាក្យគ.ជ.ប ក៏បានព្រមានផងដែរថា ច្បាប់របស់គ.ជ.បថ្មីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ មានច្រើនជាងច្បាប់មុន ដែលនឹងដាក់ទោសទណ្ឌដល់អ្នកសារព័ត៌មានណាដែលប្រពឹត្តប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត។ បើតាមគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ដើម្បីអាចគេចផុតពីទោសទណ្ឌរបស់គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានធ្វើឲ្យមានការភាន់ច្រឡំ និងនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ត្រូវជៀសវាងការបន្លំឲ្យគេយល់ខុស…