សេចក្តីដកស្រង់សង្កថា សម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះឯថេរានុត្ថេរៈជាទីសក្ការៈ! ឯកឧត្តម ខេនអ៊ិឈិ បេសសូ ភារធារីស្ដីទី នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ កម្មករ កម្មការិនី ដែលបានចូលរួមនៅថ្ងៃនេះ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធសាជាថ្មីម្ដងទៀត នូវចំណតកំពង់ផែទំនិញរាយ ដែលមានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៣,៥ ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ។ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុទទួលនាវា ៥ ម៉ឺនតោន និងឈានទៅទទួលនាវា ៦ ម៉ឺនតោន ថ្ងៃនេះ ប្រទេសជាតិរបស់យើងទទួលបានសមិទ្ធផលថ្មីមួយទៀតក្រោមហិរញ្ញប្បទានរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍនភាពនៃកំពង់ផែរបស់យើង។ ថ្ងៃនេះ សូមបញ្ជាក់ទៅកាន់ធុរជនទាំងឡាយថា កាលពីមុននេះ កំពង់ផែរបស់យើងដឹកបានត្រឹមតែ ១ ម៉ឺនតោនប៉ុណ្ណោះ ជាការលំបាកសម្រាប់ការដឹកជញ្ជូន។ ឥឡូវកំពង់ផែរបស់យើងបានដឹកទំនិញរហូតដល់…