សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប
• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”
• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”
• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”
• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”
សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០