សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។ លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ…

សេចក្ដីដកស្រង់សារជាសម្លេង អំពីការផ្តល់ជំនួយវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១ លានដូស

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ចិនផ្ដល់វ៉ាក់សាំង ១ លានដូស សម្រាប់ ៥០ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានភាពចាំបាច់ដើម្បីទូលប្រគេននិងជម្រាបទៅដល់ជនរួមជាតិឱ្យបានជ្រាបថា រដ្ឋា​ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១ លានដូស សម្រាប់ចាក់(ការពារ) មនុស្ស ៥០ ម៉ឺននាក់។ មិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយ WHO តទៅទៀតបាន ដើមឡើយខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនបានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់​សាំង(ជាច្រើនប្រភេទ) ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ឈ្មោះថា Sinopharm និង Sinovac។ (តបទៅ)អ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរង់ចាំតទៅទៀតបានទេ។ (ដោយសារ)តម្រូវការការពារជាតិ និងការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជន​ទី ៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា…