សារលើ ហ្វេសប៊ុកផេច អំពី ការអនុញ្ញាតឱ្យពលករ/អ្នកទោសខ្មែរ នៅម៉ាឡេស៊ីជាង ២០០ នាក់ វិលត្រឡប់មកម្ពុជាវិញ
អរគុណកូនក្មួយនៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លង កូវីដ១៩ នៅកម្ពុជា។ កម្ពុជា និងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង ២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣ នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ នៅពេលនេះ បម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យកូនក្មួយពលករខ្មែរជាង ២០០ នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែ សូមកូនក្មួយទុកពេលវេលាឱ្យខាងអាជ្ញាធរម៉ាឡេស៊ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ១៩។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។ សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លង កូវីដ១៩ ទេ កូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ (រស់នៅដាច់ដោយឡែកសិន) ដើម្បីតាមដានសុខភាពជាបន្ត…