សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្អាកការជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសា
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកការជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ លោក ថោង ខុន បានថ្លែងប្រាប់យ៉ាងដូច្នេះថា «សម្តេចបានសម្រេចផ្អាកការជួបជុំជាមួយក្រុមកីឡាកររាប់ពាន់នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី០៤ ខែមេសាខាងមុខ»។ សូមជំរាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖ ១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ ២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប…