ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ពិសេស ក្មួយៗ ចៅៗ កម្មករ/ការិនីទាំងអស់ចំនួនជាង ១៥.០០០ នាក់ ដែលបានអញ្ជើញចូលរួម នៅក្នុងពិធីសំណេះសំណាលនៅក្នុងថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗ ចៅៗ នឹងបានទទួលនូវការសប្បាយរីក រាយនៃការជួបជុំនៅថ្ងៃនេះ។ ពិតមែនតែព្រះពិរុណ ដែលហៅថា ទឹកភ្លៀង មិនអនុគ្រោះសម្រាប់យើង នោះទេ។ អម្បាញ់មិញនេះ នៅតាមដងផ្លូវធ្វើដំណើរចូលមកដល់ទីនេះ ខ្ញុំ និងក្មួយៗចៅៗ ជាកម្មករ/ការិនី (រួមគ្នាដើរកាត់)ទឹកមួយចំនួន។ ហើយគិតទៅដល់រឿងនេះ កាលពី ២ ឆ្នាំមុន ខ្ញុំបានមើលឃើញនៅប្រ ទេសមួយ ដែលមានត្រឹមតែចៅហ្វាយខេត្ត ចៅហ្វាយស្រុកតែប៉ុណ្ណោះ ចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ប៉ុន្តែចៅហ្វាយស្រុក ឬក៏ចៅហ្វាយខេត្តរូបនោះ បែរជាដាក់អោយគេ សែង ដើម្បីឆ្លងកាត់(ទឹក) គាត់អត់ហ៊ាន(ដើរ)ក្នុងទឹកទេ។ ប៉ុន្តែ(មិនជាលំបាក)សម្រាប់យើងទាំងអស់គ្នា នៅទីនេះ (ព្រោះយើង)សុទ្ធតែជាអ្នកដែលកើតចេញពីអ្នកក្រីក្រ។ ដូចជាខ្លួនខ្ញុំនេះ កើតក្នុងទឹកតែម្ដង ដោយសារតែវាជាឆ្នាំរោង ហើយនៅជាប់ទន្លេ វាជាទឹកធំ។…