សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ -សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ជាទីមេត្រី!
ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមនៅក្នុងពិធី «បិទសន្និបាតសុខាភិបាលលើកទី ៣៩» ដែលបានដំណើរការអស់រយៈពេល ២ ថ្ងៃ កន្លងមកនេះ។ ជាបឋម ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រចំពោះរបាយការណ៍ បូកសរុបការងារអង្គសន្និបាត ដែលបានលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសូមកោតសរសើរចំពោះលទ្ធផល នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិតនៅលើគន្លងផ្លូវត្រូវ និងមានវឌ្ឍនភាពល្អប្រសើរ។
ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ឤជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ/សង្កាត់ សមាគមវិជ្ជាជីវៈ សុខាភិបាល និងវិស័យឯកជនដែលបានផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងសកម្មដល់ការអនុវត្តសកម្មភាពនានា នៃវិស័យសុខាភិបាលក្នុងឆ្នាំ ២០១៧ កន្លងមកនេះ។
ខ្ញុំក៏បានកត់សម្គាល់ឃើញថា មានកិច្ចការសំខាន់ៗជាច្រើន ដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តឲ្យកាន់តែស្វាហាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការផ្តល់សេវាសុខភាពឱ្យកាន់តែមានប្រសិទ្ធភាព ការលើកកម្ពស់សុខភាព សុខុមាលភាព និងគុណភាពនៃជីវិតរស់នៅរបស់ប្រជាជនគ្រប់រូប ដើម្បីជាគុណប្រយោជន៍បន្ថែមដល់ប្រជាជន និងកសាងបានអនាគតកាន់តែរុងរឿង សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ក្នុងបរិការណ៍នេះ ខ្ញុំសូមផ្តល់នូវទស្សនាទាន និងលើកឡើងពីសកម្មភាពគាំទ្រមួយចំនួនដល់អង្គសន្និបាតសម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារបន្ត ក្នុងនោះរួមមាន៖
១. ជារួមយើងដឹងហើយថា សុខភាពប្រជាជនគឺជាទ្រព្យធុនដ៏សំខាន់មួយមិនឤចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេស ឱ្យប្រកបដោយចីរភាព ជាពិសេសការរក្សានូវស្ថិរភាពនៃកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការគិតគូរ ការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឤទិភាពដល់វិស័យសុខាភិបាល នេះជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
២. កាលណាប្រជាជនមានសុខភាពល្អមាំមួន នឹងមានលទ្ធភាពខ្ពស់ចូលរួមពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ជូនកូនចៅទៅកាន់សាលារៀនឱ្យទទួលបានចំណេះដឹង ក្លាយជាមូលធនមនុស្សមានសមត្ថភាពជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ ។
៣. ផ្តើមចេញពីទស្សនាទាននេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធានវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាលមានជាឤទិ៍៖ សំណង់មូលដ្ឋានសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ ការបំពាក់ឧបករណ៍ពេទ្យ បច្ចេកវិទ្យា-វេជ្ជសាស្ត្រ។ល។ ដើម្បីបម្រើដល់ការផ្តល់សេវាសុខាភិបាលរបស់កម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបង្កើនចំណាយក្នុងការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាជនក្រក្រី កម្មករ និយោជិតក្រៅប្រព័ន្ធ និងប្រជាជនជាគោលដៅមួយចំនួនផ្សេងទៀត ឱ្យចៀសផុតពីហានិភ័យហិរញ្ញវត្ថុនៅពេលមកប្រើប្រាស់សេវាថែទាំសុខភាពនៅពេលមានជំងឺ ឬបញ្ហាសុខភាព។
៤. ដោយឡែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតតីមន្ត្រីរាជការ និងអតីតយុទ្ធជន បន្ទាប់ពីរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពសម្រាប់កម្មករ និយោជិតក្នុងប្រព័ន្ធ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៦។ នេះជាវឌ្ឍនភាពមួយ នៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ដែលបានបញ្ជាក់ពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់អភិក្រម នៃការឈានជាជំហានៗ ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដោយមានសង្គតិភាពជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០៣០។
៥. អត្ថប្រយោជន៍ផ្នែកសុខភាពដែលប្រជាជននឹងទទួល បានត្រូវឈរលើគោលការណ៍ចម្បងពីរយ៉ាងគឺ ទី១). ត្រូវមានសេវាថែទាំសុខភាព ហើយសេវាទាំងនោះឤចប្រើប្រាស់បាននៅពេលត្រូវការ ទី២). ត្រូវធានាថាគ្មានប្រជាជនណាម្នាក់ត្រូវបានបោះបង់ចោល និងមិនបានទទួលសេវាថែទាំសុខភាពនៅពេលមានជំងឺដង្កាត់ និងនៅពេលមកដល់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះទេ។ ចំណុចនេះគឺជាគុណតម្លៃសមធម៌ នៃការផ្តល់សេវាសុខាភិបាល ដូច្នេះក្រសួងសុខាភិបាលត្រូវបន្តការខិតខំប្រឹងប្រែងក្នុងការចាត់ចែង និងគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលមានឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅពង្រីកការគ្រប ដណ្តប់នៃសេវាថែទាំសុខភាព និងការគាំពារសុខភាពសង្គម ឱ្យកាន់តែមានភាពឆ្លើយតបជាសារវន្ត និងគណនេយ្យភាពចំពោះតម្រូវការផ្នែកសុខភាពរបស់ប្រជាជន។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល!
យើងទទួលស្គាល់ថា ប្រភពហិរញ្ញប្បទានសុខាភិបាលមានស្ថិរភាព បរិមាណធនធានសមល្មម គឺជាកត្តាគន្លឹះដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ក៏ប៉ុន្តែនៅមានកត្តាចម្បងមួយទៀត ដែលមានផលប៉ះពាល់ដល់លទ្ធផល នៃការផ្តល់សេវានោះ គឺអភិបាលកិច្ចល្អ នៃប្រព័ន្ធសុខាភិបាលដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះសមាសធាតុសំខាន់ៗ ដែលក្រសួងសុខាភិបាលត្រូវគិតគូរឱ្យបានហ្មត់ចត់ ដាក់ចេញវិធានការជាក់លាក់ ការងារអនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រួតពិនិត្យឱ្យបានដិតដល់រួមមាន៖
ទី១. ពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាល ទាំងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមន្ទីរពេទ្យឱ្យមានសមត្ថភាពខ្ពស់ ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន លើកកម្ពស់ការអប់រំសតិឤរម្មណ៍មន្ត្រី បគ្គលិកសុខាភិបាល ការប្រតិបត្តិល្អតាមក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថសមរម្យជាមួយប្រជាជន។
ទី២. ត្រូវយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចធនធានមនុស្សក្នុងវិស័យសុខាភិបាល ផ្អែកតាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័ន និងបង្កើនផលិតភាពនៃការផ្តល់សេវាទាំងបរិមាណ និងគុណភាព ក្នុងខណៈដែលរាជរដ្ឋាភិបាលបានផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដល់មន្ត្រីសាធារណៈ ដោយរាប់បញ្ចូលទាំងមន្ត្រីបុគ្គលិកសុខាភិបាល ដូចជាការបង្កើនបៀវត្សរ៍ បង្កើនប្រាក់ឧបត្ថម្ភដល់មន្ត្រីសាធារណៈជាស្ត្រីនៅពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពជាដើម។
[ចាប់ផ្តើមសេចក្តីអត្ថាធិប្បាយ]
ការបែងចែកគ្រូពេទ្យ បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជន
… កាលមុននេះ ខ្ញុំក៏បាននិយាយនៅក្នុងសន្និបាតអំពីបញ្ហានៃការគ្រប់គ្រង និងការបែងចែងធនធានមនុស្ស ដែលការសិក្សាប្រហែលជាជិតប្រមាណ ២០ ឆ្នាំមុន យើងបានឃើញនៅពេលនោះ គឺចំនួនគ្រូពេទ្យ(ប្រមាណ ៧០%) បម្រើប្រជាជននៅឯទីប្រជុំជនប្រមាណជា ៣០ ភាគរយ។ ឯ ៣០ ភាគរយនៃគ្រូពេទ្យ គឺបម្រើប្រជាជននៅឯជនបទប្រមាណជា ៧០ ភាគរយ គឺជាការផ្ទុយ។ អម្បាញ់មិញនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ … បើយើងពិនិត្យចំនួនគ្រូពេទ្យដែលយើងមានគិតប៉ុន្មានឆ្នាំមុននេះ មិនដល់ ២ ម៉ឺននាក់នោះទេ។ ឥឡូវនេះ ចំនួនគ្រូពេទ្យរបស់យើងមានទៅដល់ ២៥.៤៥៩ នាក់ បន្ទាប់ពីយើងអនុញ្ញាតឲ្យគ្រូពេទ្យ ដែលបម្រើការងារតាមកិច្ចសន្យាចូលផង និងជ្រើសរើសមួយចំនួនផង។ ក្នុងនេះមាននិយាយត្រឹមពីបុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់ខេត្តមានចំនួន ១៨.៥៨៤ នាក់ ឬស្មើនឹង ៧២,៩៩% នៃបុគ្គលិកសុខាភិបាលសរុបនៅឆ្នាំ ២០១៧។
ចំណុចនេះ និយាយត្រឹមតែថ្នាក់ខេត្តប៉ុណ្ណោះ ប៉ុន្តែ ត្រូវដឹងថាថ្នាក់ខេត្តវាមានស្រុក មានឃុំ និងមានភូមិ អញ្ចឹងបញ្ហាក្រែងលោខាងលើបន្ថយមែន ចំនួននេះត្រូវបានថយ ៧៣% ដូច្នេះ ១៧%ទេ ដែលនៅក្នុងក្របខណ្ឌនៃថ្នាក់ជាតិ។ ប៉ុន្តែ ថាឥឡូវយើងនិយាយលេខគត់ចុះ។ មួយ ៧៣% មួយទៀត ១៧% ក្រែងលោ ៧៣% ជាទំហំប្រមូលផ្តុំនៅក្របខណ្ឌខេត្ត ដែលមិនបានពង្រាយចុះទៅតាមបណ្តាមន្ទីរពេទ្យ ដែលនៅតាមស្រុក តាមឃុំ។ ចំណុចនេះជាចំណុចដែលយើងត្រូវតាមដានមើល។ បើមិនដូច្នេះ នៅកន្លែងដែលមានប្រជាជនច្រើន គ្រូពេទ្យនៅតែមានចំនួនតិច។ ខ្ញុំស្នើឲ្យមានការយកចិត្តទុកដាក់លើការបែងចែកគ្រូពេទ្យរបស់យើង ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជននៅឯជនបទ។
ការបែងចែកពេទ្យត្រូវទៅជាមួយនឹងការវិនិយោគជាក្របខណ្ឌមន្ទីរពេទ្យ
… យើងមិនអាចបែងចែកគ្រូពេទ្យដោយមានតែគ្រូពេទ្យ ដោយខ្វះឧបករណ៍ សម្ភារៈ និងថ្នាំពេទ្យទៅជាមួយទេ។ យើងត្រូវតែមានការបែងចែក កាលណាមានមន្ទីរពេទ្យ។ បើអត់មានមន្ទីរពេទ្យ ហើយយើងបែងចែកពេទ្យទៅ វាក៏អត់បានការអីដែរ។ យើងត្រូវទៅជាមួយនឹងការវិនិយោគជាក្របខណ្ឌមន្ទីរពេទ្យ ការបំពាក់ជាឧបករណ៍នានា ហើយក៏វាឲ្យស្របជាមួយនឹងបច្ចេកទេស នៃគ្រូពេទ្យដែលបានរៀនសូត្រនេះផងដែរ។ ឧទាហរណ៍ កន្លែងហ្នឹងគ្មានកន្លែងវះកាត់ទេ ក៏ប៉ុន្តែយើងយកគ្រូពេទ្យវះកាត់ទៅដាក់កន្លែងដែលមិនមានកន្លែងវះកាត់ …។ ចំណុចនេះ យើងត្រូវផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការបែងចែក។ ម្យ៉ាងទៀត ប្រទេសរបស់យើងបច្ចុប្បន្ននេះ មិនដូចអតីតកាល ដែលកន្លែងនេះសង្រ្គាម កន្លែងនោះមានបញ្ហានេះ បញ្ហានោះ ហើយប្រកបដោយគេហៅថាការលំបាកទាក់ទិនជាមួយនឹងការធ្វើដំណើរទេ។ ឥឡូវប្រទេសអត់មានសង្រ្គាមទេ។ សម័យដើមឮតែសង្រ្គាមហ្នឹង គ្រូពេទ្យមិនព្រមទៅទេ។
ប្រវត្តិសិស្សពេទ្យកាលពីសម័យដើម
កាលពីដើមយើងបានដឹងហើយ សាលាក្រហមរបស់យើង ខ្ញុំនិយាយប្រវត្តិកន្លែងហ្នឹងបន្តិច អ្នកដែលចូលរៀនមហាវិទ្យាល័យពីដើម សុទ្ធតែត្រូវចុះកុងត្រាជាមួយរដ្ឋ ថាឲ្យតែចប់មហាវិទ្យាល័យហើយ ត្រូវតែបម្រើការឲ្យរដ្ឋ។ កាលសម័យនោះ គេលេងសុទ្ធតែអញ្ចឹង។ យើងបញ្ជូនពីរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង តំបន់ដាច់ស្រយាល យកមកចូលរៀន ប៉ុន្តែការពិតមិនមែនអ្នកទាំងនោះមករៀនឯណា។ អ្នកខេត្តនោះបញ្ជូនឈ្មោះមកគ្រាន់តែប្រថាប់ត្រាទេតើ។ កូនអ្នកភ្នំពេញសោះ។ ដល់រៀនហើយ ធ្វើម៉េចនឹងទៅ។ នៅភ្នំពេញហ្នឹង។ ចុះបើគាត់ជាកូនអ្នកភ្នំពេញ។ ពេលនោះយើងក៏មានការយោគយល់ អធ្យាស្រ័យខ្លះដែរ ដោយសារតែរកសិស្សនៅឯតាមតំបន់នោះមិនបាន។ ប៉ុន្តែមានកន្លែងខ្លះ ក៏គេហៅថា កន្ទេលធំបន្លំដេក។ អញ្ចឹងទេ ឧទាហរណ៍ថា ឲ្យកូតាទៅមណ្ឌលគិរី ៣ នាក់ គាត់ដាក់អ្នកភ្នំពេញពីរនាក់ទៅ គាត់ដាក់មណ្ឌលគិរីតែម្នាក់ ដល់ទៅពេលរៀនចប់ មិនមែនអ្នកមណ្ឌលគិរីក៏មិនទៅ ហើយអ្នកនៅមណ្ឌលគិរីក៏មិនព្រមត្រឡប់ទៅវិញ។ នៅភ្នំពេញបណ្តោយ។ យើងនៅតែអត់។ ដោយសារអី? ស្ថានភាពពេលនោះសង្រ្គាមផង ហើយផ្លូវទៅមណ្ឌលគិរី មួយអាទិត្យបានធ្វើដំណើរទៅដល់។
៩២% នៃមណ្ឌលសុខភាពមានអគ្គិសនីប្រើប្រាស់
ប៉ុន្តែ ឥឡូវនេះ អត់ត្រូវការមួយអាទិត្យទេ។ ចេញតែមួយភ្លែតដល់មណ្ឌលគិរី … ស្ថានភាពវាខុសប្លែកគ្នា ហើយម្យ៉ាងទៀត គួរកត់សម្គាល់ថា ៩២% នៃមណ្ឌលសុខភាពសរុប ១.១៩០ មានបណ្តាញអគ្គិសនីប្រើប្រាស់។ ខុសគ្នាកាលពីសម័យមុន ដែលប្រើចង្កៀងប្រេងកាត។ ខ្ញុំនិយាយរឿងពីមុនបន្តិច។ ពេលដែលគេខ្វេះភ្នែកខ្ញុំ គេខ្វេះនឹងពន្លឺចង្កៀងប្រេងកាតទេ។ មិនមែនមានអគ្គិសនីបញ្ចាំងភ្នែកទេ។ ខ្ញុំត្រូវគេចងដៃជាប់អញ្ចឹងទៅ ចាក់ថ្នាំងងុយដេកបន្តិច ហើយថ្នាំស្ពឹក ហើយខ្វេះតែម្តង។ ឥឡូវនេះ ៩២% ទៅហើយមានអគ្គិសនី … បើមិនទាន់មាន ក៏មានផ្ទាំងពន្លឺព្រះអាទិត្យ ឬអាគុយប្រើប្រាស់ដែរ។
យកចិត្តទុកដាក់លើការរស់នៅរបស់គ្រូពេទ្យ ដូចជាការរស់នៅរបស់គ្រូបង្រៀន
… ម៉្យាងទៀតយើងក៏ត្រូវផ្សារភ្ជាប់យកចិត្តទុកដាក់ទៅលើបញ្ហាការរស់នៅរបស់គ្រូពេទ្យ ដូចជាការរស់នៅរបស់គ្រូបង្រៀនផងដែរ ទើបយើងពង្រាយគ្រូពេទ្យទៅបាន។ បញ្ហានេះ ក៏ត្រូវគិតគូរជាមួយនឹងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ យើងពង្រាយគ្រូកន្លងទៅ ដែលគ្រូបានទៅនៅជនបទ គឺយើងផ្តល់ប្រាក់ឲ្យគ្រូបន្ថែមទៅលើតម្លៃនៃការស្នាក់អាស្រ័យរបស់ពួកគាត់មាន ៨ ម៉ឺនរៀល មាន ១០ ម៉ឺនរៀល មាន ១២ ម៉ឺនរៀល។ អញ្ចឹងទេ ចំណុចនេះ ខ្ញុំមិនដឹងថាតើការពង្រាយគ្រូពេទ្យនេះ បានផ្តល់អត្ថប្រយោជន៍ នូវកន្លែងស្នាក់នៅហើយឬនៅ? កំពុងតែពិភាក្សាគ្នា។ ខ្ញុំលើកទឹកចិត្តឲ្យធ្វើ បើមិនដូច្នោះ ពង្រាយទៅអត់ផ្ទះនៅ ហើយប្រាក់ខែវាមិនគ្រប់ជួលផ្ទះវាមានបញ្ហាទៀត។
សន្និបាត ៣៩ ឆ្នាំ ចូលរួមបាន ៣៨ ឆ្នាំ/តាមដានការវិវឌ្ឍប្រែប្រួលពីការរៀបចំធនធានមនុស្ស
… នេះគឺជាចំណុចដែលខ្ញុំសុំទាក់ទាញនូវការយកចិត្តទុកដាក់ (ផ្អែកតាម)ការសិក្សានេះ។ ខ្ញុំក៏សុំបញ្ជាក់ឡើងវិញ ក្នុង ៣៩ ឆ្នាំនេះ មានតែឆ្នាំទៅមួយគត់ ដែលខ្ញុំអត់បានចូលរួម។ សន្និបាតសុខាភិបាលរយៈពេល ៣៩ ឆ្នាំ គឺខ្ញុំចូល ៣៨ ឆ្នាំ។ បានសេចក្តីថា សន្និបាតទី ១ នៅដើមឆ្នាំ ១៩៨០ ដំណើរការបើកត្រឹមសាលាពេទ្យតែម្តង ហើយខ្ញុំចូលគ្រប់ពេលនៃសន្និបាត។ ដូច្នេះបានជាខ្ញុំតាមដានការវិវឌ្ឍប្រែប្រួលតាំងពីការរៀបចំធនធានមនុស្សសិក្សាអំពីបញ្ហាហ្នឹង។ អញ្ចឹងកុំឲ្យ ៧៣%, ៧២,៩៩% វានៅកកកុញ ប្រមូលផ្តុំតែនឹងនៅខេត្ត ហើយដឹងថាខេត្ត គឺវាមានស្រុក មានឃុំ។
បែងចែកពលកម្មសង្គម បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិស័យការពារជាតិ
… តំបន់មួយចំនួនដែលក្នុងរយៈកាលប៉ុន្មានឆ្នាំមុននោះ យើងបានទៅវាស់ដីធ្លីជូនប្រជាពលរដ្ឋ បង្កើតបានជាភូមិថ្មីៗ។ ចំណុចនោះហើយដែលខ្ញុំបានលើកវិស័យមួយ ដែលត្រូវផ្តល់អាទិភាពសម្រាប់ការតាំងទីលំនៅថ្មីរបស់ប្រជារាស្ត្រ។ កាលហ្នឹងយើងចាត់តាំងឲ្យយុវជនយើងចុះវាស់វែងដីធ្លី តាមរយៈនោះ ភូមិថ្មីៗបានកើតឡើងច្រើនណាស់។ បញ្ហាប្រឈមរបស់ពួកគាត់មានស្អីខ្លះ? ផ្លូវថ្នល់ដែលចូលទៅដល់ ត្រូវកសាង ដោះស្រាយទឹក សាលារៀន មណ្ឌលសុខភាព។ បើគ្មានអា ៤ នេះទេ គាត់ទៅនៅយ៉ាងម៉េច? បើអត់ផ្លូវទៅ វាពិបាក។ ទឹកស្រោចស្រពក៏គ្មាន ទឹកផឹកក៏គ្មាន កូនរបស់គាត់ត្រូវការរៀន អត់សាលា គាត់ឈឺអត់មានពេទ្យ។ (ការនេះនឹងធ្វើអោយ)ការបែងចែកពលកម្មសង្គមឡើងវិញ ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិស័យការពារជាតិ នៅតែមិនអាចធ្វើបាន។
ចក្ខុវិស័យទាំងអស់មានក្នុងសៀវភៅ ១០ ឆ្នាំនៃដំណើរកម្ពុជា
… អាចមានអ្នកដែលចង់ដឹងថា ចក្ខុវិស័យរបស់ខ្ញុំយ៉ាងម៉េច។ សូមអានសៀវភៅ ១០ ឆ្នាំនៃដំណើរកម្ពុជា ដែលខ្ញុំបានសរសេរតាំងពីឆ្នាំ ១៩៨៨ នៅក្នុងពេលនោះចរចាផង ធ្វើការផង សរសេរសៀវភៅផង ហើយសៀវភៅនេះសរសេរលើយន្តហោះក៏មាន សរសេរនៅប្រទេសនេះ ប្រទេសនោះ ដើម្បីឲ្យចងក្រងទៅជាសៀវភៅមួយ … មានឈ្មោះថា “១០ ឆ្នាំនៃដំណើរកម្ពុជា”។ ក្នុងហ្នឹងមាននិយាយអំពីការបែងចែកពលកម្មសង្គមឡើងវិញ ដើម្បីបម្រើឲ្យវិស័យការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ មានរៀបរាប់តាំងពីដំណើរការត្រូវបោះសំអាតចោលគ្រាប់មីន ត្រូវបំបាត់ជំងឺគ្រុនចាញ់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ពិតមែនហើយ បើនិយាយពីអាយុ ពេលនោះខ្ញុំទើបតែមានអាយុ ៣៦ ឆ្នាំទេ។ ពេលសរសេរសៀវភៅនោះ។ ប៉ុន្តែវាក៏បានផ្តល់ចក្ខុវិស័យសម្រាប់ថ្ងៃនេះដែរ ព្រោះដង់ស៊ីតេប្រជាជន (ពេលនោះ និងពេលនេះ)ខុសគ្នា។ សម័យនេះ ធូរស្រាលទេ ព្រោះអស់សង្គ្រាមទៅ។
ពីដើមមានតែបង់លុយឲ្យយកដី ឥឡូវបន្តិចកាន់កាប់ បន្តិចបូមយក
ពីដើម អត់មានអ្នកដណ្តើមដីគ្នាទេ។ ឲ្យដីហើយមិនយកទៀត ក្រោយរំដោះ ១៩៧៩។ ពិតមែនតែខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេស ក៏ប៉ុន្តែខ្ញុំមានអំណាចច្រើនណាស់ នៅក្នុងរដ្ឋាភិបាលជាន់នោះ។ ក្រោយមកខ្ញុំកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី។ ដើម្បីឲ្យប្រជាជនអាចទៅធ្វើដី ១ ហិកតា ត្រូវប្រគល់លុយឲ្យគាត់ប៉ុន្មាន។ ពេលនោះ ញឹម វណ្ណដា នៅក្រសួងផែនការ។ ពេលនោះ ត្រូវប្រគល់លុយឲ្យគាត់ទៅស្តារដីថ្មី។ អញ្ចឹងបានជាខ្ញុំអត់យល់ទេ អ្នកខ្លះទាស់គ្នានៅប៉ោយប៉ែត ថាគាត់កាន់កាប់នៅប៉ោយប៉ែតតាំងពីឆ្នាំ ១៩៧៩។ មើលយើងជួយគិតគ្នាមើល។ ប៉ោយប៉ែតជាកន្លែងវាយគ្នា។ ដល់ប្តឹងផ្តល់គ្នាមក គឺថាកាន់កាប់តាំងពី ១៩៧៩។ ខ្លះថា ១៩៨២។ ខ្ញុំជាមួយ ទៀ បាញ់ ធ្វើដំណើរជាមួយគ្នាតាំងពីសិរីសោភ័ណ ទៅប៉ោយប៉ែត កាលហ្នឹង ឆ្លងស្ពានដែកទៅខាងថៃ ហើយ ប្រាវិត វង្សសុវណ្ណ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃរាល់ថ្ងៃនេះ ពេលនោះគាត់នៅសក្តិ ៥ ទៅរង់ចាំទទួលខ្ញុំ នាំទៅ អារញ្ញប្រាថេត ហើយបានឡើងឧទ្ធម្គាចក្រ ចុះពីអារញ្ញប្រាថេត ទៅបាងកកជួប ឆាតឆៃ ឈុនហាវណ្ណ និង ឆាអូវ៉ាលិត យុងឆៃយុទ្ធ។
ពេលនោះស្រួចដូចចុងម្ជុលអីចឹង។ យើងធ្វើដំណើរតាមឡានកុម្ម៉ងកា តាមផ្លូវដែលសុទ្ធតែព្រៃស្បូវ ព្រៃត្រែងសងខាង រួចហើយ អាពត វាយម្ខាង ត្រីភាគីខាង KPNLF និងហ្វ៊ុនស៊ិនប៉ិច វាយម្ខាង។ ទៅតាមច្រកហ្នឹង។ រួចដល់ឥឡូវមកប្តឹងផ្តល់គ្នា ខ្ញុំកាន់កាប់តាំងពីឆ្នាំ ១៩៧៩។ ឥឡូវ ធ្លាក់ដល់រតនគីរី មណ្ឌលគីរី ស្ទឹងត្រែងឯណា មកអះអាងថា កាន់កាប់តាំងពីឆ្នាំ ១៩៨២, ១៩៨៣។ ជំនាន់នោះមានតែជំនាន់រត់ចោលដី មិនមែនជំនាន់ទៅរកដីទេ។ ដើម្បីទៅរកដី ត្រូវឲ្យលុយ។ ស្ថានភាពវាអញ្ចឹង … ពិតមែនហើយមុនសង្គ្រាមឆ្នាំ ១៩៧០ មានការផ្លាស់ប្តូរស្ថានភាព ដោយសារប្រជាជនមានតម្រូវការដីធ្លី អញ្ចឹងប្រជាជនអ្នកតាមមាត់ទន្លេមួយចំនួន ត្រូវទៅរកដីនៅតាមជនបទ។ ពេលនោះ ជម្លោះដីធ្លីក៏មានការកើតឡើង។
ដល់សង្គ្រាមឆ្នាំ ១៩៧០ រត់ចោលដីធ្លីអស់រលីង។ ដល់ អាពត មក អាពត ប្រមូលយកដីអស់រលីង។ ដល់ពេលយើងចូលមកកាន់កាប់ មានប៉ុន្មានធ្វើប៉ុណ្ណឹង។ បើចង់ឲ្យរីកដីថែម ត្រូវថែមលុយ។ ដល់ឥឡូវមិនបាច់ថែមទេ ទៅកាប់យក ហើយតែធ្មេចភ្នែកបន្តិចកាប់ ធ្មេចភ្នែកបន្តិចបូមដាក់។ ឥឡូវទ្រឹស្តីព្រហ្មនាគរាជកំពុងអនុវត្តហើយ… ព្រហ្មនាគរាជឃោសនាតាំងពីឆ្នាំ ១៩៩៣។ ដំបូង ព្រហ្មនាគរាជថានឹងរានសមុទ្រយកដីឲ្យប្រជាជនធ្វើស្រែ ធ្វើចំការ។ ខ្ញុំថា តា នាគរាជ អើយ មិនទាន់ដល់ដំណាក់កាលហ្នឹងទេ។ តែឥឡូវដល់ដំណាក់កាលហ្នឹងហើយ។ ប៉ុន្មានថ្ងៃមុនខ្ញុំនិយាយថា គេបូមនៅកោះកុងដាក់សមុទ្រ រានយកដី …។
ប្រវត្តិគ្រូពេទ្យកោសខ្យល់
ប៉ុន្តែប្រវត្តិពេទ្យរបស់យើង ខ្ញុំបាននិយាយហើយ ចាប់ផ្តើមពីគ្រូពេទ្យកោសខ្យល់។ អ្នកការទូត និងបរទេសទាំងឡាយ អត់ទាន់ដឹងថាគ្រូពេទ្យកោសខ្យល់វាយ៉ាងម៉េចទេ។ ពេលហ្នឹង យើងខ្ញុំបង្កើតនូវគិលានដ្ឋានមួយចំនួននៅតាមឃុំ … យើងមានគ្រូពេទ្យ ប៉ុន្តែអត់មានថ្នាំពេទ្យ។ ដល់អត់មានថ្នាំពេទ្យ អ្នកជំងឺទៅដល់មិនដឹងធ្វើម៉េច គ្រូពេទ្យកោសខ្យល់ឲ្យអ្នកជំងឺ។ ខ្ញុំនិយាយនេះ មិនមែនបង្អាប់គ្រូពេទ្យទេ តែខ្ញុំចង់លើកកម្ពស់គុណធម៌របស់គ្រូពេទ្យ។ ធ្វើម៉េចចង់ឲ្យអ្នកជំងឺជា តែអត់មានថ្នាំ ដល់អត់មានថ្នាំ គឺថាសុខចិត្តកោសខ្យល់ឲ្យ។ ឥឡូវកាន់តែតម្រូវឲ្យមានការរៀបចំជាបន្តបន្ទាប់។ ខ្ញុំសូមធ្វើអត្ថាធិប្បាយទៅលើចំណុចនេះ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ទៅលើការរៀបចំបែងចែកគ្រូពេទ្យ ជាមួយនឹងឧបករណ៍សំភារៈ ដើម្បីយើងវិនិយោគឲ្យចំគោលដៅ ដើម្បីគ្រប់ទីកន្លែង ដើម្បីប្រជាជនមានសេវាសុខាភិបាល សម្រាប់ការប្រើប្រាស់នៅពេលដែលខ្លួនមានតម្រូវការ។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
ទី៣. ពង្រឹងសមត្ថភាពនិយ័តកម្មរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងសុខាភិបាលបានធ្វើប្រតិភូកម្មមុខងារនិយ័តកម្មនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលនៅលើទីផ្សារសុខភាពនៅក្នុងកាលៈទេសៈ ដែលផ្នែកសុខាភិបាលឯកជន កំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា។
ទី៤. ដើម្បីទទួលបានប្រសិទ្ធភាពនៃការងារនិយ័តកម្មនេះ ត្រូវធានាថា សេវាថែទាំសុខភាពដែលផ្តល់ដោយផែ្នកសុខាភិបាល ជូនប្រជាជនត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារ គុណភាព និងក្រមសីលធម៌ ។ ដូច្នេះត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃមួយជាក់លាក់ ដើម្បីធានាឱ្យប្រជាជនដែលបានចំណាយលើការថែទាំសុខភាពទទួលបានមកវិញនូវគុណប្រយោជន៍ផែ្នកសុខភាព ពោលគឺទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។
ទី៥. បង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់បងប្អូនប្រជាជនយើងឱ្យបានយល់ដឹងជ្រួតជ្រាប ពិសេស ពាក់ព័ន្ធនឹងសុខភាព អនាម័យ មូលនិធិសមធម៌ ការវិវឌ្ឍថ្មីៗក្នុងវិស័យសុខាភិបាលជាដើម។ ទន្ទឹមនោះ ត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានអនុលោមតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ ២០១០- ២០២០ ដែលមានគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យឆ្លើយតបនឹងតម្រវូការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយគុណភាព នៃជីវិតរស់នៅរបស់ប្រជាជន។
ក្នុងន័យដូចបានលើកឡើងនេះ ខ្ញុំមានជំនឿំយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។ សមិទ្ធផលថ្មីៗដែលទទួលបានតាមទិសដៅ ដែលបានលើកឡើងក្នុងអង្គសន្និបាត ជាមួយនឹងការស្នើឡើងទាំងអស់នេះ ពិតជានឹងរួមចំណែកយ៉ាងសំខាន់ដល់ការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិឱ្យប្រកបដោយចីរភាព បរិយាប័ន្ន ដើម្បីត្រៀមលក្ខណៈធ្វើសមាហរណកម្មឱ្យកាន់តែមានលក្ខណៈពេញលេញ ទូលំទូលាយ ទាំងក្នុងតំបន់ និងក្នុងពិភពលោក។
ជាទីបញ្ចប់ ជាមួយនឹង «ការប្រកាសបិទសន្និបាតសុខាភិបាល លើកទី ៣៩» និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ខ្ញុំសូមប្រសិទ្ធពរជូនសមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕