សុន្ទរកថា និងសង្កថា ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី ៣៩

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ -សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមនៅក្នុងពិធី «បិទសន្និបាតសុខាភិបាលលើកទី ៣៩» ដែលបានដំណើរការអស់រយៈពេល ២ ថ្ងៃ កន្លងមកនេះ។ ជាបឋម ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រចំពោះរបាយការណ៍ បូកសរុបការងារអង្គសន្និបាត ដែលបានលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសូមកោតសរសើរចំពោះលទ្ធផល នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិតនៅលើគន្លងផ្លូវត្រូវ និងមានវឌ្ឍនភាពល្អប្រសើរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ឤជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ/សង្កាត់ សមាគមវិជ្ជាជីវៈ សុខាភិបាល…