រដ្ឋមន្រ្តីការងារ៖ កង្វះធនធានមនុស្សមានសមត្ថភាព ជាឧបសគ្គក្នុងការទាក់ទាញវិនិយោគពីបរទេស និងការប្រជែងជាមួយប្រទេសក្នុងតំបន់
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កង្វះធនធានមនុស្សមានសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់ការទាក់ទាញវិនិយោគពីបរទេស ពិសេសប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងវិស័យសេដ្ឋកិច្ច។ លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ លោកថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការខ្វះខាតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេស ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់»។ លោករដ្ឋមន្រ្តីបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានឡើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញកម្លាំងពលកម្មសម្រាប់យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្សដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាពបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ និងដើម្បីកសាងកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាពការងារខ្ពស់សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងសង្គម…