FN ៖ កម្ពុជា និងតួកគី បានសន្យារួមគ្នាជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឲ្យបានឆាប់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ខណៈកិច្ចព្រមព្រៀងនៃការហោះហើរត្រង់រវាងប្រទេសទាំងពីរបានចុះហត្ថលេខារួចរាល់ហើយនោះ។
ការសន្យាបានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបជម្រាបលាក្នុងពេលដែលលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។
ក្នុងជំនួបជម្រាបលា ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ប្រមុខការទូតកម្ពុជា និងលោក Ilhan Kemal Tug បានពិភាក្សាលើការងារជាច្រើន ដែលសម្រេចបានក្នុងអាណត្តិរបស់លោក និងការងារមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគីត្រូវអនុវត្តន៍បន្ត។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះលោក Ilhan Kemal Tug បានថ្លែងអំណរគុណលោក ប្រាក់ សុខុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានគាំទ្រ និងចូលរួមសហការល្អធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
ជំនួបនាព្រឹកមិញ ក៏បានពិភាក្សាផងដែរទៅលើការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Ilhan Kemal Tug បានគូសបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះឆ្នាំ២០១៧កន្លងទៅទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានរហូតដល់ទៅ ៧៥លានដុល្លារអាមេរិក។
ទោះបីទំហំពាណិជ្ជកម្មមានការកើនឡើង តែទាំងលោក ប្រាក់ សុខុន និង លោក Ilhan Kemal Tug មើលឃើញដូចគ្នាថា ទំហំពាណិជ្ជកម្មនេះមិនទាន់ឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយនោះទេ។ ក្នុងន័យនេះភាគីទាំងពីរ បានស្នើឲ្យមានការកោះប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះនៃប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក ប្រាក់ សុខុន និង លោក Ilhan Kemal Tug ក៏បានពិភាក្សាពីគម្រោងហោះហើរត្រង់នៃប្រទេសទាំងពីរ ដោយបានរំលឹកថា ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរួចហើយពីការហោះហើរត្រង់ ប៉ុន្តែមិនទាន់មានការហោះហើរត្រង់នៅឡើយ។ បញ្ហានេះ ទាំងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិការងារនៅកម្ពុជា សុទ្ធតែបានយល់ស្របពីសារៈសំខាន់នៃការហោះហើរត្រង់នេះ ហើយសន្យាជំរុញរដ្ឋាភិបាលតួកគីឲ្យបើកការហោះហើរត្រង់មកកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
ក្នុងជំនួបនាព្រឹកមិញ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ដែលបានអញ្ជើញរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅតួកគីក្នុងអំឡុងឆ្នាំ២០១៨នេះ។ បើតាមលោក ប្រាក់ សុខុន មានឯកសារជាច្រើននឹងត្រូវចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចនេះ។
តាមរយៈឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់តួកគី លោក ប្រាក់ សុខុន ក៏បានឆ្លៀតអរគុណរដ្ឋាភិបាលតួកគី ដែលបានគាំទ្ររាល់ចំណាត់ការច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាការរំលាយគណបក្សសង្គ្រោះជាតិ ហើយក៏បានស្នើតួកគីជួយផ្តល់ជំនួយបោសសំអាតមីននៅកម្ពុជាផងដែរ៕