សុន្ទរកថា ក្នុងពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨”
ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលខ្ញុំបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elysée) ជាមួយឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។ ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានស្នើមកខ្ញុំ ដើម្បីសាងសង់វិមាននេះឡើងវិញនៅលើទីតាំងដដែល ដោយយកតាមលំនាំដើមរបស់លោក ប៉ូល…