រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអគ្គរដ្ឋទូតកូរ៉េ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ នៃគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ
FN ៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (KOICA) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ នៃគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី ដោយមានការចូលរួមជាកត្តិយសចូលរួម បិទក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សិក្ខាសាលានេះបានរៀបចំធ្វើនៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ដែលមានទីតាំងស្ថិតនៅភូមិផ្គង់សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។ លោក អ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី បានបញ្ជាក់អំពីគោលបំណងនៃសិក្ខាសាលានេះថា ជាការចែករំលែងចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) និងប្រជាពលរដ្ឋ ដែលបានរួមគ្នាអនុវត្តគម្រោងខាងលើឲ្យទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ លោកបានឲ្យដឹងទៀតថា «ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជ(KOICA) បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី។ គម្រោងនេះមានសមាសភាគចំនួន៣គឺ៖ ការរៀបចំតាក់តែងគោលនយោបាយ ចលនាភូមិថ្មីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ (CKRDC)…