FN ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានផ្តល់ជំនួយ និងឥណទានមានការប្រាក់ទាបប្រមាណ៤១លានអឺរ៉ូ ដែលស្មើនឹងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២ នៅតាមបណ្តាខេត្ត ជាពិសេសលើគម្រោងទឹកស្អាត និងអនាម័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយ និងឥណទាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី២រវាងភាគីកម្ពុជាដែលដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមភាគីបារាំងដែលដឹកនាំដោយលោក Philippe BAUDUIN នាយកប្រតិបត្តិរងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្នាក់ការកណ្តាលរបស់ AFD នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ បារាំង-កម្ពុជាបានចុះកិច្ចព្រមព្រៀងចំនួន២រួមមាន៖
១៖ កិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត ក្នុងទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ប្រហែល៤៩លានដុល្លារ
២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ក្នុងទឹកប្រាក់ចំនួន ១លានអឺរ៉ូ ប្រហែល១,២៤លានដុល្លារ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងចូលរួមចំណែកក្នុងផ្តល់ការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធជនបទតាមរយៈការផ្តល់សេវាកម្ម ក៏ដូចជាការតបណ្តាញទឹកស្អាតទៅកាន់ទីជនបទ និងការកសាងសមត្ថភាពមន្រ្តីអនុវត្តគម្រោង និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។
លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងគោលដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា, កិច្ចសហ-ប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលបារាំងតាមរយៈ AFD ក្នុងក្របខណ្ឌឥណទានសម្បទាន ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងត្រូវឲ្យចំនូវអាទិភាពគោលនយោបាយនានារបស់កម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក៏ដូចជាត្រូវឱ្យមានសង្គតិភាពជាមួយគោលនយោបាយក្នុងការខ្ចី ព្រមទាំងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់កម្ពុជាផងដែរ។
នាឱកាសនោះដែរ លោក Philippe Bauduin ក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា។ លោកបានបញ្ជាក់ផងដែរថា AFD គ្រោងនឹងបន្ថែមទំហំហិរញ្ញប្បទានសហប្រតិបត្តិការដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ឲ្យស្របទៅនឹងបរិការណ៍នៃការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជា ហើយក្នុងន័យនេះ លោកនឹងខិតខំជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់កម្ពុជា ក្នុងការស្រូបយកនូវហិរញ្ញប្បទានសហប្រតិបត្តិការនេះពី AFD ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕