សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធភាពយន្ត “«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី”» និងពិសារបាយ
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាបងប្អូនជនរួមជាតិ ដែលកំពុងតែមើលតាមការផ្សាយផ្ទាល់ចេញពីទីនេះ ជាទីគោរពស្រឡាញ់! ថ្ងៃនេះពិធីសម្ពោធដើម្បីចាប់ផ្តើមចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ បានចាប់ផ្តើមដូចការគ្រោងទុក។ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដឹកនាំដោយកូនស្រីជាទីស្រឡាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែងពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវកម្មវិធីនេះឡើង។ (១) ភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” លេចចេញស្របគ្នានឹងសៀវភៅ “បុរសខ្លាំងរបស់កម្ពុជា” ខ្ញុំសូមយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ុយ វាសនា ដែលបានខិតខំធ្វើកិច្ចការនេះដ៏ល្អ។ គួរតែរំលឹកថា រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីនេះ តាមពិតឡើយខ្ញុំមិនដឹងថា រឿងនេះជារឿងអ្វីទេ។ ដូចដែលឯកឧត្តម ហ៊ុយ វាសនា បានលើកអម្បាញ់មិញ ស្របពេលដែលដែលជនបរទេសសរសេរសៀវភៅអំពី “បុរសខ្លាំងរបស់កម្ពុជា” រឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទ ក៏បានលេចចេញ។ ពេលនោះ ខ្ញុំបានស្តាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ។ ខ្ញុំគិតថា រឿងនេះដូចជារឿងរបស់ខ្ញុំណាស់។ ខ្ញុំក៏សាកសួរ។ វាជារឿងរបស់ខ្ញុំមែន។ តាំងពីពេលនោះមក យើងក៏ចាប់ផ្តើមដើម្បីនឹងសម្របសម្រួលធ្វើម៉េចឲ្យរឿងនេះត្រូវទៅតាមលំនាំដើមរបស់វា។ ប៉ុន្តែភាគខ្លះវាបានកន្លងហួស។ ចាំបាច់ត្រូវតែធ្វើការកែសម្រួល។ នៅក្នុងនោះ ការចាក់ផ្សាយតាមវិទ្យុ អាចនឹងមានការខុសគ្នាជាមួយនឹងភាគនិទានដែលមានការបន្ថែមថ្មីនៅក្នុងខ្សែភាពយន្តនេះ។…