សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា, ពិធីប្រារព្ធខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនអតីតយុទ្ធជនទាំងអស់ ជាទីមេត្រី ! ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំមានសេចក្តី រីករាយដោយបានមកចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបាន ប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តែង នូវការដឹងគុណចំពោះ បងប្អូនអតីតយុទ្ធជន, ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ យើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងនៅគ្រប់ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខ័ន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដើម្បី បុព្វហេតុការពារជាតិ មាតុភូមិជាទីស្នេហារបស់យើង និងសូមផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, គ្រប់លំដាប់ថ្នាក់ដែលបាន និងកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងគោលដៅមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រីជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល អញ្ជើញមកពីបណ្តារាជធានីខេត្ត ដែលមានចំនួនសរុបប្រមាណ ២ ៨៦០ នាក់ បានចូលរួមក្នុងពិធីនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច…