FN ៖ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានអង្គរក្ស រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍បានថ្លែងថា «យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវការពារ ឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌មិនឱ្យកើតមាននៅលើទឹកដី កម្ពុជាបានឡើយ»។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខដុមរមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។
លោកបានលើកឡើងថា កម្ពុជាជាបាននឹងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើវិថីមួយ ដ៏ត្រឹមត្រូវនិងមានវឌ្ឍនភាពជាលំដាប់។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិរីកលូតលាស់ និងមានភាព ខ្ពស់មុខខ្ពស់មាត់ ស្មើរភាព ស្មើសិទ្ធិជាមួយប្រទេសក្នុងតំបន់និងពិភពលោក ។ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព។ យើងត្រូវចងចាំជានិច្ចថា អ្វីៗទាំងអស់គឺត្រូវចាប់ផ្ដើមពីសន្តិភាពមុនគេ ដែលយើងត្រូវចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាកស្មុកស្មាញ ទាំងឡាយអំណត់តស៊ូហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពជូនជាតិ និងប្រជាជន។
អគ្គមេបញ្ជាការ បានផ្តល់អនុសាសន៍ដល់នាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងមាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ពិសេសពង្រឹងប្រព័ន្ធការពារទាំងសុខភាព សន្តិសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សក្តិសមជាកងអង្គរក្សដែលមានស្នាដៃល្អឆ្នើម និងមានមនសិការ វិជ្ជាជីវៈយ៉ាងពិតប្រាកដ។ បន្តចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសង្គ្រោះប្រជពលរដ្ឋពីគ្រោះមហន្តរាយនានា និងជួយប្រជាពលរដ្ឋក្នុងបង្កបង្កើនផល ឲ្យសក្តិសមជាកូនចៅប្រជាពលរដ្ឋ ធ្វើអ្វីៗដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅបង្កើនជំនឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ បន្តពង្រឹងនិងពង្រីកគុណភាពហ្វឹកហ្វឺនដោយដើរទន្ទឹមការងារអប់រំចិត្តសាស្រ្តការចិញ្ចឹមទ័ព និងបន្តកសាងជំរំបន្ទាយ ការគ្រប់គ្រងថែរក្សាសម្ភារៈសឹក គ្រឿងបំពាក់ផ្សេងៗឱ្យបានល្អប្រសើរ។
ចំណែក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងពីលទ្ធផលការងាររបស់ បញ្ជាការដ្ឋានអង្គរក្សជាអង្គភាពមួយរបស់ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ជូន សម្ដេចតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈធ្វើពលីកម្មគ្រប់បែបយ៉ាងគ្រប់ឧបសគ្គបូជាអាយុជីវិត ការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ចាត់ទុកជាតិជាធំ។ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់បញ្ជាការដ្ឋានអង្គរក្ស សម្រេចបានស្នាដៃធំៗជាច្រើនក្នុងការរក្សាបានសុវត្ថិភាពនិងសន្តិសុខជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ។ លើសពីនេះបានកសាងអភិវឌ្ឍន៍អង្គភាពឲ្យមានការរីកចំរើនលើ គ្រប់វិស័យទាំងសមរភូមិមុខ និងក្រោយដោយបានលើកកម្ពស់ជាប្រចាំនូវសមត្ថភាព ធនធានមនុស្ស និងកសាងមូលដ្ឋានជំរំបន្ទាយថែរក្សាប្រពន្ធ័ការពារសម្ភារសឹក ការចិញ្ចឹមសត្វគ្រួសារទ័ពជួយបង្កបង្កើនផលនិងជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានផ្តល់ការលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្គរ ១០តោន, ត្រីខកំប៉ុង៥០កេស, មី៥០កេស និងថវិកា ២០លានរៀលផងដែរ៕