សេចក្តីដកស្រង់សង្កថា ក្នុងពិធី សម្ពោធអគារសេនាធិការដ្ឋាន សមិទ្ធផលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម Geng Huichang រដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រហែលជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុងចំណោមការប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺជារឿងមិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។…