FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុងចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេសកំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ។
ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ BRED Populaire របស់បារាំងដែលមានបុគ្គលិក ចំនួន៤ម៉ឺននាក់ ហើយចំពោះលោកផ្ទាល់ គឺមានសេចក្តីរីករាយណាស់ ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចល្អ។ តាមពិតទៅ ធនាគារ BRED Populaire បានបង្កើតឡើងតាំងពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ ក្រុមហ៊ុនបានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឲ្យសហគ្រាសបារាំងបានខ្ចីលុយគ្រប់គ្រាន់ ដើម្បីជម្រុញការងារ វិនិយោគរបស់គេ។
លោក Olivier Klein បានបន្ថែមថា ធនាគារនេះ ក៏បានចាប់ផ្តើមឡើងជាមួយយុទ្ធសាស្ត្រ សហការជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេស សម្រាប់រយៈពេលវែង។
លោក Olivier Klein ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែនដែលបាន គាំទ្រឲ្យធនាគារ BRED Populaire មានវត្តមាននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ ធនាគារ BRED Populaire ដែលបានមកវិនិយោគនៅកម្ពុជា ដែលជាការបង្ហាញឲ្យអ្នកវិនិយោគទុនបារាំងដទៃៗ ទៀតកាន់តែមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុងការមកបណ្តាក់ទុននៅកម្ពុជា៕