- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ថៃ្ងនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុង សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧ ដែល ផ្តោតលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម, កំណើន និងការអភិវឌ្ឍ ក្នុងសម័យឌីជីថល»។ នេះគឺជាលើកទី ១១ ហើយដែលខ្ញុំបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទប្រចាំឆ្នាំដ៏សំខាន់នេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដោយបានអញ្ជើញថ្នាក់ដឹកនាំមកពីខាងរាជរដ្ឋាភិបាល, វិស័យឯកជន, មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិនានាមកជួបជុំគ្នា ធ្វើការពិនិត្យពីសមិទ្ធផលក្នុងពេលកន្លងមក និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកវិធីធ្វើការជាមួយគ្នា ឈានទៅសម្រេចគោលដៅអភិវឌ្ឍ និងបានជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។
ជាប្រពៃណី នៅក្នុងពិធីនេះ ខ្ញុំតែងតែយកឱកាស ដើម្បីចែករំលែកជូននូវស្ថានភាពសេដ្ឋកិច្ច និងចែករំលែកនូវទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងក្នុងឆ្នាំបន្ទាប់។ ជារួម ចាប់ពីឆ្នាំ ២០១៤ មកដល់ពេលនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជាសម្រេចបានតាមការគ្រោងទុក។ ក្នុងនោះ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧% រយៈពេលបីឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៤ និង ២០១៥ ត្រូវបានគាំទ្រដោយអនុវិស័យសំណង់ និងអចលនវត្ថុ ប៉ុន្តែ ត្រូវបានប្រទាញចុះដោយកំណើនទាបជាប់ៗគ្នានៅក្នុងវិស័យកសិកម្ម ដោយសារមកពីឤកាសធាតុ និងការធ្លាក់ចុះនៃទីផ្សារកសិផល។ នៅឆ្នាំ ២០១៦ កន្លងទៅនេះ កម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ ៧,១% ដែលបានទ្រទ្រង់ដោយកាកើនឡើងនៃវិស័យកសិកម្ម និងកំណើនៃវិស័យឧស្សាហកម្មផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ ខណៈដែលកំណើននៃវិស័យសំណង់, វិស័យកាត់ដេរ និងវិស័យអចលនវត្ថុ បានថមថយបន្តិចវិញ ដោយការរឹតបន្តឹងកំណើនឥណទាននៅក្នុងវិស័យធនាគារ, ការប្រែប្រួលនៃរបបពាណិជ្ជកម្ម និងការប្រែប្រួលបរិការណ៍តំបន់។
ជាមួយនេះ ពិតជាមិនឤចប្រកែកបានទេថា ការសម្រេចបាននូវកំណើនថេរក្នុងរង្វង់ ៧% នេះ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលខិតខំការពារជាដាច់ខាតនាពេលកន្លងមក, ពេលបច្ចុប្បន្ន និងទៅអនាគត។
តាមការព្យាករនៅឆ្នាំ ២០១៧ នេះ សេដ្ឋកិច្ចកម្ពុជាឤចនឹងសម្រេចបានក្នុងរង្វង់ ៧% ក្នុងនោះ កំណើនក្នុងវិស័យកសិកម្មរំពឹងថា នឹងល្អប្រសើរឡើងវិញបន្តិច ដូចគ្នាដែរចំពោះកំណើននៃវិស័យកាត់ដេររើបឡើងប្រសើរជាងឆ្នាំ ២០១៦ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយកំណើន ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើស។ ក្រៅពីនេះ កំណើននៃឧស្សាហកម្មផ្សេងៗ មិនមែនកាត់ដេ់រ រំពឹងថានឹងមានកំណើនខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះ រំពឹងថានឹងបន្តរហូតដល់ឆ្នាំ ២០១៨ ដែលកំណើនសេដ្ឋកិចឤចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ ៧%។
ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខនេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមទៅនឹងហានិភ័យពីខាងក្រៅមួយចំនួន ដូចជា ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការតម្លើងអត្រាការប្រាក់គោល របស់ធនាគារកណ្តាលសហរដ្ឋឤមេរិក ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប, ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងការថមថយកំណើនរបស់បណ្តាសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់, ភាពចម្រូងចម្រាសក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងរដ្ឋការរបស់ប្រធានាធិបតីឤមេរិកថ្មី ក៏ដូចជាការកើនឡើងនូវកម្តៅភូមិសាស្ត្រនយោបាយ ជាដើម ៘ លើសពីនេះ ការរំពឹងទុកនូវការងើបឡើងវិញនូវតម្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ហេតុផលទាំងនេះ បង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងពិពិធកម្មក្នុងគោលដៅស្វែងរក តម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តស្ថិរភាពកំណើនក្នុងរយៈពេលមធ្យម និងវែង។
ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន ៧% ដែលនឹង ឤចឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវរួមគ្នាខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវចាត់ទុកថាជា «យុទ្ធសាស្ត្រកំណើនថ្មី» ដែលជាមគ្គុទ្ទេសន៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា, ការធ្វើពិពិធកម្មសេដ្ឋកិច្ច,ការពង្រឹងសមត្ថភាពប្រកួតប្រជែង និង ការលើកកម្ពស់ផលិតភាព ដើម្បីឈានឡើងទៅកាន់ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក។ ជារួម កម្ពុជាត្រូវធ្វើទំនើបកម្មនៃវិស័យឧស្សាហកម្មរបស់ខ្លួន ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយវិស័យនេះនឹងដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រកំណើនថ្មី, ជាកម្លាំងចលករក្នុងការជួយទ្រទ្រង់ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែង, ជាវិស័យដែលមានសក្តានុពល សម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលឤចឆក់ស្រូបយកការវិនិយោគបន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ប្រធានបទនៃសន្និសីទនាថ្ងៃនេះ ចំពេលល្អណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសការធ្វើឧស្សាហូបនីយកម្ម និងចក្ខុវិស័យរបស់យើងលើកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងគោលដៅនេះ កម្ពុជាពិតជាត្រូវប្រឹងប្រែង ប្រកបដោយបុរេសកម្ម ក្នុងការធ្វើពិពិធកម្មនូវមូលដ្ឋានគាំទ្រកំណើន ពិសេសការរុញច្រាននូវដំណើរការផលិតកម្មចូល ទៅក្នុងខ្សែចង្វាក់បង្កើតតម្លៃសកល។ ជាការពិត ខ្សែចង្វាក់បង្កើតតម្លៃសកលបានក្លាយជាចំណុចដ៏សំខាន់មួយនៃប្រព័ន្ធពាណិជ្ជកម្មសកល ខណៈដែលខ្សែចង្វាក់បង្កើតតម្លៃសកលនេះ បានធ្វើឱ្យសហគ្រាសឈានមុខនានាលើពិភពលោកឤចរកធាតុចូលបានកាន់តែមានតម្លៃទាប, ច្រើនមុខ និងមានគុណភាពល្អ ហើយទាំងអស់នេះ បានរួមចំណែកបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង។ ជាក់ស្តែង ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចជាជប៉ុន, កូរ៉េជាដើម គឺច្រើនតែផលិតនូវគ្រឿងផ្សំផ្សេងៗ រួចនាំចេញទៅប្រទេសមានសេដ្ឋកិច្ចកំពុងស្ទុះឡើង ដូចជាចិន, ថៃ, វៀតណាម និងកម្ពុជា ដើម្បីផ្គុំតម្លើងជាផលិតផលសម្រេចសម្រាប់នាំចេញទៅទីផ្សារសកល។
ជាងនេះទៀត មានភស្តុតាងកាន់តែច្រើន បញ្ជាក់ពីទំនាក់ទំនងជាវិជ្ជមានរវាងការចូលរួមកម្រិតខ្ពស់ក្នុងខ្សែចង្វាក់ បង្កើតតម្លៃសកល ជាមួយនឹងសូចនាករសេដ្ឋកិច្ច ដូចជា ផលិតភាព, ជោគជ័យក្នុងការនាំចេញ, ចំនួនការងារ និងកំណើនសេដ្ឋកិច្ចជាដើម។ ទន្ទឹមនេះ ការចូលរួមក្នុងខ្សែចង្វាក់បង្កើតតម្លៃសកល ក៏ឤចជួយបង្កើនវិនិយោគផ្ទាល់ពីបរទេស, ការអភិវឌ្ឍវិស័យឯកជន និងការបង្កើតការងារផងដែរ។ ជាក់ស្តែងក្នុងបណ្តាប្រទេស ប៊្រីច (BRICS) ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា,ចិន និងឤហ្វ្រិកខាងត្បូង និងបណ្តាប្រទេសកសាងឧស្សាហកម្មថ្មីៗនៅឤស៊ីខាងកើត សុទ្ធតែផ្សារភ្ជាប់ទៅនឹងការចូលរួម ប្រកបដោយជោគជ័យក្នុងខ្សែចង្វាក់បង្កើតតម្លៃសកល ។ ស្រដៀងគ្នានេះដែរ ជោគជ័យគួរជាទីមោទនៈក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា គឺជាឧទាហរណ៍មួយ នៃការចូលរួមប្រកបដោយជោគជ័យក្នុងខ្សែចង្វាក់បង្កើតតម្លៃសកល។
ព្រមជាមួយនេះ យើងពិនិត្យឃើញថា វិស័យឧស្សាហកម្មកម្ពុជាមានការរីកលូតលាស់យ៉ាងលឿន ដោយឧស្សាហកម្មមានចំណែក ២៨,៩% នៃផសស ក្នុងឆ្នាំ ២០១៦ គឺខ្ពស់បើប្រៀបធៀបនឹងកំណើន ១៣,៥% ក្នុ្ពងឆ្នាំ ១៩៩៤។ ត្រង់ចំណុចនេះ ពិតជាមិនឤចប្រកែកបានទេថា សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ព្រមទាំងការកែប្រែប្រព័ន្ធសេដ្ឋកិចប្រកបដោយជោគជ័យទៅជាសេដ្ឋកិច្ចទីផ្សារ ដែលជួយសម្រួលដល់ការវិនិយោគ, ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ពិតជាបានគាំទ្រដល់ការរីកចម្រើនយ៉ាងលឿននៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ស្ថានភាពអំណោយផលបែបនេះ ធ្វើឱ្យកម្ពុជាមានសន្ទស្សន៍ចូលរួមក្នុងខ្សែចង្វាក់បង្កើតតម្លៃសកល ៤៩% គឺទាបជាងវៀតណាម និងហ្វីលីពីនបន្តិច ក្នុងតំបន់ឤស៊ាន ប្រទេសសិង្ហបុរី, ម៉ាឡេស៊ី និងថៃ មានការចូលរួមកម្រិតខ្ពស់ជាងគេ។ ដោយឡែក កម្ពុជាមានការចូលរួមសកម្មបំផុតក្នុងខ្សែចង្វាក់បង្កើតតម្លៃផ្នែកសម្លៀកបំពាក់ និងស្បែកជើង ហើយកំពុងបង្កើនការចូលរួមក្នុងផ្នែកអេឡិចត្រូនិច, គ្រឿងស្វ័យប្រវត្តិ និងយានយន្ត។
លទ្ធផលនេះ គឺជាមូលដ្ឋានសំខាន់មួយសម្រាប់ឱ្យកម្ពុជាធ្វើពិពិធកម្ម និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មថែមទៀត។ លើសពីនេះ ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងផ្លាស់ប្តូរឈានទៅធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងការតភ្ជាប់កាន់តែខ្លាំង ក្នុងនោះ មហាអនុតំបន់មេគង្គក៏មានការធ្វើសមាហរណកម្មកាន់តែខ្លាំងដែរ ហើយអាស៊ានក៏សម្រេចបានជោគជ័យល្អ ក្នុងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនោះ ប្រទេស ចិនដែលជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងពិភពលោក មានគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» ហើយនិងយន្តការរួមផ្សំផ្សេងៗដូចជា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី (AIIB) និងមូលនិធិផ្លូវសូត្រ ជាដើម ឤចជះឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍក្នុងតំបន់ និងកម្ពុជា។ ជាមួយនេះ និន្នាការកំពុងផុសឡើងមួយទៀត គឺក្រុមហ៊ុនមកពីជប៉ុន, សហរដ្ឋឤមេរិក, សហភាពអឺរ៉ុប, កូរ៉េខាងត្បូង, អូស្រ្តាលី និងប្រទេសចិន កំពុងស្វែងរកកន្លែងមានតម្លៃទាប និងប្រសិទ្ធភាព ក្នុងផលិតកម្ម។
ទន្ទឹមនឹងសុខសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម កម្ពុជាបានប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្តតភ្ជាប់កាន់តែច្រើន, មានលក្ខណៈរស់រវើក ដែលតភ្ជាប់តំបន់ជនបទជាមួយទីក្រុងធំៗ, ជាមួយតំបន់សេដ្ឋកិច្ចពិសេស និងជាមួយបណ្តាប្រទេសស្ថិតក្នុងខ្សែចង្វាកបង្កើតតម្លៃក្នុងតំបន់ និងការកសាងប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិ ដែលញ៉ាំងឱ្យមានប្រតិបត្តិការរលូន ព្រមទាំងការអនុវត្តគោលនយោបាយបើកចំហដល់ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចការពារកម្មសិទ្ធិបញ្ញា, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងមូលធនមនុស្សជាដើម។ នេះគឺជាឱកាសថ្មី សម្រាប់ឧស្សាហកម្មកម្ពុជាក្នុងការធ្វើពិពិធកម្ម និងធ្វើទំនើបកម្មខ្សែចង្វាក់បង្កើតតមៃ្លសកល។ ជាកស្តែងថ្មីៗនេះ វត្តមាន ក្រុមហ៊ុនពហុជាតិដូចជា ដេនសូ (Denso) និងយ៉ាហ្សាគី (Yazaki) នីប៉ុងអេចប្រេស្ស (Nippon Express)(ជប៉ុន) មីនីបៀ មីតស៊ូមី (Minebea Mitsumi) (ជប៉ុន) និង ស៊ូស៊ីន សីមេន (Xuaxin Cement)(ចិន) ជាដើម បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅកម្ពុជា ដែលជាភស្តុតាងបង្ហាញថា យើងបានដើរចំទិសដៅ ដើម្បីឈានទៅកានដំណាក់កាលមួយទៀតនៃឧស្សាហូបនីយកម្ម ។
ដោយឡែក គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នឹងជួយធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ចេញពីឧស្សាកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើសមត្ថភាពជំនាញ, ការតភ្ជាប់ជាមួយខ្សែចង្វាក់ បង្កើតតម្លៃក្នុងតំបន់ និងសកល និងការបង្កើតបណ្តុំផលិតកម្មមានការតភ្ជាប់គ្នា ដែលនឹងពង្រងឹសមត្ថភាពប្រកួតប្រជែង, បង្កើនផលិតភាព និងពិពិធកម្មនៃឧស្សាហកម្មក្នុងស្រុក។ ចំពោះមុខនេះ យើងយល់ច្បាស់ថា ការធ្វើទំនើបកម្មឧស្សាហកម្មឱ្យបានសម្រេច ចាំបាច់ត្រូវមានការបន្ស៊ីគោលនយោបាយនានាជាមួយគ្នា ដោយការផ្សារភ្ជាប់គោលនយោបាយឧស្សាហកម្ម ជាមួយនឹងគោលនយោបាយតាមវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ដឹកជញ្ជូន, ឡូជីស្ទិក, វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាជាដើម។ដូច្នេះ ក្នុងគោលដៅឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ និងការធ្វើឧស្សាហូបនីយកម្ម ដើម្បីជំរុញកំណើន និង ការអភិវឌ្ឍដូចបានគូសបញ្ជាក់ខាងលើ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ,វិស័យឯកជន, ដៃគូអភិវឌ្ឍ, សហគមន៍ស្រាវជ្រាវ និងស្ថាប័នសិក្សាអប់រំនានា ត្រវូមានកិច្ចសហប្រតិបត្តិការគ្នាឱ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ។
ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរចំពោះសន្និសីទប្រចាំឆ្នាំលើកនេះ ដែលនឹងរួមចំណែកក្នុងការបំផុសឱ្យមានការផ្លាស់ប្តូរទស្សនៈ និងការចូលរួមពិភាក្សាជាលក្ខណៈកសាងសម្រាប់អនាគត នៃប្រទេសកម្ពុជា ពីសំណាក់ភាគីពាក់ព័ន្ធគ្រប់វិស័យ និងគ្រប់ក្រុមចំណាប់ឤរម្មណ៍។ ខ្ញុំរំពឹងថា សន្និសីទដែលបានរៀបចំលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់ បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» នេះ នឹងផ្តល់ជាអនុសាសន៍ និងគំនិតល្អៗ សម្រាប់ចូលរួមចំណែកដល់កិច្ចប្រឹងប្រែងពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
នៅទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបាននូវសិរីសួស្តី, វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន។
សូមអរគុណ !