កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សំណួរ ១៖ … ខ្ញុំបាទសុំការអនុញ្ញាត ជំរាបសួរសម្ដេចនូវសំណួរទី ១។ ឆ្នាំនេះ ជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តើសម្ដេចមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនដូចម្ដេចខ្លះ ស្ដីពីសមិទ្ធផលត្រូវទទួលបាននៃការអភិវឌ្ឍរបស់ប្រទេសចិនរយៈពេល ៧០ ឆ្នាំកន្លងមក? តើមានវិស័យអ្វីខ្លះធ្វើឱ្យសម្ដេចមានការចាប់អារម្មណ៍ខ្លាំង? អរគុណជាមួយនឹងសំណួរនេះ ហើយដំបូង សម្រាប់យើងជាកម្ពុជា បើទោះបីថា យើងជាប្រទេសដោយឡែក ក៏យើងមានរីករាយ និងការជូនពរ ជាមួយនឹងរយៈពេល ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បើយើងពិនិត្យអំពីដំណាក់កាលឆ្លងកាត់ ការដែលចិនបានរើបម្រះរួចចេញពីស្ថានភាពដ៏លំបាក ហើយបង្កើតបានទៅជាសាធារណរដ្ឋប្រជាមានិតចិន ចំពេលវេលា ដែលបណ្ដាប្រទេសនៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រះទាមទារនូវឯករាជ្យ។ ដូច្នេះ ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន កាលពី ៧០ ឆ្នាំមុននោះ ក៏បានបង្កើតទៅជាមូលដ្ឋានជំនឿទុកចិត្តមួយនៃបណ្ដារដ្ឋ ដែលកំពុងស្ថិតនៅក្រោមអាណានិគមនាពេលនោះ។ បន្តទៅទៀត សាធារណរដ្ឋប្រជាមានិតចិនបានដើរតួនាទីមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិភាពនៅក្នុងតំបន់នេះ ជាពិសេស នៅក្នុងដំណាក់កាលនៃទសវត្សរ៍ ៦០ ទសវត្សរ៍ ៧០ នៅពេលដែលសង្រ្គាមឥណ្ឌូចិននៅបន្ត។ អាចនិយាយបានថា បង្អែកសម្រាប់ចលនាតស៊ូនៅពេលនោះ ភាគច្រើនចេញមកពីបណ្ដាប្រទេសសង្គមនិយម ចាប់ពីការប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យ ក៏ដូចជាការប្រឆាំងការឈ្លានពានរបស់បរទេសនៅក្នុងទសវត្សរ៍…