FN ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖ លោក អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូ ជាយូរអង្វែងមកហើយ។ លោកបន្តថាទំនាក់ទំនង រវាងប្រទេសទាំងពីរមានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោយគឺជាខួបលើកទី៦៥ នៃប្រទេសទាំងពីរ លោកនឹងប្រឹងប្រែងធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីចូលរួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរុស្ស៉ី ជាមួយគ្នានោះដែរ លោកក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងដែលមានស្រាប់នេះ ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។
លោកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ដែលចំណាយពេលក្នុងថ្ងៃខួបទី២៧ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ហើយនេះគឺជាពេលដ៏វិសេលវិសាលមួយ។ លោកក៏បានឆ្លៀតពេលជម្រាបជូនសម្ដេចតេជោផងដែរថា លោកបានមកកាន់កម្ពុជាតាំងពីឆ្នាំ១៩៨៤ បម្រើការងារជាអនុព័ន្ធយោធារបស់ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា ហើយនៅពេលនោះលោកបានចំណាយពេល៨ឆ្នាំ នៅកម្ពុជាដើម្បីបម្រើការងារការទូត ហើយលោកមានអារម្មណ៍ថា លោកដូចជាសាក្សីនៃដំណើរវិវត្តន៍របស់កម្ពុជា និងទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៉ី។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ លោក អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។
សម្ដេចបានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពី លោក វ្លាឌីមៀ ពូទីន និងការជូនសព្វសាធុការពរជូនសម្ដេច។ សម្ដេចតេជោ បានយល់ស្របជាមួយនឹងអ្វីដែល លោក បូរ៉ូវិក បានលើកឡើង ស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៉ី។ សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលរុស្ស៉ី ក៏ដូចជាប្រជាជនរុស្ស៉ីដែរ ដែលបានជួយកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជានៅពេលនោះ កំពុងជួបនូវការពិបាកយ៉ាងច្រើន បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្ដេចក៏បានមានប្រសាសន៍បន្តដែរថា ជំនួយរបស់រុស្ស៉ីពេលនោះ ជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំដែលវិស័យនោះ បាននាំមកនូវធនធានមនុស្សដ៏ល្អ សម្រាប់បម្រើការងារនៅកម្ពុជា សម្រាប់ជួយជំរុញកម្ពុជារហូតមកដល់ថ្ងៃនេះ។
សម្ដេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះរុស្ស៉ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩, សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹងអាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវ។
ជាទីបញ្ចប់ សម្ដេចបានជូនពរ លោក បូរ៉ូវិក ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មកាទូតនៅកម្ពុជាផងដែរ៕