- ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (Building Forward Sustainability in Emerging Economies) ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការសំខាន់ៗ ក្នុងគោលបំណងសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០៖ ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបរិការណ៍មួយ ដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ នៅក្នុងបរិការណ៍នេះ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព ដូចខាងក្រោម៖
ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ រួចមកហើយ ហើយយើងកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្ដែងថែមទៀត តាមការចាំបាច់។
ទី២. ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ។ លើមូលដ្ឋាននេះ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់វិស័យនោះឡើយ។ ផ្ទុយទៅវិញ គោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស។
ទី៣. ជំងឺកូវីដ-១៩បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេស ចំណូលរដ្ឋ។ ការបាត់បង់ចំណូល បានទាមទារឱ្យរដ្ឋាភិបាលដាក់ចេញយន្តការថ្មីៗ ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ ខ្ញុំយល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងនៅក្នុងអំឡុង និងក្រោយវិបត្តិនេះ។
ទី៤. នៅក្នុងបរិការណ៍ដ៏លំបាកនេះ ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺ ការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះផងដែរ ការពង្រឹង និងរក្សាបាននូវរំហូរនៃការវិនិយោគ ទេសចរណ៍អន្តរជាតិ និងរំហូរដោយសេរី និងរលូន នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេស ចរាចរណ៍នៃទំនិញចាំបាច់ ដូចជា ស្បៀងអាហារ និងបរិក្ខារពេទ្យ គឺជាកត្តាដ៏សំខាន់សម្រាប់ធានាស្ថេរភាព សុវត្ថិភាព លំនឹងជីវភាពសង្គម និងកិច្ចដំណើរការឡើងវិញ នៃច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម នៅក្នុងកម្រិតប្រទេសនីមួយៗ ក៏ដូចជាក្នុងកម្រិតតំបន់ និងពិភពលោក។
ទី៥. យើងទាំងអស់គ្នាត្រូវតែបន្តខិតខំពង្រឹងសកលភាវូបនីយកម្ម ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងបរិការណ៍នេះ យើងត្រូវតែធានាឱ្យបានថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ទី៦. ដោយមិនបង្អែរបង្អន់ យើងត្រូវនាំគ្នាគិតគូរជាយុទ្ធសាស្រ្ត អំពីកិច្ចការស្ដារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់ តាមរយៈការពន្លឿននូវការអនុវត្តផែនការ និងយន្តការនានា ដែលមានស្រាប់ និងដែលត្រូវបានរៀបចំបន្ថែម ឱ្យបានលឿន និងឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៧. ក្នុងកម្រិតសកល យើងត្រូវតែបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្ដល់ជំនួយអន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍ ដើម្បីបន្តជំរុញចលនការនៃការងារកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិការណ៍នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្ដល់កិច្ចសហការប្រកបដោយបុរេសកម្ម និងការផ្ដល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបានជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់!