អ្នកប្រើប្រាស់អគ្គិសនីតាមតូបលក់ ក្នុងផ្សារត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ទទួលបានការបញ្ចុះថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩
FN ៖ អគ្គិសនីកម្ពុជា (EDC) តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់តាមតូបលក់ ក្នុងផ្សារនានា។ EDC បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គិសនីកម្ពុជាសូមជម្រាបជូនថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថ្លៃលក់អគ្គិសនីឆ្នាំ ២០១៩ ខុសពីបញ្ជីថ្លៃលក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដូច្នេះអគ្គិសនីកម្ពុជា សូមបង្ហាញជូននូវបញ្ជីថ្លៃលក់ដូចខាងក្រោម។ ចំពោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានា ត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ដែលទិញចេញពីខ្សែបណ្តាញចែកចាយសាធារណ: តាមតង់ស្យុងទាប ដែលមានថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩នេះតទៅ ដោយចាប់ផ្តើមពីផ្សារនៅក្នុងរាជធានីភ្នំពេញ និងបន្តបន្ទាប់ផ្សារតាមខេត្តនានា»៕