FN ៖ ផ្លូវធំៗ និងប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាថ្ងៃនេះ ធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីហេតុការណ៍នៃការបាក់រលំអគារក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោ បានថ្លែងថា ពេលសម្តេចត្រឡប់ពីប្រជុំនៅថៃហាក់មានសំឡេងមនុស្សស្រែកហៅសម្តេចឱ្យជួយជានិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាពិតជាអស្ចារ្យណាស់នៅពេលសម្តេចអញ្ជើញដល់កន្លែងកើតហេតុ បានចង្អុលចំកន្លែងដែលជនរងគ្រោះនៅក្រោមគំនរអគារនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបានជួយជនរងគ្រោះទាំងពីរចេញពីគនរអគារសំឡេងនៅក្នុងត្រចៀកសម្តេចក៏បានបាត់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីអញ្ជើញដឹកនាំប្រតិបត្តិការសង្គ្រោះមនុស្សពីគំនរអគារនោះហើយ ដែលធ្វើឱ្យសម្តេចប្រមើលមើលឃើញថា ផ្លូវនៅក្នុងខេត្តព្រះសីហនុប្រើប្រាស់លែងកើតទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៤ខ្សែនៅក្នុងព្រះសីហនុ ប្រវែងជាង៨៤គីឡូម៉ែត្រនេះ ចំណាយថវិកា២៩៤លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសាងសង់ផ្លូវនេះ បានពីប្រាក់សន្សំរបស់ជាតិ ហើយប្រាក់នេះមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់សន្សំរបស់ជាតិនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែចំណូលពន្ធគយមួយដែលទទួលបានប្រមាណ ២៥០លានដុល្លារ គឺអាចបើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែកម្ពុជារកចំណូលបាន ៥០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយសាងសង់រួចរាល់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ ក៏ទាក់ទាញប្រជាពលរដ្ឋនៅខេត្តផ្សេងៗមកលេងក្រុងព្រះសីហនុដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៤ខ្សែដ៏ប្រណិតនេះប្រើរយៈសាងសង់តែ៨ខែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០ ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាំងផ្លូវ និងអគារ។ ក្នុងនោះអគារដែលមានកម្ពស់ចាប់៥ជាន់ឡើងលើសាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាងសង់ប្រមាណ ៨០០អគារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់នៅខេត្តព្រះសីហនុមានជាង ១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០១៩ ក៏មានជាង ១ពាន់លានដុល្លារផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគនៅខេត្តព្រះសីហនុ ផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អ្នកខេត្តព្រះសីហនុ ហើយក៏ផ្តល់ប្រយោជន៍រួមសម្រាប់ជាតិផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ទុនវិនិយោគមកកាន់ខេត្តព្រះសីហនុ ជាង ១ពាន់លានដុល្លារ ដែលជាថវិការបស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកទេសចរមកខេត្តព្រះសីហនុក្នុងឆ្នាំឆ្នាំ២០១៩នេះ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១លាន ២សែននាក់ អន្តរជាតិ ៧៣ម៉ឺននាក់ កើនដល់ ៥៨.៦ភាគរយ ខណៈភ្ញៀវជាតិថយចុះជាង ៦ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយថ្ងៃការហោះហើរប្រមាណ ៣៦ជើងចុះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាប្រមាណ ២លាន ៥សែនដុល្លារ ត្រូវបានប្រើសម្រាប់ស្តារលូ ប្រឡាយនានា ដើម្បីរំដោះទឹកក្នុងក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាអនាម័យ ហូបហើយកុំដាក់នៅមាត់លូ ឬបោះចោលពាសវាលពាសកាល។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការប្រើប្រាស់ប្លាស្ទីក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំរដ្ឋាភិបាលចិន ដើម្បីដកយកថវិកាជំនួយឥតសំណង ១៧០លានដុល្លារ ពីថវិកាជំនួយសរុប៦០០លានដុល្លារ ដើម្បីធានាថា ទឹកសមុទ្រអត់មានទឹកស្អុយចូលសមុទ្រ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកគាំទ្រក្រុមក្បត់ជាតិ សម រង្ស៉ី ទាំង៧២នាក់ ដែលបានដាក់ឱ្យនៅក្រៅឃុំថា សំណុំមិនបានបញ្ចប់នោះទេ គឺត្រូវដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកត្រូវបានដោះលែងទាំង៧២នាក់ថា មិនមែនជាការដោះលែងព្រោះតែសម្ពាធនោះឡើយ។ បើចង់សាកសម្តេចនឹងចាប់មកវិញឱ្យមើល ហើយចាប់ថែមទាំងអ្នកថា ការដោះលែងនេះព្រោះតែសម្ពាធថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬលក្ខខណ្ឌណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភរិយារបស់អ្នកគាំទ្រក្រុមក្បត់ជាតិមួយចំនួនថា អ្នកដែលមិនទាន់វិលត្រឡប់ទៅផ្ទះវិញ ប្រយ័ត្នប្តីកំពុងមានស្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បង្រួបបង្រួមបានតែជាមួយអ្នកចង់បង្រួបបង្រួមនោះឡើយ ដោយឡែកអ្នកឈ្លើយមិនអាចបង្រួបបង្រួមបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមិនមានការចាប់បានទាំងទំនើងនោះឡើយ។ អ្នកចាប់ដោយទំនើង គឺនឹងត្រូវមានទោស មិនអាចចាប់ខ្លួននរណាម្នាក់ដោយគ្មានដីកាបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសបារាំងវិញរបស់លោក សម រង្ស៉ី រខេករខាកជាងឆាវឆាវបាក់ទ័ពក្នុងរឿងសាមកុកទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបុគ្គលដែលនិយាយថា សម្តេចនឹងភៀសខ្លួនទៅប្រទេសវៀតណាមនោះ មានប្រពន្ធកំពុងលក់មាសនៅផ្សារថ្មី។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅបុគ្គលនោះថា បើខ្លាំងយកប្រពន្ធទៅជាមួយផង។ បើទោះបីជាយ៉ាងណាសម្តេចបញ្ជាក់ថា សម្តេចមិនទៅប៉ះពាល់អ្នកគ្មានការពាក់ព័ន្ធនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្រើរយៈពេល៣ថ្ងៃប៉ុណ្ណោះក្នុងការតាមចាប់ខ្លួនក្រុមមនុស្សគាំទ្រជនក្បត់ជាតិ សម រង្ស៉ី ទាំង៧២នាក់មកវិញ។ ប៉ុន្តែតែសម្តេចមិនធ្វើដូច្នោះឡើយ គឺនៅតែប្រើនយោបាយសណ្តោសប្រណីដែលសម្តេចធ្លាប់បានប្រើនាពេលកន្លងមក។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការសាងសង់ និងប្រគួតប្រជែងគ្នាលើគុណភាព និងសម្រស់ផ្លូវ មិនត្រូវធ្វើឱ្យតែរួចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ូលសេដ្ឋកិច្ចចំនួន៣ គឺប៉ូលទី១ភ្នំពេញ ទី២ព្រះសីហនុ និងទី៣ សៀមរាប គឺជាចក្ខុវិស័យដែលដាក់ចេញតាំងពីទសវត្សរ៍ឆ្នាំ៩០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងប្រឹងប្រែងធ្វើឱ្យតាមបណ្តោយជាតិលេខ៤ ពោរពេញដោយរោងចក្រសហគ្រាស។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅក្រុមហ៊ុនបារាំងវាំងស៊ី ដែលទទួលសាងសង់ផ្លូវជាង ២គីឡូម៉ែត្រតម្លៃប្រមាណ ១០លានដុល្លារ ត្រូវតែច្បាស់លាស់ ហើយបើមិនសាងសង់ក៏រាជរដ្ឋាភិបាលសាងសង់ដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមិនទាន់មានឆាយណាថោននោះទេ ខណៈប្រទេសជាច្រើនមានឆាយណាថោន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជាបើកកិច្ចចរចាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន ហើយនឹងបញ្ចប់ក្នុងរយៈពេលខ្លី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន នឹងធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាកាន់តែប្រសើរ ហើយការរកស៊ីជាមួយចិននេះមិនមែនមានតែកម្ពុជាឡើយ សូម្បីអាមេរិក ក៏រកស៊ីជាមួយចិនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្នាក់ដឹកនាំក្នុងបក្សប្រជាជនកម្ពុជាទាំងអស់ បន់ឱ្យសម្តេចមានសុខភាពល្អ ដើម្បីរួមដំណើរគ្នាទៅមុខបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងវាយតម្លៃគណបក្សប្រជាជនកម្ពុជាមិនត្រូវនោះឡើយ ព្រោះតែវាយតម្លៃមិនត្រូវនោះហើយទើបគេបរាជ័យរហូត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំរាមមួយ គឺមិនយកកូនចូលជាសមាជិករាជរដ្ឋាភិបាល និងមិនឱ្យកូនចូលលូកលាន់ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ។
* តបការរិះគន់របស់ក្រុមប្រឆាំងថាយកលោក ហ៊ុន ម៉ាណែត ធ្វើមេទ័ពនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា បណ្តុះបណ្តាលកូនហើយ យកកូនទៅធ្វើចោរឬ?