FN ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងឱកាសសមាគមស្បែកជើងកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិជ្ជាអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងម៉ាស៉ីន គ្រឿងបង្គុំ និងគ្រឿងផ្សំផ្សេងៗ សម្រាប់ផ្នែកស្បែកជើង និងសម្ភារធ្វើដំណើរ ដែលផលិតពីស្បែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពកោះពេជ្រ។
លោក សំ សិរីរតន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែជម្រាបជូនផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនផលិតស្បែកជើង និងកាបូបធ្វើដំណើរ មានចំនួន ៩៨ក្រុមហ៊ុន ហើយការនាំចេញស្បែកជើង និងកាបូបធ្វើដំណើរឆ្លង រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ បានកើនដល់ ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៣៣៨លានដុល្លារអាមេរិក ស្មើនឹង ៨៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានត្រឹមតែ ៣៨៥លានដុល្លារអាមេរិកប៉ុណ្ណោះ»។
លោកបានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានការវិនិយោគក្នុងគម្រោងទឹកប្រាក់ប្រមាន ៦.៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រទេសចិនឈរលំដាប់លេខ១ ដែលបោះទុនវិនិយោគនៅកម្ពុជា មានចំនួន៥៣,២៨% វិនិយោគទុនក្នុងស្រុកចំនួន ២៩.៧៧% និងប្រទេសជប៉ុនមានចំនួន ១៣.០៨% ដែលវិនិយោគក្នុងវិស័យឧស្សាហកម្ម (កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ) វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងវិស័យទេសចរណ៍។
លោក សំ សិរីរតន៍ បានបន្តថា ការហូរចូលនូវវិនិយោគពីបរទេសមកកម្ពុជា បានធ្វើឲ្យកម្ពុជាទទួលបាននូវមូលធនបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ជំនាញចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធន៍សហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន ការពង្រីកផលិតកម្មក្នុងស្រុក ដែលឈានទៅរកការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវធនធានសេដ្ឋកិច្ចដែលមាន និងការកសាងសមត្ថភាពការងាររដល់ប្រជាជន ក្នុងការអភិវឌ្ឍផលិតកម្ម និងវិនិយោគនាពេលអនាគត។
ម្យ៉ាងទៀត កម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍ និងកំពុងរំដោះខ្លួនចេញពីប្រទេសដែលមានការអភិវឌ្ឍតិតតួចជាបណ្តើរៗ ថ្វីត្បិតតែកំពុងជួបប្រទះនូវការប្រឈម និងបច្ច័យអវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងចលនាគាំពារនិយម និងការបែងចែកប៉ូលនយោបាយភូមិសាស្ត្ររបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ បានជះឥទ្ធិពល និងធ្វើឲ្យកម្ពុជា ដែលជាប្រទេសតូចតាចត្រូវជួបប្រទះនូវបញ្ហាប្រឈមខ្លះដែរ។ ប៉ុន្តែរាជរដ្ឋាភិបាល មានការគិតគូរយ៉ាងល្អិតល្អន់ និងបានរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយន្តការជាក់លាក់មួយចំនួនជាវិជ្ជមាន សម្រាប់អនុវត្តន៍ទប់ទល់ស្ថានភាពប្រែប្រួលនៃវិស័យពាណិជ្ជកម្ម និងជួយសម្រួលដល់វិស័យវិនិយោគ ដើម្បីឱ្យពួកគេនៅតែអាចបន្តនិរន្តភាពផលិតកម្ម និងធ្វើសេវាកម្មបម្រើសេចក្តីត្រូវការរបស់ប្រជាជន។
ប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លី ឃុនថៃ បានថ្លែងថា ពិព័រណ៍នេះបានធ្វើឡើង ដោយសហការជាមួយ ASK Trade & Exhibitions Pvt. Ltd ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ ដំណើរការទៅមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលពិពរណ៍កោះពេជ្រ។
ជាមួយគ្នានេះផងដែរ លោក សារុន ឫទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ពិព័រណ៍មួយនេះ បានបង្ហាញថាកម្ពុជា បានឡើងដល់កម្រិតរជ្ជកាលថ្មីមួយ នៃការអភិវឌ្ឍស្របពេលជាមួយសម័យកាលឧស្សាហកម្ម ៤.០។ នេះមិនមែនជាការចៃដន្យទេ ដែលកម្ពុជាចាកចេញពីប្រទេស មានចំណូលទាបចាប់តាំងពីឆ្នាំ២០១៥ និងក្លាយជាប្រទេស ដែលមានចំណូលទាបមធ្យមចាប់ពីពេលនោះមក។
លោកបន្តថា «ទោះបីជាយ៉ាង យើងមិនឈប់ត្រឹមនេះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រមូលផ្តុំទេពកោសល្យទាំងអស់ ដូចអ្វីដែលកើតមានថ្ងៃនេះ ដើម្បីត្រៀមខ្លួនរុញកម្ពុជា ឲ្យមានការអភិវឌ្ឍលើសនេះថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់គតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សូមគាំទ្រយ៉ាងពេញទំហឹង ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។