ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនិងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ
FN ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអសន្តិសុខ និងការបង្កហិង្សានានាថយចុះប្រមាណ ៣០ភាគរយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ។ សម្តេចធិបតី បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ…