សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ
“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”
“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”
“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”
សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩