សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី
ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច?
មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥ ពាន់ ទៅដល់ ១ ម៉ឺននាក់ផង បើអាចថាបាន ប៉ុន្តែឥឡូវនេះ ដោយសារយើងប្រើនូវវិធានការការពារ យើងដាក់គម្លាតមួយម៉ែត្រកន្លះ នោះហើយជាស្ថានភាពថ្មី គន្លងថ្មីដែលយើងត្រូវប្រើប្រាស់តទៅទៀត។
ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ខ្ញុំទៅសម្ពោធក្រសួងដែនដី នគរូបនីយកម្ម។ ថ្ងៃទី ០៤ ចំថ្ងៃខួបកំណើតផ្លូវការរបស់ខ្ញុំ ពេលនោះ យើងរៀបចំនៅក្នុងអគារតែម្ដង ព្រោះខែនោះក្ដៅ។ អញ្ចឹងទេ យើងរៀបចំនៅក្នុងអគារ ដើម្បីជាបទពិសោធន៍សម្រាប់ការឈានទៅមុខ ជាមួយនឹងដំណើរការប្រក្រតី ឬជាជីវភាពជាប្រក្រតីតាមគន្លងថ្មី។ នេះជាចំណុចការចាប់ផ្ដើមបញ្ជាក់អំពី របៀបសមយុទ្ធមួយនៃវិធីថ្មីរបស់យើង ដែលចំណុចនេះបានធ្លាប់ធ្វើនៅសៀមរាប ប៉ុន្តែទ្រង់ទ្រាយតូច ប៉ុន្តែឥឡូវយើងធ្វើទ្រង់ទ្រាយធំបន្តិច។
ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣ និងផ្លូវក្រោមដីពីផ្លូវជាតិលេខ ៤ ទៅចោមចៅ
ថ្ងៃនេះ យើងរីករាយរួមគ្នា ប៉ុន្តែអនុញ្ញាតអោយខ្ញុំបានធ្វើកិច្ចការងារមួយមុនសិន វាទាក់ទងផ្លូវថ្នល់ដដែលទេ ប៉ុន្តែដើម្បីអោយប្រជាជននៅក្នុងរាជធានីភ្នំពេញបានទទួលព័ត៌មានជាមុន ហើយអោយសាលារាជធានីភ្នំពេញបានធ្វើកិច្ចការងារនេះ មួយជំហានមុន។ ដោយសារថ្ងៃនេះ ចំថ្ងៃសុក្រ កាលណាចំថ្ងៃសុក្រពេលល្ងាចស្ទះចរាចរណ៍ ថ្ងៃសៅរ៍ធូរបន្តិច ថ្ងៃអាទិត្យស្ទះឡើងវិញ។ ដូច្នេះសូមបញ្ជាក់ជូនថា ស្ពានអាកាសដែលកំពុងស្ថាបនានៅចោមចៅ កាលពីថ្ងៃទី ១០ តុលា ២០២០ នៅពេលបើកការដ្ឋានសាងសង់ នៅទីនោះ គឺខ្ញុំបានប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រោមដីជាបណ្ដោះអាសន្នមួយខ្សែ។ ឥឡូវនេះ គឺមានការប្រកាសដាក់អោយប្រើប្រាស់ផ្លូវពង្រីកប្រវែង ២០៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ មានទិសដៅចរាចរណ៍ ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣ គឺជាផ្លូវទីមួយដែលត្រូវដាក់(ប្រើប្រាស់)។ ទីពីរ ផ្លូវក្រោមដីដែលមានប្រវែង ៤៥៨ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ៥០ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវចោមចៅ។
សូមឯកឧត្តម ឃួង សេ្រង ប្រកាសជាផ្លូវការ និងបើកអោយដំណើរការចាប់តាំងពីម៉ោងនេះតទៅ ដែលមុននេះប្រជាពលរដ្ឋធ្វើដំណើរមានការលំបាក ក៏នឹងត្រូវកាត់បន្ថយការលំបាក។ ដូច្នេះ យើងបានប្រើប្រាស់ ៣ ខ្សែ ជាមួយនឹងអ្វីដែលយើងបាននិងកំពុងធ្វើតទៅទៀត ដែលបានរំដោះចរាចរណ៍ដែលកំពុងកកស្ទះនៅក្នុងប្រទេសរបស់យើង។ ការនេះគឺប្រកាសដើម្បីជម្រាបជូនប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនដទៃទៀត ដែលធ្វើដំណើរទទួលផលពីផ្លូវអាកាសក្រោមដីចោមចៅ នៅខណ្ឌពោធិ៍សែនជ័យនេះ។ ខ្ញុំគ្រាន់តែយកពេលវេលានេះ ដើម្បីធ្វើការប្រកាសដាក់អោយប្រើប្រាស់នូវផ្លូវទាំងពីរខ្សែនេះជាបណ្ដោះអាសន្ន ពី(ការសម្ពោធ)អគារនៅទីកន្លែងនេះ។
ប្រគល់អគារទីស្ដីក្រសួងចាស់ ឱ្យក្រសួងរ៉ែ និងថាមពល
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនរួចហើយ។ ខ្ញុំពិតជាសូមថ្លែងនូវការកោតសរសើរ ចំពោះខិតខំប្រឹងប្រែងច្នៃប្រឌិត ដើម្បីបង្តើតឡើងនូវសមិទ្ធផលថ្មីសម្រាប់ទីស្ដីការក្រសួងមួយនេះ។ តាមរយៈទីស្ដីការរដ្ឋមន្ត្រី ក្រសួងសាធារណការថ្មីនេះ ធ្វើអោយខ្ញុំបានងាយស្រួលដោះស្រាយ ដោយទីតាំងអគារក្រសួងសាធារណការចាស់ ដែលនៅទីនោះយកធ្វើជាទីស្ដីការក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងទើបកើតថ្មី ហើយគ្មានទីកន្លែង ហើយ(ស្នើ)សុំដីខ្ញុំ ដល់កន្លែងលោកឧកញ៉ា លី យ៉ុងផាត់។ ដោយឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់(អោយ)ខ្ញុំ(ថា) ធ្វើទីស្ដីការក្រសួងថ្មីហើយ នឹងប្រគល់ទីស្ដីការក្រសួងចាស់អោយសម្ដេចនាយក។ អញ្ចឹងទេសម្ដេចនាយកមានតែប្រគល់ទៅអោយកូនមួយទៀត ព្រោះកូនមួយផ្ទេរទ្រព្យសម្បត្តិមកអោយឪពុកៗ ត្រូវផ្ទេរទៅអោយកូនមួយទៀត។ បានទៅក្រសួងរ៉ែ និងថាមពល ដែលមានបុគ្គលិកច្រើនគួរសមដែរនេះ គឺមកកាន់កាប់ (អគារទីស្ដីការក្រសួងសាធារណការចាស់) ដូចជាចូលកាន់កាប់ហើយ កំពុងជួសជុល …។
ទីស្ដីក្រសួងរ៉ែ និងថាមពល ប្រគល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ឥឡូវ តើទីស្ដីក្រសួងរ៉ែ និងថាមពលប្រគល់អោយអ្នកណា។ គឺត្រូវប្រគល់ទៅអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះឥឡូវនេះទីតាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវនៅ ៣ ស្ថាប័ន គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្ស និងអាជ្ញាធរមីន។ (បើ)អញ្ចឹងទេត្រូវដកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមកនៅទីស្ដីការក្រសួងរ៉ែ និងថាមពលបច្ចុប្បន្ន។ ការដោះស្រាយក្រសួងថ្មីនេះមួយ នឹងបង្កលក្ខណៈងាយស្រួលអោយខ្ញុំបានយកទីស្ដីការក្រសួងចាស់ ប្រគល់អោយក្រសួងរ៉ែ និងថាមពល ហើយក្រសួងរ៉ែ និងថាមពលក៏ត្រូវប្រគល់ទៅអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អគារទីស្ដីការក្រសួងដែនដី នឹងប្រគល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្ពោធអាគារទីស្ដីការក្រសួងថ្មី
ជាបន្តទៅទៀតក៏សូមប្រកាសអោយបានជ្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានកសាងក្រសួងថ្មី គឺក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃ ០៤ មេសា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានការសម្ពោធដាក់អោយប្រើប្រាស់។ (ទីស្តីការ)ក្រសួងចាស់ត្រូវប្រគល់ទៅអោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលឥឡូវនេះកំពុងស្ថិតនៅកន្លែងតូចចង្អៀត។ ឯក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ននេះ ក៏ត្រូវប្រគល់ទៅអោយមន្ទីររៀបចំដែនដីនគរូបនីយកម្មទីក្រុងភ្នំពេញតែម្ដង។ អញ្ចឹងទេបានជួយសម្រួលដោះស្រាយបញ្ហាទីកន្លែងធ្វើការងារផងដែរ។ ក្រៅពីនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្តន៍ក៏កំពុងសាងសង់ ក្រសួងការពារជាតិរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏កំពុងសាងសង់ ប៉ុន្តែក្រសួងការពារជាតិធ្វើយូរណាស់ …។
ដឹងពីអតីតកាល ជាទស្សនៈប្រវត្តិសាស្រ្តក្នុងការវិភាគបញ្ហា
ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់បន្តិច ដែលមុននេះគឺបញ្ហាទីកន្លែងធ្វើការជាបញ្ហាមួយហើយ ដើម្បីយើងដោះស្រាយ។ យើងពុំមានប្រាក់ធ្វើទេ យើងតែមានការដោះដូរ ហេតុអ្វីបានជារឿងនេះទៅជាអញ្ចឹង។ ខ្ញុំសូមបញ្ជាក់បន្តិច ដើម្បីអោយរឿងនេះអាចយល់គ្នាបាន ព្រោះបញ្ហានេះជាតំណប្រវត្តិសាស្ត្រ។ ត្រូវចងចាំថា បន្ទាប់ពីរំដោះទីក្រុងភ្នំពេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្រាប់ខ្លួនខ្ញុំជួបមនុស្សតែ ៧០ នាក់ប៉ុណ្ណោះ នៅក្បែរអគារកាណាឌីយ៉ា។ ប្រជាជនទាំងនោះមិនមែនជាអ្នករស់នៅទីក្រុងភ្នំពេញទេ។ ជាប្រជាជនដែលគេជម្លៀសពីខាងលើកដែក កាត់កៀនស្វាយ ចូលទីក្រុងភ្នំពេញ ហើយកងទ័ពយើងចូលមកទាន់។ ភាគច្រើនសុទ្ធតែមនុស្សចាស់ ស្ត្រី និងកូនក្មេងតែប៉ុណ្ណោះ។ (ទីក្រុង)គ្មានមនុស្សទេ។ មនុស្សពេញវ័យត្រូវគេសម្លាប់។
អញ្ចឹងការចាប់ផ្ដើមក្រសួងទាំងអស់នៅកម្ពុជា ខុសប្លែកពីប្រទេសនានានៅលើពិភពលោក។ ប្រទេសនានានៅលើពិភពលោក (ទោះបី)គេដូររបបក៏ដោយ គេធ្វើតាមរយៈបដិវត្តក៏ដោយ បោះឆ្នោតក៏ដោយ គេទទួលយកមរតកចាស់។ មិនចាំបាច់ថាទៅណាទេ របប លន់ នល់ ផ្ដួលរបបសង្គមរាស្ត្រនិយមសម្ដេចឪ លន់ នល់ បានទទួលទាំងស្រុងនូវសមិទ្ធផលទាំងអស់ដែលជាស្នាព្រះហស្ដរបស់ព្រះករុណា សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។ អញ្ចឹងបានសេចក្ដីថា លន់ នល់ អត់មានការចាំបាច់ទៅកសាងក្រសួងនេះក្រសួងនោះទេ។ ក្រសួងទាំងឡាយត្រូវបានរៀបចំដោយស្នាព្រះហស្តរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋរួចស្រេចទៅហើយ។ ដល់ពេល ប៉ុល ពត ចូលមក បើសិនជា ប៉ុល ពត កុំបំផ្លាញក៏ ប៉ុល ពត ទទួលបានស្ថាប័ននានាដែលបន្សល់ទុកពីមុនមកដែរ។ ប៉ុន្តែ ប៉ុល ពត បានបំផ្លាញនូវសមិទ្ធផលទាំងនោះ។ ដូច្នេះបន្ទាប់ពីយើងផ្ដួលរំលំរបប ប៉ុល ពត តើមានសេសសល់អ្វីទៅ?
ខ្ញុំសុំយកបញ្ហានេះ ដើម្បីបញ្ជាក់ពីប្រវត្តិត្រង់នេះបន្តិច ដើម្បីអោយមន្ត្រីរាជការរបស់យើងជំនាន់ក្រោយ ដែលជាអ្នកកាន់កាប់ការងារជាបន្តបន្ទាប់ និងតទៅមុខទៀត អាចបានយល់អំពីប្រវត្តិទាក់ទិននឹងការរៀបចំឡើងវិញ។ ប្រទេសនៅលើពិភពលោក ដូចដែលខ្ញុំបាននិយាយ បើទោះបីជាផ្ដួលរំលំតាមបែបយោធា រដ្ឋប្រហារ បដិវត្ត ឬការបោះឆ្នោត រដ្ឋាភិបាលក្រោយតែងទទួលយកមរតកពីរដ្ឋាភិបាលមុនទាំងអស់ រាប់ទាំងរូបិយប័ណ្ណសម្រាប់ការប្រើប្រាស់ គ្រាន់តែក្រោយមកគេអាចបោះក្រដាសប្រាក់ថ្មី ដូរជាមួយក្រដាសប្រាក់ចាស់ ប៉ុន្តែក្រដាសប្រាក់ចាស់នោះ ក៏នៅមានតម្លៃមុនពេលដែលវាដូរ។ គ្រូបង្រៀនគ្រូពេទ្យ លើកលែងតែកម្លាំងប្រដាប់អាវុធធ្វើការរំសាយចោល ប៉ុន្តែរចនាសម្ព័ន្ធរដ្ឋបាលរបស់រដ្ឋអាចនឹងគេរក្សាទុកមួយផ្នែកណានោះ។ ហ្នឹងបើសិនជាទាក់ទិនជាមួយនឹងការផ្តួលរំលំ ដូចថាវាយដូរ វាយយកឈ្នះតែម្តង។ សូម្បីតែវៀតណាម ក្រោយពេលដែលគេបានរំដោះ ឡាវក្រោយពេលដែលគេបានរំដោះក៏គេរក្សាទុកនូវសាលារៀន រក្សាទុកនូវមន្ទីរពេទ្យ រក្សាទុកនូវធនាគារ រក្សាទុកនូវមន្រ្តីមួយចំនួនលើកលែងតែកងកម្លាំងប្រដាប់អាវុធទេ។ ប៉ុន្តែ សម្រាប់យើង តើយើងនៅសេសសល់អ្វី?
ឧទាហរណ៍ក្រសួងរបស់ខ្ញុំ ដែលខ្ញុំធ្វើជារដ្ឋមន្រ្តីការបរទេសចាប់ផ្តើមពីមនុស្សតែ ៤ នាក់ទេ។ រដ្ឋមន្រ្តីម្នាក់ តៃកុងឡានម្នាក់ អ្នកការពារម្នាក់ និងជំនួយការម្នាក់ សរុបទាំងខ្ញុំ ៤ នាក់ តែប៉ុណ្ណឹងទេ។ ចាប់ផ្តើមរៀបចំនូវស្ថាប័នមួយដោយដំបូងចាប់ផ្តើមទៅយកក្រសួងការបរទេសចាស់នៅខាងមុខក្បែរមុខបរមរាជវាំង បន្តទៅ ទៅយកពុទ្ធិកៈមហាវិទ្យាល័យ ព្រោះពេលនោះ មានព្រះសង្ឃមកពីណា។ អត់ផងហ្នឹង អត់មានផង។ អញ្ចឹងទេ ទាំងទីតាំងក៏ត្រូវរើសត្រូវរៀបចំទាំងធនធានមនុស្សក៏ត្រូវជ្រើសរើស។ វាលំបាកទាំងពីរ។ មានធនធានមនុស្សមកពីណាអត់ផង។ ប៉ុន្តែជាភ័ព្វសំណាងយើងក៏ចេះតែប្រមូលៗ។
ក្រសួងការបរទេសប្រមូលបានបញ្ញវន្តច្រើន
ក្រសួងរបស់ខ្ញុំប្រមូលបានបញ្ញាវន្តច្រើនជាងគេ អ្នកសេដ្ឋកិច្ច អ្នកអីហ្នឹង គឺទៅក្រសួងខាងផ្នែកសេដ្ឋកិច្ច គេអត់ទទួល វិស្វករទៅក្រសួងឧស្សាហកម្ម គេអត់ទទួល។ អញ្ចឹងទេ គ្រាន់តែខ្ញុំប្រមូលវិស្វកររៀននៅអាល្លឺម៉ង់ ២ នាក់ រៀននៅក្នុងប្រទេសប៉ុន្មាននាក់ទៀត គ្រាន់វិស្វករ។ អ្នកក្សេត្យសាស្រ្ត ដូចជាតា កង កេង មិនទាន់ស្លាប់នៅឡើយទេ។ ឯកឧត្តម សៀង គឹមហ៊ុន ស្លាប់ហើយ។ ហ្នឹងសុទ្ធតែវិស្វករមកនៅជាមួយក្រសួងការបរទេស ព្រោះខ្ញុំប្រមូលសាស្រ្តាចារ្យមួយចំនួនខាងផ្នែកអក្សរសាស្រ្ត ក៏ខ្ញុំប្រមូលមកនៅក្រសួងការបរទេសបានច្រើន។ ក្រោយមកបានពង្រាយតាមក្រសួងនានាឡើងវិញ រាប់ទាំងប្រធានតុលាការកំពូល ឌិត មន្ទី រាល់ថ្ងៃក៏នៅក្រសួងការបរទេសដែរ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញរាល់ថ្ងៃនេះ គឺនៅក្រសួងការបរទេស … សុខ អាន ពីក្រសួងការបរទេស, ចម ប្រសិទ្ធ ពីក្រសួងការបរទេស។ ហើយ សុខ អាន និងចម ប្រសិទ្ធ នេះ មានប្រវត្តិជាលេខាធិការផ្ទាល់របស់ខ្ញុំតែម្តង។ អញ្ចឹងក្រសួងដែលប្រើប្រាស់ ក្រសួងចាស់របស់ខ្លួន គឺមានក្រសួងការពារជាតិនេះមួយ ក្រសួងហិរញ្ញវត្ថុនេះពីរ។ អាហ្នឹងប្រើស្នាក់ការចាស់របស់ខ្លួន ប៉ុន្តែក្រសួងដទៃទៀតសូម្បីតែស្នាក់ការចាស់ក៏អត់ប្រើដូចជាក្រសួងកសិកម្ម។ ក្រសួងកសិកម្ម តា នៅ សាមុំ ពេលនោះអត់មានបុគ្គលិក។ គាត់យកផ្ទះមួយធ្វើក្រសួងតែម្តងទៅ។ អញ្ចឹងអាហ្នឹងប្រវត្តិចាប់ផ្តើមរបស់វា វាយ៉ាងដូច្នេះ។
ក្រុមប្រឹក្សាបដិវត្តកម្ពុជា និងគណៈកម្មាធិការនានា
ខ្ញុំក៏សុំបញ្ជាក់អំពីបញ្ហានេះបន្តិច។ ក្រសួងទាំងប៉ុន្មានរាប់ទាំងគមនាគមន៍នេះ ការពិតទៅ វាមិនមែនជាក្រសួងទេ។ កាលហ្នឹងគេហៅគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍។ គេហៅគណៈកម្មាធិការ និយាយអញ្ចេះយើងចាប់ផ្តើមបកក្រោយបន្តិច។ ដើម្បីយើងដឹងពេលនេះ។ យើងគួរដឹងអតីតកាលនោះហើយជាទស្សនៈប្រវត្តិសាស្រ្តក្នុងការវិភាគបញ្ហាតើយើងបានដើរដល់ណា? និងត្រូវទៅកន្លែងណាទៀត។ ដើរចេញពីកន្លែងណា។ (គ្រា)ចាប់ផ្តើមការបង្កើតនូវរដ្ឋាភិបាលដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជានៅដំណាក់កាលដំបូង គឺមានមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះ ហើយពេលនោះគេមិនហៅរដ្ឋមន្រ្តីទេ សុំមើលសេចក្តីប្រកាសឡើងវិញ។ ទី ១ ហេង សំរិន ប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា អញ្ចឹងបានសេចក្តីថា បង ហេង សំរិន ដើរតួនាទីជាប្រធានរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង។ ទី ២ ប៉ែន សុវណ្ណ អនុក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកការពារជាតិ។ ទី ៣ ហ៊ុន សែន សមាជិក ទទួលបន្ទុកកិច្ចការបរទេស។ ទី ៤ ជា ស៊ីម សមាជិក ទទួលបន្ទុកមហាផ្ទៃ។ ទី ៥ កែវ ចិន្តា សមាជិក ទទួលឃោសនា ព័ត៌មាន និងវប្បធម៌។ ទី ៦ ម៉ុក សុគន្ធ សមាជិក ទទួលបន្ទុក សេដ្ឋកិច្ច និងជីវភាព។ ទី ៧ ចាន់ វ៉ែន សមាជិក ទទួលបន្ទុកអប់រំ។ ទី ៨ នូ បេង សមាជិក ទទួលបន្ទុកសុខាភិបាល។ មានតែប៉ុណ្ណឹងទេដំបូងនោះ។ ដល់យើងបញ្ចូលមកដល់ទីក្រុងភ្នំពេញនេះ បានយើងបង្កើតគណៈកម្មាធិការ មានគណៈកម្មាធិការកសិកម្ម មានគណៈកម្មាធិការឧស្សាហកម្ម គណៈកម្មាធិការគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ គណៈកម្មាធិការពាណិជ្ជកម្ម គណៈកម្មាធិការកសិកម្ម គណៈកម្មាធិការសង្គមកិច្ច។ អញ្ចឹងបានក្រោយមក បង ឃុន ឈី ជាអ្នកកាន់កាប់គណៈកម្មាធិការ ឬក្រសួងហ្នឹង រួចហើយនាំគ្នាហៅរដ្ឋមន្រ្តីតែម្តងទៅ។
បណ្តាប្រធានគណៈកម្មាធិការ និងរដ្ឋមន្ត្រី សាធារណការ ដឹកជញ្ជូន
អញ្ចឹង ក្រសួងនេះបើយើងរៀបរាប់សម្រាប់ក្រសួងនេះមួយ បានឆ្លងកាត់នូវការដឹកនាំ ដំណាក់កាលទី ១ គឺបង ឃុន ឈី កាន់គណៈកម្មាធិការដឹកជញ្ជូននេះ ដែលហៅថារដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍។ រដ្ឋមន្រ្តីទី ២ គឺសម្តេចពិជ័យសេនា ទៀ បាញ់ តែម្តងដែលពេលនោះជារដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីក្រសួងសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍ មុនពេលដែលខ្ញុំយកគាត់ទៅធ្វើជារដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីការពារជាតិ ដើម្បីជុំរុញការចរចារកដំណោះស្រាយនយោបាយនៅពេលនោះ ដូចជានៅដើមឆ្នាំ ១៩៨៨។ ពេលហ្នឹងខ្ញុំត្រូវដោះដូររដ្ឋមន្រ្តីដល់ទៅ ២ ដើម្បីបម្រើឲ្យចរន្តនៃការចរចាគឺរដ្ឋមន្រ្តីការពារជាតិមួយ និងរដ្ឋមន្រ្តីការបរទេស។ ការពិតខ្ញុំធ្វើការតំណែងទាំង ២ កាន់តំណែងជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីការបរទេសផង។ ខ្ញុំបានប្រគល់ទៅឲ្យ គង់ គាំ ទទួលបន្ទុកការងារបរទេស ប៉ុន្តែពេលចរចា គឺតម្រូវឲ្យមានការប្រមូលនូវការខិតខំទាំងអស់ដើម្បីធ្វើការចរចាទាក់ទងនឹងសន្តិភាព។ អញ្ចឹង បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ គឺឯកឧត្តម អួង ផន … បន្ទាប់ពី អួង ផន ដល់ រស់ ឈុន។ បន្ទាប់ពី រស់ ឈុន ដល់ សូ ឃុន ហើយដល់ដំណាក់កាល សូ ឃុន នេះ ពេលបោះឆ្នោតរួចហើយបានចែកជាក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍។ អញ្ចឹង សាធារណការនេះ គឺត្រូវឯកឧត្តម អ៊ឹង គៀត មកកាន់។ ផុតពីឯកឧត្តម អ៊ឹង គៀត មកដល់ឯកឧត្តម ឃី តាំងលឹម។ ផុតពី ឃី តាំងលឹម ដល់ ស៊ុន ចាន់ថុល។ ផុតពី ស៊ុន ចាន់ថុល ដល់ត្រាំ អ៊ីវតឹក។ ផុតពីត្រាំ អ៊ីវតឹក ដល់ ស៊ុន ចាន់ថុលវិញ។ អាហ្នឹងជាប្រវត្តិរបស់វាអញ្ចឹង …។
រីករាយចំពោះការរៀបចំអោយមានវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន
ឥឡូវខ្ញុំពិតជាមានការរីករាយដែលឃើញថាធនធានមនុស្សនៅគ្រប់ក្រសួងទាំងអស់គឺំមានដំណើរការល្អពីខ្វះខាតធនធានមនុស្សទៅមានធនធានមនុស្ស។ អ្វីដែលខ្ញុំពេញចិត្តបន្ថែមនៅត្រង់ថា ស្ថាប័នមួយនេះ និងស្ថាប័នមួយចំនួនទៀត បានកសាងរួមគ្នានូវទីតាំងបណ្តុះបណ្តាល ដែលនៅទីនេះមានការសាងសង់អគារ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដែលជួយឧបត្ថម្ភដោយសាជីវកម្មផ្លូវថ្នល់របស់ចិនតំលៃ ២ លាន ៥ សែនដុល្លារអាមេរិកហើយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រសួងអប់រំរួចមកហើយ។ ចំណុចនេះវាសំខាន់ណាស់។ យើងត្រូវឲ្យដឹង មិនមែនកន្លែងល្អសំខាន់ទេ។ សំខាន់(នៅត្រង់ថា)តើប្រសិទ្ធិភាពរបស់វានៅកន្លែងណា។ ត្រូវរកអោយឃើញនូវមុខងារ និងភារកិច្ចដែលយើងត្រូវធ្វើ ជាមួយនឹងសមត្ថភាពធនធានមនុស្សនៅមានកម្រិតរបស់យើង ដែលយើងត្រូវរកវិធីបណ្ដុះបណ្ដាលអោយកើនឡើង។
សម្រាប់ខ្ញុំ តាំងពីឆ្នាំ ១៩៧៩ ខ្ញុំមិនដែលចោលទេ(ការរៀបចំ)សាលា។ ទោះបីជាពេលនោះពិបាក។ នៅពេលនោះដើររកគ្រែ រកចាន (ទៅរៀបចំនៅ)រដ្ឋសភាចាស់ ដែលឥលូវគេហៅថាតុលាការកំពូល ធ្វើជាកន្លែងដាំបាយស៊ីរួមសិន។ បើកវគ្គបណ្ដុះបណ្ដាលដើម្បីធ្វើអ្នកការទូតជំនាន់នោះ។ រើសបានប៉ុន្មានត្រូវមានវិក្រឹត្យការផ្នែកការទូត។ ឥលូវនៅក្រសួងការបរទេស ក៏មានវិទ្យាស្ថានការទូតនៅជាប់ជាមួយនឹងក្រសួងតែម្ដង។ (ដូចគ្នា)ការសប្បាយរីករាយរបស់ខ្ញុំ ដោយឃើញថាវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូននៅជាប់នៅហ្នឹងតែម្ដង ហើយសហការជាមួយក្រសួងអប់រំយកនិស្សិតមកបណ្ដុះបណ្ដាលអំពីការធ្វើផ្លូវ/ស្ពាន។ ហើយផ្លូវហ្នឹងមានផ្លូវធម្មតា ផ្លូវអាកាស ផ្លូវក្រោមដី ទន្លេ និងក្រោមបាតសមុទ្រ។ យើងត្រូវហាត់(រៀនធ្វើ) ពេលមុនវាមិនទាន់ដល់ទេ ប៉ុន្ដែឥឡូវវាដល់(ពេលសាងសង់) សូម្បីតែនៅថ្ងៃនេះ យើងបានដាក់ឲ្យប្រើនៅផ្លូវក្រោមដីមួយខ្សែទៀត និងផ្លូវខ្នែងរបស់វានោះ។
ចំណុចទាំងនេះ បង្ហាញឲ្យឃើញពីការលំបាកនៃការរៀបចំនៅដំណាក់កាលដំបូង មិនមែនជាការងាយស្រួលទេ។ ពីដំបូង(១៩៧៩ បើសិនជា)ចង់ក្រសួងមួយយកផ្ទះ ៥០០ (ខ្នង)ក៏គ្មានអ្នកណាគេថាអីដែរយកទៅ ប៉ុន្ដែអត់មានអ្នកណាហ៊ានយកទេ។ សូម្បីក្រសួងកសិកម្មដែលមានក្រសួងចាស់គេមាន(ស្រាប់) តា នៅ សាមុំ (ដែលជា)ប្រធានគណៈកម្មាធិការកសិកម្ម ឬរដ្ឋមន្ដ្រីកសិកម្មមុនគេ មិនហ៊ានទៅនៅឯណា។ គាត់យកផ្ទះមួយគាត់នៅទៅ ហើយផ្ទះមួយទៀត ឥលូវដូចជាក្រសួងធនធានទឹកធ្វើអីនោះ។ ហ្នឹងហើយក្រសួងកសិកម្មពីមុននោះ ក្រោយមក បង គង់ សំអុល ធ្វើអគារមួយក្បែរហ្នឹងទៅ។ ក្រសួងចាស់អត់ហ៊ានទៅនៅផង ព្រោះខ្លាចខ្មោចលងនិយាយអោយពិតទៅ។
ទំហំរាជធានីភ្នំពេញរីកទ្វេដង
ទីក្រុងនេះ(ភ្នំពេញ)វាអត់មានភ្លើង ទឹក។ ប៉ុន្ដែឥឡូវនេះ ទីក្រុងរបស់យើងមិនត្រឹមតែអភិវឌ្ឍត្រឹមតែទីក្រុងចាស់ទេ ពង្រីកពីជាង ៣០០ គីឡូម៉ែត្រក្រឡា ទៅជាជាង៧០០ គីឡូម៉ែត្រក្រឡា។ អញ្ចឹងហើយបានជាខ្ញុំមានការធុញទា្រន់ជាមួយនឹងការលើកឡើងច្រំដែលៗ នៃមនុស្សមួយចំនួនដែលថាយើងលុបបឹង។ យើងលុបបឹងនេះយើងលុបបឹងនោះ។ ឥឡូវខ្ញុំចង់សួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញពីដើម (មាន)កន្លែងណាខ្លះគោក កន្លែងណាខ្លះទឹក? នៅទីក្រុងភ្នំពេញសុទ្ធតែបឹង។ ទាំងផ្ទះរបស់ខ្ញុំនៅលើព្រែកតែម្ដង។ វិមានឯករាជ្យកសាងនៅកន្លែងព្រែកទេតើ។ អញ្ចឹងយើងមានបឹងរាំង បឹងកេងកង បឹងព្រលិត បឹងនេះបឹងនោះទាំងអស់នៅទីក្រុងភ្នំពេញ។ នៅពេលនោះម៉េចគេលុបបាន ឥឡូវម៉េចខ្ញុំលុបមិនបាន? មើលៗនិយាយគ្នាបន្ដិចមើល ក្រែងត្រូវការអភិវឌ្ឍ បើត្រូវការអភិវឌ្ឍវាត្រូវការលុបមើលកន្លែងនេះមានលុបដែរទេ? បើមិនលុបធ្វើម៉េចចាក់ដីធ្វើបាន។
អញ្ចឹងបានខ្ញុំចេះតែឆ្ងល់វាជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបាន? … តែខ្ញុំមិនស្របទេ ចំពោះការបិទមុខទឹកដែលបង្វែរចរន្ដទឹក។ ឧទាហរណ៍ស្ទឹងព្រែកត្នោតអីជាដើម ត្រូវតែទម្លុះទម្លាយមុខទឹករបស់វា។ ប៉ុន្ដែខ្ញុំសូមបញ្ជាក់ និយាយពីបឹងតាមោក ខ្ញុំស្ដាយនោះស្ដាយៗ ត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស។ ម៉េចបានថាខុស? ធ្វើអនុក្រឹត្យអោយឯងចុះហត្ថលេខា ទឹកឡើងដល់ណាព្រំដែន(បឹង)ដល់នោះ។ អាហ្នឹងកាលពីមុនអត់មានអនុក្រឹត្យ ដល់ពេលឲ្យធ្វើអនុក្រឹត្យ យកតាមគំរូ លី គឹមហាន។ ប្រជាពលរដ្ឋបាន សួរថា តើព្រំដែនឡូត៍នេសាទនៅដល់ណា? បង លី គឹមហាន (គាត់មរណកាលទៅហើយ) ឆ្លើយថា ឡូត៍នេសាទទឹកឡើងដល់ណា គឺឡូនេសាទដល់ហ្នឹង។ ដល់អញ្ចឹងទេ ខ្ញុំចង់ឲ្យកំណត់តំបន់ ដែលត្រូវការពារ ស្រាប់តែមកព្រះអើយ សុទ្ធតែស្រែប្រាំងរបស់ប្រជាជន។
អ្នកឈ្នះមានសិទ្ធិសរសរប្រវត្តិសាស្ត្រ
ឥឡូវទៅមើលក្នុងអនុក្រឹត្យ សុទ្ធតែស្រែប្រាំងប្រជាជន។ ខ្ញុំនឹងកាត់បន្តទៅទៀត ប្រាប់ឲ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន។ ប៉ុន្តែ និយាយអញ្ចេះ មិនមែនអ្នកណាចេះតែទៅធ្វើបានទេ។ ហើយប្រជាជនកំពុងតែធ្វើស្រែប្រាំង ទៅដាក់ក្នុងអនុក្រឹត្យទៅជាដីរដ្ឋនឹងគេដែរ។ សុទ្ធតែ(ដី)គោកៗនោះ។ ខែប្រាំងគោកអស់រលីង។ ខ្ញុំស្តាយ ប៉ុន្តែ អនុក្រឹត្យនេះទុកឲ្យខ្ញុំចាត់ចែង។ អាណាគួរធ្វើអាណាមិនគួរធ្វើ។ ប្រទេសនានាគេបូមដល់ទៅសមុទ្រ ពង្រីកសមុទ្រ យកដីដើម្បីអភិវឌ្ឍទៅហើយ ម៉េចក៏កម្ពុជាធ្វើនេះក៏ខុស ធ្វើនោះក៏ខុស។ ច្រណែនឬអី? និយាយមើល៎។ ខ្លះគេថាយើងអភិវឌ្ឍភាគខាងត្បូងចំកន្លែងដីសើម។ អើ! ដីសើមទុកឲ្យដីសើមអញ្ចឹងទៅ(ឬ)? អញមិនទុកឲ្យអ្ហែងទេ។ ចាំអ្ហែងមក អ្ហែងវាយអគារហ្នឹងគ្រវាត់ចោលទៅ អញធ្វើហើយ។ ឥឡូវភាគខាងត្បូង ផ្លូវ ៦០ ម៉ែត្រទៅជាទីក្រុងមួយថ្មីហើយ ភាគខាងត្បូងផ្លូវខាងផ្ទះខ្ញុំ ភាគខាងជើងក៏រីក ភាគខាងត្បូងក៏រីក ភាគខាងលិចក៏រីក បន្តិចទៀតទៅខាងអរិយក្សត្រក៏រីកដែរ និយាយគ្នាឲ្យច្បាស់។
ពីដើមក្រុងភ្នំពេញមានដី ប៉ុន្មានទៅពិតប្រាកដ។ សូម្បីតែវិមានឯករាជ្យដែលព្រះករុណាបិតាកសាងវិមានឯករាជ្យ ផ្ទះរបស់ខ្ញុំ ពេលដែលខួងធ្វើផ្ទះថ្មី ដល់ទាញចេញមកសុទ្ធតែស្មាច់ដែលគេចាក់ ជម្រៅ ២០ ម៉ែត្រទៅខាងក្រោម។ គេលុបបឹងធ្វើទីក្រុងអស់ហើយ ឯងមកជេរ។ រឿងអ្នកជេរក៏ជេរទៅ យើងធ្វើនៅតែធ្វើ។ ខ្ញុំនៅតែនិយាយដដែល មានតែអ្នកឈ្នះប៉ុណ្ណោះដែលអាចមានសិទ្ធិសរសរប្រវត្តិសាស្ត្រ។ យើងមិនមែនប្រើអំណាចខុសទេ។ ដីស្រែ(ទៅ)ហើយ(ថា)ជាបឹងកើត។ ហ្នឹងមកពីខ្ញុំល្ងង់ដែរ ទុកចិត្តសេនាធិការ។ ដល់រួចទៅ ប៉ះចំដីប្រជាពលរដ្ឋ ចំដីស្អីៗខ្ទេចខ្ទី។ ឥឡូវបន្តិចទៅសាលាក្រុងសុំកាត់ បន្តិចទៅ ជា សុផារ៉ា សុំកាត់។ គ្រាន់តែសួរមួយម៉ាត់ទេ អាហ្នឹងខែហ្នឹងនៅលើគោក ឬនៅក្នុងទឹក។ ថាកំពុងធ្វើស្រែប្រាំង។ អើបើធ្វើស្រែប្រាំងកាត់ទៀតទៅ ឲ្យវាចប់រឿង។ ហើយយកទៅអភិវឌ្ឍទៅ។ អភិវឌ្ឍកាន់តែច្រើន ទីក្រុងប្រទេសរបស់យើងក៏កាន់តែធំ កន្លែងធ្វើការរបស់យើងក៏កាន់តែច្រើន។ ឥឡូវខ្ញុំឲ្យអគ្គបញ្ជាការកងទ័ពមក នៅខាងនេះ(បឹងតាមោក) អគ្គបញ្ជាការកងទ័ពមកនៅខាងហ្នឹង។ ខ្ញុំឲ្យខាងមន្ទីរពេទ្យ ២ កន្លែង មន្ទីរពេទ្យកាល់ម៉ែត្រ ១ និងកន្លែងគេហៅថាជំងឺឆ្លងមួយទៀត នៅខាងហ្នឹង។
ការរីកចម្រើនផ្នែករដ្ឋក៏ដោយ ផ្នែកឯកជនក៏ដោយ ជាការរីកចម្រើនរបស់ប្រទេសជាតិ
ពង្រីកខាងហ្នឹង ហើយពង្រីកមកខាងហ្នឹងវាមានទាក់ទងអីនឹងការស្តុកទឹក។ អាទឹកមកពីលើបុកអ្ហែងទៅទម្លាក់ទៅ កន្លងទៅដោយសារតែទំនប់យើងមួយខ្សែនេះ អត់មានរបាំងនៅពីមុខ បានជាចេះតែបុកទំនប់កប់ស្រូវនោះ កាលណាមានរបាំងនៅពីមុខហើយ វាទៅខ្លាចអីទៀត។ ចាំបានទេ ឆ្នាំ ២០០០ នាំគ្នាដេកយាម ដែល លឹម គានហោ … ដោយសារអី? ដោយសារទឹកវាទៅបុកផ្ទាល់ជាមួយទំនប់នោះ។ ឥឡូវចាក់ដី ៥០០ ម៉ែត្រទៅមុខមើល វាមកបុកទៀតឬអត់? គ្មានទៅមកបុកកើតទេ … ហើយការរីកចម្រើនរបស់យើង វាជាស្អី? វាជាការរីកចម្រើនរបស់ប្រទេសជាតិ។ ទោះបីជា ផ្នែករដ្ឋក៏ដោយ ឯកជនក៏ដោយ ដែលគេធ្វើ វាតំណាងឲ្យអី? គ្រាន់តែឥឡូវខ្ញុំលើកពីអគារទៅចុះ។ កសាងអគារមួយថាអានេះផ្នែករដ្ឋសម្រាប់ធ្វើការប៉ុន្មានរយនាក់ ប៉ុន្មានពាន់នាក់? ២០០០ នាក់ ឬ ១០០០ នាក់ ធ្វើការនៅនេះ ជិត ២០០០ នាក់ អាហ្នឹងថាអញ្ចេះចុះ។ ប៉ុន្តែ បើសិន(ជា)អគារឯកជន ជិត ២០០០ នាក់នេះ ដោះស្រាយការងារធ្វើជិត ២០០០ នាក់ដែរ។ អាហ្នឹងមួយទៅ។ ប៉ុន្តែ អាហ្នឹងដោះស្រាយការងារធ្វើសម្រាប់ឲ្យបុគ្គលិក។ ក្នុងចំណែកបុគ្គលិកដែលចូលធ្វើការនេះ ត្រូវមានពន្ធលើប្រាក់បៀវត្សដែលរដ្ឋនឹងទទួលបានពន្ធ លើប្រាក់បៀវត្ស ដែលថៅកែផ្តល់ឲ្យ។ តែដល់កម្រិតត្រូវបង់ពន្ធ ត្រូវតែបង់ពន្ធឲ្យរដ្ឋហើយ។ ក្រៅពីនោះ អចលនទ្រព្យកាន់តែច្រើន ពន្ធចូលកាន់តែច្រើន ព្រោះត្រូវបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ។ ប្រទេសជាតិរីកចម្រើនតាមបែបហ្នឹង។
សម្ដែងការគោរពចំពោះព្រះបាទ អង្គឌួង
អញ្ចឹងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយវាមិនដូចគ្នាទេ។ យើងគួរតែដឹងប្រវត្តិសាស្ត្ររបស់ យើង។ អញ្ចឹងបានជាខ្ញុំមានការគោរពចំពោះព្រះបាទ អង្គឌួង តែម្តង។ បើសិនជាយើងនាំគ្នាមើលពីដើមត្រឡប់មកវិញ យើងថ្វាយការគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទ អង្គឌួង ព្រះបាទ នរោត្តម ព្រះបាទ ស៊ីសុវត្ថិ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស រហូតមក ដល់ ព្រះបាទ នរោត្តម ព្រះបាទ សុរាម្រឹត្យ ហើយក្រោយមកទៀតគឺសម្តេច ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ចាប់ពីឆ្នាំ ១៩៦០។ អ្វីដែលយើងគួរមើលត្រឡប់ទៅក្រោយវិញ ប្រទេសខ្មែរស្ទើរតែបាត់ចេញពីផែនទីពិភពលោកហើយ (ដោយ)មានដំណាក់កាលមួយក្នុងរង្វង់ ១៨៤០ ប្លាយ ប្រជាជនខ្មែរនៅមិនដល់ ១ លាននាក់ទេ។ ពេលនោះ ព្រះបាទ អង្គឌួង ព្រះអង្គប្រឹងប៉ុណ្ណា ដើម្បីរំដោះប្រទេសនេះ ហើយបានទៅកកើតរាជធានីនៅវាំងចាស់។
ម្តុំវាំងចាស់ដែលខ្ញុំទៅធ្វើបុណ្យ គាប់ជួនអីមានអ្នកវិបស្សនាឈ្មោះ ញៀន មឿង ដែលជាង ៧០ ឆ្នាំ មុនពេលដែលខ្ញុំទៅកសាងវត្ត បាននិយាយប្រាប់អ្នកស្រុកនៅទីនោះថា វត្តនេះថ្ងៃក្រោយគឺកូនកសិករទេ ដែលជាអ្នកសាងសង់។ អញ្ចឹងខ្ញុំទៅធ្វើនៅកន្លែងនោះ រាល់ឆ្នាំខ្ញុំទៅភ្ជុំនៅកន្លែងនោះ។ ព្រះបាទ អង្គឌួង លោកប្រឹងណាស់ ទម្រាំតែបានប្រទេសរបស់យើងត្រឡប់មកវិញ។ អញ្ចឹងបានរដ្ឋធម្មនុញ្ញរបស់យើងសរសេរបានត្រឹមតែព្រះបាទ អង្គឌួង ទេ។ ចោទចេញជាបញ្ហា តើមុនព្រះបាទ អង្គឌួង ជាអ្នកណា? អត់។ អញ្ចឹងបានជានៅក្នុងរដ្ឋធម្មនុញ្ញមានចែងថា ក្សត្រដែលឡើងគ្រងរាជ្យនៅកម្ពុជាគឺខ្សែលោហិតរបស់ព្រះបាទ អង្គឌួង ព្រះបាទ នរោត្តម ព្រះបាទ ស៊ីសុវត្ថិ និងបច្ចាញាតិរបស់ព្រះបាទ អង្គឌួង។
ការពារដីដែលមានសព្វថ្ងៃ
អញ្ចឹង យើងត្រូវមុជទៅដល់អ្នកដែលបានកសាងទឹកដី បើយើងមិនមុជទៅដល់សម័យអង្គរទេ។ ប៉ុន្តែសម័យអង្គរ (យើង)ស្ទើរតែដាច់ពូជ។ ក្រោយមកនេះ ជម្លោះចុះឡើងៗ ស្ទើរតែដាច់ពូជ។ ព្រះបាទ អង្គឌួង លោកប្រឹង។ ឯណាទៅយកបារាំងយកមកដើម្បីការពារ បារាំងមិនមកការពារ មកត្រួតបណ្តោយ ត្រួតបានទាំងខ្មែរ ត្រួតបានទាំងឡាវ ត្រួតបានទាំងអណ្ណាម កូសាំងស៊ីន នោះទៀត។ រឿងរ៉ាវវាអញ្ចឹង រួចមកបន្ទោសខ្ញុំ (ពីរឿង)បាត់ដី បាត់អីឯណា។ ទេខ្ញុំសុំទោសចុះ ខ្ញុំសុំការពារតែដីដែលមានសព្វថ្ងៃនេះបានហើយ អ្នកណាពូកែគឺសុំ អញ្ជើញទៅយកខ្លួនឯងចុះ។ ខ្ញុំនិយាយយ៉ាងដូច្នេះ ខ្ញុំចង់បង្ហាញនូវកត្តាប្រវត្តិសាស្ត្រមួយចំនួន ដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើង។ យើងរុងរឿងបានរយៈពេល ១៦ ឆ្នាំ យើងថាពី ១៩៥៣ យើងបានឯករាជ្យ ប៉ុន្តែការកសាងពិតប្រាកដរបស់ព្រះករុណាព្រះបិតាបានត្រឹមពី ១៩៥៥ មកទេ ជាមួយនឹងការដែលមានការរំខានពីក្រុមប្រឆាំង និងការឈ្លានពានរបស់បរទេស។ ឥឡូវប្រវត្តិសាស្ត្រ។ បើយើងមិនមុជទៅដល់ហ្នឹងទេ។ ដាក់បញ្ហាឲ្យយើងឆ្លើយតបថា យើងមានសង្គ្រាមពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ឬអត់? ហ្នឹងទី ១ ទី២ តើមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬអត់?
លោកពូ ម៉ក់ ហឺន មិនមែនល្ងង់ទូ
អញ្ចឹងបានជាយកឱកាសនេះឆ្លើយទៅ លោកពូ ម៉ក់ ហឺន។ លោកពូ ម៉ក់ ហើន គាត់ចេញ Clip មួយចុងក្រោយគាត់ថា គាត់វិភាគបែបហ្នឹងតើ គាត់ស្ថិតនៅក្នុងអាល្ងង់ទូឬអត់? ព្រោះប្រហែលគាត់ស្តាប់ខ្ញុំធ្លាប់និយាយ មានទស្សនវិទូ មានប្រវត្តិវិទូ មានសេដ្ឋវិទូ ប៉ុន្តែក៏មានអាល្ងង់ទូដែរ។ អញ្ចឹងប្រហែលជាគាត់ធ្លាប់ស្តាប់ខ្ញុំ អញ្ចឹងគាត់ថា តើគាត់វិភាគបែបហ្នឹង លោក ហ៊ុន សែន ដាក់គាត់ជាអាល្ងង់ទូឬអត់? ខ្ញុំសុំជម្រាបលោកពូ ព្រោះចុងក្រោយ គាត់ថា ឲ្យឆ្លាក់រូបគាត់ម៉េចយកមកដាក់ក្រោមវិមានឯករាជ្យ។ លោកពូមិនស្ថិតនៅក្នុងចំណោមអ្នកអាល្ងង់ទូទេ ដោយសារលោកពូបានវិភាគយកផ្នែកមួយនៃផ្នែកទាំង ៣ ដែលហ៊ុន សែន ប្រើ នោះគឺទស្សនៈប្រវត្តិសាស្ត្រ។
មនុស្សណាក៏ដោយបើមិនផ្នែកទៅលើទស្សនៈប្រវត្តិសាស្ត្រ ខ្ញុំនៅតែឲ្យពិន្ទុថាអាល្ងង់ទូដដែល ព្រោះបើអ្នកឯងមិនទទួលស្គាល់ថាសង្គ្រាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ បង្កវិនាសកម្មប៉ុណ្ណាផង អត់ទទួលស្គាល់ថា ប៉ុល ពត កាប់សម្លាប់មនុស្សប៉ុណ្ណាផង ហើយផលវិបាកនៃរបប ប៉ុល ពត បន្សល់ទុកឲ្យមានកុមារកំព្រា ស្ត្រីមេម៉ាយ ការព្រាត់ប្រាសនានា សង្គ្រាមមកបន្តរហូតមកបញ្ចប់នៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ(យ៉ាងណាផង) អ្នកឯងអត់ទាំងទទួលស្គាល់អាហ្នឹងផង អ្នកឯងច្បិចយកតែសភាពការណ៍សព្វថ្ងៃមួយគត់មកវិភាគ ទោះបីអ្នកឯងមានបណ្ឌិតដឹកទាំងឡាន ក៏ខ្ញុំនៅតែហៅអ្នកឯងអាល្ងង់ទូដែរ។ ប៉ុន្តែលោកពូ ម៉ក់ ហឺន មិនស្ថិតនៅក្នុងហ្នឹងទេ។ ហោចណាស់លោកពូបានវិភាគមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់វា។
វិធីសាស្ត្រ ៣ វិភាគ វាយតម្លៃ និងព្យាករសភាពការណ៍
ខ្ញុំប្រើវិធីសាស្ត្រ ៣ គួបផ្សំគ្នា។ ជានិច្ចជាកាល ហ៊ុន សែន ប្រើវិធីសាស្ត្រ ៣ វិធីសាស្ត្រទី ១ គឺវិធីសាស្ត្រប្រវត្តិសាស្ត្រ។ វិធីសាស្ត្រទី ២ គឺវិចារវិទ្យា។ វិធីសាស្ត្រទី ៣ គឺ logic ឬកត្តវិជ្ជា។ ជានិច្ចកាល ហ៊ុន សែន ប្រើវិធីសាស្ត្រ ៣ គួបផ្សំគ្នា ដើម្បីវិភាគសភាពការណ៍ វាយតម្លៃសភាពការណ៍ និងព្យាករសភាពការណ៍នៅពេលខាងមុខ។ ប៉ុន្តែសុំជូនទៅលោកពូ ម៉ក់ ហឺន បន្តិច និយាយបើកវង្វង់ក្រចក មាន clip មួយនោះ លោកពូបាននិយាយខុស ២ ចំណុច ដែលសុំផ្តាំទៅលោកពូ។ ទី ១ លោកពូថា ហេង សំរិន ហ៊ុន សែន ទាល់ច្រក អាពត ប្រុងខ្វៃហើយបានរត់។ ចំណុចនេះសុំលោកពូញែកឲ្យដាច់។ ខ្ញុំជាមួយនឹងសម្តេច ហេង សំរិន អត់នៅជាមួយគ្នាទេ។ ខ្ញុំបានចេញទៅកសាងកងទ័ពតាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ឯណោះ។ ឯសម្តេច ហេង សំរិន គឺនៅឆ្នាំ ១៩៧៨ គឺមួយឆ្នាំក្រោយ។ ខ្ញុំជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែមេបញ្ជាការទេ គឺជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធនេះតែម្តង។ ហ្នឹងគឺខ្ញុំមិនមែនស្ថិតក្នុងស្ថានភាពទាល់ច្រកទេ គឺជាអ្នកស្វែងរកផ្លូវសង្គ្រោះជាតិ។ (គេ)អាចនឹងវាយក្នុង YouTube (ដោយ)ដាក់ពាក្យថា “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” នឹងចេញមកហើយនូវខ្សែភាគយន្តឯកសារ។ ចំណុចនោះសម្ដេចពិជ័យសេនា ទៀ បាញ់ រៀបចំនូវវិមានសន្តិភាពផង រៀបចំនូវទីកន្លែងដែលខ្ញុំបានឆ្លងកាត់ទាំងប៉ុន្មាន ដូចដែលយកជីវិតធ្វើដើមទុនដើម្បីដោះស្រាយ។
រណសិរ្សយកឈ្មោះតាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
ឯចំណុចទី ២ លោកពូ ម៉ក់ ហឺន ថា ហ៊ុន សែន ដូចជាមិនដឹងមកពីត្រង់ណា? ដល់ឆ្នាំ ១៩៨២ ហើយបានគេដឹង ដូចជាអាយុជាង ២០ ឆ្នាំ។ គាត់និយាយថា គេស្គាល់តែ ហេង សំរិន ជា ស៊ីម ប៉ែន សុវណ្ណ តែប៉ុណ្ណឹង គេអត់ដែលស្គាល់ ហ៊ុន សែន ទេ។ ហ៊ុន សែន មិនដឹងចេញមកពីត្រង់ណា។ ខ្ញុំគ្រាន់តែផ្ដាំទៅលោកពូថា បើសិនជាលោកពូមិនស្គាល់ ហ៊ុន សែន ទេ ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត ព្រោះអ្វីៗ ហ៊ុន សែន មានវត្តមានទាំងអស់ (និង)ចារជាប្រវត្តិតែម្ដង។ បើនិយាយពីឈ្មោះរណសិរ្សវិញ ឈ្មោះ ហ៊ុន សែន អ្នកស្នើឡើង ដោយសារអី? កងទ័ពដែល ហ៊ុន សែន កសាង បង្កើត គឺឈ្មោះថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មានរូបថតជាសម្អាង។
អញ្ចឹង ដល់ពេលបង្កើតរណសិរ្ស ដើម្បីចៀសវាងនូវការកែឈ្មោះកម្លាំងប្រដាប់អាវុធ យើងក៏ត្រូវនិយាយទៅដល់សុំស្នើឈ្មោះហ្នឹងតែម្ដង។ ជាភ័ព្វសំណាងដែលភាគីផ្សេងទៀតទទួលយក។ កុំភ្លេចថា កម្ពុជាមាន ៥ ភាគី ចាប់ផ្ដើមដំបូង។ ប៉ុន្តែ ភាគីបង សាយ ភូថង និង ទៀ បាញ់ នៅក្នុងប្រទេសថៃ មិនអាចចេញមុខបានទេ។ ភាគី ៤ ផ្សេងទៀត ចេញមុខបាន។ ភាគី ១ គឺដឹកនាំដោយសម្ដេច ហេង សំរិន ប្រធាន សម្ដេច ជា ស៊ីម អនុប្រធាន។ ភាគីមួយទៀត ដឹកនាំដោយ ប៉ែន សុវណ្ណ ប្រធាន និង ម៉ុក សុគន្ធ អនុប្រធាន។ ភាគីមួយទៀតដឹកនាំដោយ ប៊ុន មី ប្រធាន ប៊ូ ថង អនុប្រធាន។ ភាគីមួយទៀត ហ៊ុន សែន ប្រធាន ហែម សាមិន អនុប្រធាន។ អញ្ចឹងមាន ៤ ភាគី ក្នុងចំណោម ៤ ភាគី មានភាគី ហ៊ុន សែន ជាភាគីដែលមានកម្លាំងប្រដាប់អាវុធ។ អានេះរឿងប្រវត្តិសាស្រ្តវាអញ្ចឹង។ សូមផ្ដាំទៅលើកពូ ម៉ក់ ហឺន លឺថាមិនស្គាល់ ហ៊ុន សែន។ បើមិនស្គាល់ ហ៊ុន សែន ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត។ ខ្ញុំមិនថា មិនស្គាល់អង្គរទេ ថាមិនស្គាល់ស្ករត្នោត។ ប៉ុន្តែ គាត់នៅតែនិយាយឈ្មោះ ហ៊ុន សែន។
ប៉ុន្តែមិនអីទេ លោកពូវិភាគប៉ុណ្ណឹងបាន។ និយាយត្រង់ និយាយត្រូវ។ ហើយលោកពូថា ថ្ងៃ ២២ ខែមករា លោកពូចូលមកដល់ភ្នំពេញ ព្រោះគាត់ជាប់ជំនាន់ អាពត ដែរ។ គាត់ចូលមកដល់ភ្នំពេញហើយ ក្រោយមកទើបគាត់ទៅអាមេរិក។ ចេញទៅតាមប្រទេសថៃអីឬមិនដឹង។ ចេញទៅអាមេរិក។ អញ្ចឹងសូមអញ្ជើញលោកពូមកលេង។ ខ្ញុំចេញសំបុត្រយន្តហោះឱ្យ។ ខ្ញុំប៉ាវឱ្យពូមកមើលភ្នំពេញបច្ចុប្បន្នខុសពីភ្នំពេញកាលពីពេលលោកពូចេញទៅយ៉ាងម៉េច? លោក ចិត្រា ក៏ដោយ លោក សុបិន្ត ទើបនឹងមកកំពង់ស្ពឺប៉ុន្មានថ្ងៃមុននេះ។ ប្រហែលជាឥឡូវមិនទាន់ទៅវិញផងទេ។ អ្នកវិភាគនៅខាងក្រៅនោះ។ លោក គ្រឹះស្នា ខ្ញុំក៏បានស្ដាប់។ ឥឡូវ បើថាចង់មក ខ្ញុំជួយចេញសំបុត្រយន្តហោះឱ្យមកមើលស្រុកខ្មែរ ដើម្បីឱ្យដឹងថាស្រុកខ្មែរវាយ៉ាងម៉េច។
ឈ្នះឈ្នះបញ្ចប់សង្គ្រាមកើតពីឆ្នាំ ១៩៧០ រឿងតស៊ូនយោបាយ ជាដំណើរការប្រជាធិបតេយ្យ
យ៉ាងហោចណាស់ អ្នកវិភាគមួយចំនួននៅអាមេរិកដែលនិយាយ live show គ្រាន់បើជាងអ្នកនៅភ្នំពេញ ដែលគ្រាន់តែនយោបាយឈ្នះឈ្នះមិនស្គាល់ផង។ ចាត់ទុកថា ឈ្នះឈ្នះឥឡូវអត់ឃើញអីផង។ ខ្ញុំបានបញ្ជាក់ហើយតើថា ឈ្នះឈ្នះរបស់ខ្ញុំគឺមានន័យថា ខ្ញុំបញ្ចប់សង្គ្រាមដែលកើតតាំងពីឆ្នាំ ១៩៧០ មិនឱ្យសង្គ្រាមប្រដាប់អាវុធឡើងវិញតែប៉ុណ្ណឹងទេ។ តែរឿងតស៊ូគ្នាខាងផ្លូវនយោបាយ វាជាដំណើរការធម្មតានៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ។ ម៉េចក៏ប៉ុណ្ណឹងមិនយល់? ប៉ុន្តែ ដោយសារភាពអគតិ គេមិនអាចទទួលយកនូវការគិតមួយនេះបានទេ។ ខ្ញុំអរគុណចំពោះអ៊ុនតាក់ ខ្ញុំជាហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ដែលនៅទីនេះហោចណាស់ក៏មាន ២ នាក់ដែរ ខ្ញុំ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ជាហត្ថលេខី ហើយក៏ជាស្ថាបនិកនៃការចរចា សីហនុ-ហ៊ុន សែន ក៏អាចចាត់ទុកថាជាស្ថាបនិកនៃកិច្ចព្រមព្រៀងប៉ារីស ព្រោះបើសិនជាភាគីភ្នំពេញមិនយល់ព្រម តើនរណាទៅចុះហត្ថលេខាជាមួយនរណា? ហើយខាងភ្នំពេញពេលនោះគឺ ហ៊ុន សែន ដើរតួនាទីផ្ដាច់ព្រ័ត្រនៅក្នុងការចរចា។ អញ្ចឹង(មាន)រហូតដល់ថ្នាក់ធ្វើសម្ភាសន៍ជាមួយវិទ្យុបរទេស អត់ដឹងថានយោបាយឈ្នះឈ្នះ គោលដៅស្អីផង? រហូតដល់ថា យើងកាត់ទោសខ្មែរក្រហមក៏ខុសនឹងកិច្ចព្រមព្រៀងប៉ារីសដែរ វាមិនមែនឈ្នះឈ្នះ? រឿងនោះវាជាទិដ្ឋភាពមួយទៀត ផ្លូវច្បាប់ និងសីលធម៌។
បន្តយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្ស
… ខ្ញុំអរគុណ និងថ្លែងនូវការកោតសរសើរចំពោះឯកឧត្ដម ស៊ុន ចាន់ថុល ទៅលើការផ្ដួចផ្ដើមកសាងអគារនេះ ហើយនិងអរគុណជាមួយនឹងការរៀបចំឡើងនូវវិទ្យាស្ថានដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស … សព្វថ្ងៃ គ្រប់ស្ថាប័នទាំងអស់មានអតុល្យភាពលើចំណុចហ្នឹង ទាំងក្នុងរាជរដ្ឋាភិបាលនិងថ្នាក់ក្រោមជាតិ គឺស្ថិតនៅត្រង់ជាមួយធនធានមនុស្សដែលមានកម្រិត។ នេះជាចំណុចដែលត្រូវដោះស្រាយបញ្ហា។ ដូច្នេះ ការបណ្ដុះបណ្ដាលធនធានមនុស្សមិនអាចនឹងមិនយកចិត្តទុកដាក់បានទេ។ បង្កើតឱ្យមានការបណ្ដុះបណ្ដាលជាប់ជានិច្ច។ ឥឡូវ នៅនេះ មានសាលាដែលអាចចំណុះ ៣០០ នាក់ សម្រាប់ការបណ្ដុះបណ្ដាល អញ្ចឹងទេ វិស្វករស្ពានថ្នល់របស់យើង មករៀនសូត្រនៅទីនេះ។ ជាមួយនឹងសាលាតិចណូគួបផ្សំគ្នា ដើម្បីបង្កើតឡើងនូវវិស្វករ។ ចំណុចនេះ ខ្ញុំនៅតែផ្ដល់នូវការលើកទឹកចិត្ត ឱ្យខិតខំធ្វើ …។
ចិន និងជប៉ុន ផ្ដល់ជំនួយឧបត្ថម្ភខាងគ្រឿងចក្រធ្វើផ្លូវ
ក្រៅពីនេះ ថ្ងៃនេះ ក៏មានការបង្ហាញនូវជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនសៀងហៃ ទៅលើគ្រឿងចក្រផលិតបេតុងចំនួន ២ គ្រឿង ដែលមានសមត្ថភាពផលិតបេតុង ១២០ តោន/ម៉ោង និងគ្រឿងចក្រអ៊ុតកៅស៊ូចំនួន ១៦ គ្រឿង សម្រាប់សម្រួលដល់ការសាងសង់ផ្លូវ ដែលមានតម្លៃជាង ២ លាន ២ សែន ៣ ម៉ឺន ដុល្លារ។ ខាងផ្នែករដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន JICA បានផ្ដល់នូវគ្រឿងចក្រកែច្នៃ គ្រឹះផ្លូវឡើងវិញចំនួន ១៨ គ្រឿង ដែលស្មើនឹងតម្លៃ ៤ លាន ៥ សែន ដុល្លារអាមេរិក។ អញ្ចឹងគ្រឿងចក្ររបស់យើងកាន់តែច្រើន សមត្ថភាពនៃការដោះស្រាយបញ្ហារបស់យើង ទៅលើការសាងសង់ផ្លូវ ជួសជុលផ្លូវ កាន់តែមានច្រើន។ ប៉ុន្តែ សូមបញ្ជាក់ ការរកឱ្យបានគឺវាជាការលំបាក ការប្រឹងធ្វើឱ្យកើតវាជាការលំបាកហើយ តែការធានានិរន្តរភាពរបស់វា គឺជាការលំបាកមួយទៀត ថែទាំវាឱ្យបាន។
ប្រែពីដីដែលមានតែភក់ជ្រាំ មកជាដីដែលមានតម្លៃ
ក្រសួងសាធារណការមកនៅនេះ ឥឡូវខ្យល់ធ្លាក់ពីជើងផង ចំខែរងា។ ក្រសួង(របស់ ជា សុ)ផារ៉ា នៅត្រង់ណា? (ជាប់ហ្រ្កេនភ្នំពេញ) ក្បែរហ្នឹង។ ឥឡូវគេជុំគ្នា ស្នងការរាជធានី(ផង) មកនៅជុំគ្នាតែម្ដង។ តែអានេះកាលពីមុនជម្រៅប៉ុន្មានទៅ? (៣-៤ ម៉ែត្រ) ចាក់ដី? បើមិនចាក់ទុកឱ្យនៅប្រក់ស្លឹកហ្នឹងវាយ៉ាងម៉េច? អញ្ចឹងបានជាខ្ញុំចេះតែមួរម៉ៅដែរ ស្អីឡើងលុបបឹងៗ ហើយចុះកាលពីដើមគេលុបបាន ហើយខ្ញុំលុបមិនបានវាឬស្អី? … បើអញ្ចឹងនាំគ្នាទៅធ្វើលើកំពូលភ្នំទាំងអស់គ្នាទៅ។ ដល់ទៅធ្វើលើកំពូលភ្នំ វាត្រូវតែកាប់ឈើដែរ។ វាទៅប៉ះទាំងអស់។ កន្លែងនេះវាមិនត្រូវការមុខទឹកមុខទីអីទេ តែវាប្រែពីកន្លែងដែលភក់ជ្រាំ ដីដែលមិនអាចប្រើប្រាស់បាន ទៅជាដីដែលមានតម្លៃ។ ឥឡូវដីកន្លែងនេះហាងឆេងប៉ុន្មានទៅ? (មួយម៉ែត្រក្រឡា) ១ ពាន់ដុល្លារ។ កាលពី ១៩៧៩ ឱ្យទទេមិនយក មិនត្រឹមតែឱ្យទទេមិនយកនៅក្រៅក្រុងទេ ពេលបើកវគ្គចប់នៅក្រសួងការបរទេស ខ្ញុំឱ្យផ្ទះមួយៗម្នាក់ អត់មាននរណាទៅនៅទេ ព្រោះខ្លាច។ អញ្ចឹង ៣ គ្រួសារ ទៅនៅផ្ទះមួយ ក្រោយមកទាស់គ្នា ដណ្ដើមផ្ទះគ្នា។
មិនអាចរង់ចាំតទៀត ត្រូវរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត
រឿងហេតុរបស់យើងវាចាប់ផ្ដើមពីអញ្ចឹង។ ហើយឥឡូវហ្នឹង ស្ថាប័នជាទូទៅបានរៀបរយ។ ឥឡូវខ្ញុំគួរនិយាយបន្តិចទាក់ទងនឹងបញ្ហាវ៉ាក់សាំង។ ការពិត តែក៏ជាសេចក្ដីថ្លែងការណ៍មួយរបស់ខ្ញុំនៅក្នុងពេលនេះដែរ។ ប៉ុន្មានថ្ងៃនេះ គឺលេចឡើងនូវបញ្ហាវ៉ាក់សាំង ដែលខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនជនរួមជាតិរបស់យើងឱ្យបានជ្រាប។ មុននោះ ខ្ញុំបាននិយាយថា យើងទទួលយកតែវ៉ាក់សាំងណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រឡេកទៅមើលម្ខាងទៀត ប្រទេសមួយចំនួនបានប្រើប្រាស់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លូន និងលក់វ៉ាក់សាំងចេញទៅក្រៅប្រទេស។ ដូច្នេះ ក្នុងស្ថានភាពបែបនេះ យើងមិនអាចរង់ចាំតទៅទៀតទេ។ យើងត្រូវទាក់ទងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ប្រើវ៉ាក់សាំងចិនទាំង Sinopharm និង Sinovac
ដំបូង ខ្ញុំអនុញ្ញាតឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើលិខិតទៅកាន់រដ្ឋមន្រ្តីការពារជាតិរបស់ចិន។ ខាងមិត្តចិន ក៏បានឆ្លើយតបមក ផ្ដល់ ១ លានដូស សម្រាប់កម្ពុជា។ ម្សិលម៉្ងៃ ខ្ញុំបានជូនលិខិតមួយទៅកាន់នាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដែលព្រឹកម្សិល ខ្ញុំក៏បានជួបពិភាក្សាជាមួយនឹងអគ្គរដ្ឋទូតចិនបន្ថែមទៀត អំពីការរិះរកមធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំងពីចិន ដោយមានទាំងការផ្ដល់ជំនួយឥតសំណងបន្ថែម ឬការប្រើប្រាស់លុយជាជំនួយរបស់ចិន យកទៅទិញវ៉ាក់សាំងចិនវិញ ឬក៏ជាកម្ចីរបស់ចិន ទៅទិញវ៉ាក់សាំងរបស់ចិនវិញ និងប្រើប្រាស់ប្រាក់របស់យើងទៅទិញវ៉ាក់សាំងរបស់ចិន ដែលយើងមិនត្រឹមតែប្រើ Sinopharm ទេ យើងនឹងប្រើទាំង ២ ទាំង Sinopharm និង Sinovac។
ស្នើសុំ ឬទិញវ៉ាក់សាំងពីឥណ្ឌា ពីកូរ៉េខាងត្បូង ពីអង់គ្លេស
ក្រៅពីនោះ ខ្ញុំក៏បានសរសេរលិខិតផ្ញើទៅនាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីឱ្យពិចារណាពិនិត្យលទ្ធភាពនៃការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា ខណៈដែលឥណ្ឌាកំពុងតែប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនចាក់ឱ្យពលរដ្ឋរបស់ខ្លួន។ ខ្ញុំក៏កំពុងគិតថា តើគប្បីធ្វើលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំវ៉ាក់សាំងរបស់គាត់ឬទេ ព្រោះគាត់ផលិតបានហើយ។ ហើយ COVAX ក៏បានដាក់បញ្ជាទិញទៅកូរ៉េខាងត្បូងផងដែរ។ យើងក៏បានស្ទាបស្ទង់ពិភាក្សា ដើម្បីប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេស ហៅថា AstraZeneca UK ដែលរក្សាក្នុងសីតុណ្ហភាពពី ២ ដល់ ៨ អង្សារសេ ដោយប្រើប្រាស់នូវឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់ថវិកាមួយចំនួនឱ្យយើង។ អញ្ចឹង យើងមានជម្រើសច្រើននៅក្នុងបញ្ហាវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ មានវ៉ាក់សាំងចិន ហើយយើងនឹងទទួលតាមរយៈ COVAX ដែលនឹងផ្ដល់ឱ្យយើងក្នុងរង្វង់ខែមីនាខាងមុខនេះ។ ប្រហែលជា អាចត្រឹមប៉ុណ្ណឹង។ COVAX អាចទិញវ៉ាក់សាំងពីចិន/កូរ៉េ/អង់គ្លេស/អាមេរិក រួចហើយ COVAX នឹងផ្តល់ឱ្យយើងស្មើនឹង ២០% នៃប្រជាជន។ ប៉ុន្តែ ភាពបន្ទាន់ដំបូងផ្តល់ត្រឹមតែ ៣% តែប៉ុណ្ណោះ។ បើគាត់ផ្តល់ ២០% ស្មើនឹង ៣ លាន ២ សែនដូស ក្នុងចំណោមប្រជាជន ១៦ លាននាក់។
ទទួលវ៉ាក់សាំង Sinopharm នៅព្រលានយន្តហោះពេលមកដល់ក្នុងខែកុម្ភៈ
ម្សិលមិញខ្ញុំហៅទូតចិនទៅពិភាក្សា សុំឱ្យមិត្តចិនផ្តល់ថា តើលទ្ធភាពរបស់ចិនអាចផ្តល់ឱ្យកម្ពុជាបានប៉ុនណា? យើងដឹងហើយថា (វ៉ាក់សាំង)របស់អង់គ្លេស ក្នុងទំហំទឹកប្រាក់ប្រមាណជា ៩៥ លានដុល្លារ(អាមេរិក) របស់ធនាគារអភិឌ្ឍន៍អាស៊ី យើងនឹងអាចមានវ៉ាក់សាំងមួយចំនួន ហើយនៅក្នុងក្របខណ្ឌសីតុណ្ហភាពដូចរបស់ចិនពី ២-៨ អង្សារ។ ថៃដូចជាប្រើ Sinovac របស់ចិន ដែលថាទិញ ១ លាន ២ សែនដូស ដូចជាទៅកម្មង់ទិញ ៩ លានដូស ថែមទៀត។ ឥណ្ឌូនេស៊ីប្រធានាធិបតីចាក់មុនគេតែម្តង គឺ Sinovac របស់ចិន។ Sinopharm គឺនឹងមកដល់លើកដំបូងក្នុងខែកុម្ភៈនេះ។ ខ្ញុំសូមប្រកាសថា នៅពេលវ៉ាក់សាំងមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង ខ្ញុំនឹងចេញទៅទទួលខ្លួនឯងនូវវ៉ាក់សាំងនេះ ព្រោះនេះយើងចាត់ទុកជាទំនិញ យុទ្ធសាស្ត្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ ពិតមែនហើយ មានការធ្វើសម្ភាសន៍ ខ្ញុំក៏ស្តាប់លឺ ហើយខ្ញុំក៏អរគុណអ្នកដែលចង់ទទួល ហើយក៏អរគុណអ្នកដែលមិនចង់ទទួល ព្រោះខ្ញុំបានប្រើភាសាថា “ចាក់មិនគិតថ្លៃ និងចាក់ដោយស្ម័គ្រចិត្ត” ដូច្នេះ អ្នកដែលចង់ចាក់ ក៏ចាក់ទៅ អ្នកដែលមិនចង់ចាក់ ក៏(មិនបាច់)ចាក់ទៅ។ សង្ឃឹមថា ឯកឧត្តម ម៉ម ប៊ុនហេង អាចនឹងចាប់ផ្តើមធ្វើជំរឿនពីឥឡូវ អ្នកណាត្រូវការចាក់ អ្នកណាមិនត្រូវការចាក់។ យើងអាចដឹងចំនួនបានក្នុងចំណោមប្រជាពលរដ្ឋរបស់យើង តើយើងត្រូវការពិតប្រាកដប៉ុន្មាន?
ថ្ងៃក្រោយអ្នកចូលមកក្នុងប្រទេស តម្រូវឱ្យចាក់វ៉ាក់សាំងជាមុនសិន
ខ្ញុំជឿ(ថា) វានឹងដើរដល់។ ជឿនៅត្រង់ថា បទពិសោធន៍នៅអាហ្វ្រិក មុនធ្វើដំណើរទៅអាហ្វ្រិក បើអ្នកឯងមិនបានចាក់ថ្នាំការពារគ្រុនចាញ់លឿងទេ អ្នកឯងមិនអាចចូលទៅអាហ្វ្រិកបានទេ។ ខ្លួនខ្ញុំផ្ទាល់ហើយ ដែលត្រូវចាក់វ៉ាក់សាំងការពារគ្រុនចាញ់លឿង មុនពេលចូលទៅក្នុងប្រទេសអាហ្វ្រិក។ បន្តិចទៀតអាចនឹងប្រទេសដទៃដាក់លក្ខខណ្ឌថា បើអ្នកឯងមិនទាន់មានវិញ្ញាបនបត្របញ្ជាក់អំពីការចាក់វ៉ាក់សាំងទេ អ្នកឯងមិនអាចចូលប្រទេសខ្ញុំបានទេ។ មិនមែនយើងអ្នកបង្ខំទេ ក៏ប៉ុន្តែ ប្រទេសនានាជាអ្នកបង្ខំ។ អាចថ្ងៃក្រោយបើយើងចាក់បានច្រើន យើងក៏អាចតម្រូវឱ្យអ្នកចូលមកក្នុងប្រទេសរបស់យើង ត្រូវមានការចាក់វ៉ាក់សាំង(ជាមុនសិន) ទើបអនុញ្ញាតឱ្យចូល។ នេះគោលការណ៍ស្ម័គ្រចិត្តមែន ក៏ប៉ុន្តែ ប្រទេសនីមួយៗអាចមានតម្រូវការ។
វ៉ាក់សាំងការពារពលរដ្ឋមិនឱ្យឆ្លង COVID-19 ផង ទាក់ទាញវិនិយោគទុនផង
បើសិនយើងចាក់វ៉ាក់សាំងបានច្រើន លំហូរនៃការទាក់ទាញវិនិយោគទុនមកកាន់ប្រទេសយើង កាន់តែប្រសើរ។ ផ្ទុយទៅវិញ បើសិនយើងមិនបានចាក់វ៉ាក់សាំងការពារប្រជាពលរដ្ឋរបស់យើងទេ គេមើលឃើញថា កម្ពុជាជាតំបន់ដែលមានហានិភ័យ ដែលគេមិនមកវិនិយោគទេ។ អញ្ចឹង វ៉ាក់សាំងមិនត្រឹមតែការពារប្រជាពលរដ្ឋឱ្យគេចចេញពីរោគរាតត្បាតឆ្លង COVID-19 ទេ ក៏ប៉ុន្តែវ៉ាក់សាំងក៏ជាផ្នែកមួយនៃការទាក់ទាញវិនិយោគពីបរទេសចូលមកកាន់កម្ពុជា ដោយគេមិនចាត់ទុកថា កម្ពុជាជាទីកន្លែងសម្រាប់ការឆ្លង COVID-19 ទេ។ សុំយល់ដឹងអំពីបញ្ហានេះ។ ដូច្នេះ បានជាខ្ញុំត្រូវស្រវាស្រទេញគ្រប់គ្រងបញ្ហានេះជាមួយនឹងគណៈកម្មការវ៉ាក់សាំង មិនមែនខ្ញុំអត្តានោម័តធ្វើដោយខ្លួនឯងនោះទេ។
កម្ពុជាបញ្ជាទិញវ៉ាក់សាំងតាម COVAX ចំនួន ១ លានដូសបន្ថែម
ពេលខាងមុខនេះ បើយោងទៅលើអ្វីដែលយើងបានធ្វើជាមួយ COVAX គឺ COVAX នឹងផ្តល់ឱ្យយើង ៣ លាន(ដូស) ស្មើនឹង ២០% នៃចំនួនប្រជាជន។ យើងបានបញ្ជាទិញតាម COVAX ចំនួន ១ លានដូសទៀត ក្នុង ១ លានដូសនេះ អាចមានរបស់អាមេរិកខ្លះ/អង់គ្លេសខ្លះ/ចិនខ្លះ/កូរ៉េខាងត្បូងខ្លះ ព្រោះអាហ្នឹងជាអំណោយ ដែលមុននេះ គេឱ្យយើង(ចូលរួម)ថវិកាបដិភាគ ៥%។ តែឥឡូវអត់ទេ។ អត់មានថវិកាបដិភាគទៀតទេ។ អញ្ចឹងទេ យើងនឹងទទួលបាន ៣ លាន ២ សែនដូស ប៉ុន្តែសួរថាឆ្នាំណាទទួលបាន? អញ្ចឹងបានជាយើងត្រូវទិញតាម COVAX ១ លានដូស។ អញ្ចឹង COVAX ត្រូវប្រឹងប្រែងរកវ៉ាក់សាំងនេះចំនួន ១ លានដូស ដើម្បីផ្តល់ឱ្យយើង។ អញ្ចឹង ១ លានដូសនេះ វាអាចមានចម្រុះ មកពីអាមេរិក/អង់គ្លេស/ចិន/រុស្ស៊ី/ឥណ្ឌា ប្រទេសដែលមានផលិត ហើយដែលខាងអង្គការសុខភាពពិភពលោក តាមរយៈយន្តការ COVAX នេះ គេអាចទិញផ្តល់ឱ្យយើងៗ នឹងទទួលតាមគណៈកម្មការមួយនេះ។
មានច្រកទ្វារបីទៅរកវ៉ាក់សាំង
ច្រកទ្វារដែលយើងរក សម្រាប់វ៉ាក់សាំង គឺមានបីច្រក៖ ច្រកទី (១) គឺច្រក COVAX ដែលជារបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិកជាង ៩០ ប្រទេស ក្នុងហ្នឹងមានទាំងចិន/ឥណ្ឌាជាដើម។ ច្រកទី (២) យើងចរចាទ្វេភាគីជាមួយនឹងដៃគូរបស់យើង ទាំងដៃគូប្រទេស និងប្រទេស ដូចជា៖ យើងជាមួយចិន, យើងជាមួយឥណ្ឌា ហើយអាចយើងជាមួយកូរ៉េខាងត្បូង ដែលខ្ញុំកំពុងតែពិចារណា តើគួរសរសេរសំបុត្រទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំឱ្យគាត់ពិចារណាផ្តល់ជំនួយខ្លះបានឬទេ? ឯច្រកទី (៣) យើងនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុន ដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេស យើងត្រូវចរចាផ្ទាល់ ជាមួយក្រុមហ៊ុនតែម្តង។ តាមដឹងដូចជា ឯកអគ្គរដ្ឋទូតអង់គ្លេស បានមកជួប លោកជំទាវ យក់ សម្បត្តិ បើដូច្នេះមានន័យថា ក្រុមហ៊ុនគាត់ចង់លក់។ អញ្ចឹង យើងមានច្រកទ្វារច្រើន សម្រាប់ការជ្រើសរើស។
អ្នកប្រឆាំងវ៉ាក់សាំងរបស់ចិន នៅពេលកម្ពុជាប្រើវ៉ាក់សាំងរបស់អង់គ្លេស តើគេនឹងថាយ៉ាងម៉េចដែរ?
អញ្ចឹងទេ អ្នកដែលលើកឡើងប្រឆាំងវ៉ាក់សាំងរបស់ចិន សុំពិនិត្យមើល ពេលកម្ពុជាប្រើវ៉ាក់សាំងរបស់អង់គ្លេស តើគេនឹងថាយ៉ាងម៉េចដែរ? ព្រោះកម្ពុជាមិនប្រើតែវ៉ាក់សាំងរបស់ចិនទេ។ យើងកំពុងស្នើសុំទៅ ឥណ្ឌាដែរ ព្រោះឥណ្ឌាក៏កំពុងចាក់រាប់រយលាននាក់។ នៅចិនមានពីរក្រុមហ៊ុន ប៉ុន្តែ ក្រុមហ៊ុន Sinopharm ក្រុមហ៊ុនរបស់រដ្ឋ ឯ Sinovac ក្រុមហ៊ុនរបស់ផ្នែកឯកជន។ នៅឥណ្ឌូនេស៊ី គឺយកទៅចាក់ ហើយលទ្ធភាពអាចនឹងទៅវិនិយោគនៅទីនោះ បង្កើតវ៉ាក់សាំងដោយក្រុមហ៊ុនចិនតែម្តង។ ដូចជាមានអ្នកខ្លះគេថា រួមគ្នាកុំធ្វើតេស្តវ៉ាក់សាំងចិន។ ខ្ញុំគ្រាន់តែផ្តល់ជាព័ត៌មានទេ នេះជាវ៉ាក់សាំងការពារខ្លួន។
ទទួលចាក់វ៉ាក់សាំង COVID-19 ដបដូសទី ១ ដំបូងគេនៅមន្ទីរពេទ្យកាល់ម៉ែត
ខ្ញុំសូមបញ្ជាក់ វ៉ាក់សាំងមកដល់ ខ្ញុំទៅទទួល។ ទម្លាប់មុនរបស់ខ្ញុំ នាយករដ្ឋមន្ត្រីមកដល់ ខ្ញុំទៅទទួល ហើយត្រួតពលនៅពោធិ៍ចិនតុង ក្រោយមក គឺកាត់ចោល មកត្រួតពលនៅវិមានសន្តិភាពវិញ។ មានតែព្រះមហាក្សត្រ និងហ្លួងម៉ែតែប៉ុណ្ណោះ ដែលខ្ញុំដង្ហែព្រះអង្គពេលយាងចាកចេញ និងទទួលព្រះអង្គនៅពេលមក។ ឥឡូវ ខ្ញុំនឹង(ទៅ)ទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។ បន្ទាប់ទៅដបដូសទី ១ គឺចាក់លើខ្លួនខ្ញុំតែម្តង។ ថ្ងៃនោះសង្ឃឹមថា សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម លោកជំទាវទាំងអស់នេះ ទៅចាក់ជាមួយខ្ញុំ នៅមន្ទីរពេទ្យកាល់ម៉ែត។ ចាក់ហើយខ្ញុំធ្វើសន្និសីទកាសែតតែម្តង។ តម្លៃខ្លួនខ្ញុំ គឺខ្ញុំត្រូវតែធ្វើដើម្បីឱ្យប្រជាជនកម្ពុជាច្បាស់។ ទីកន្លែងបានរៀបចំហើយ អ្នកដែលចាក់ឱ្យខ្ញុំ គឺពេទ្យដែលថែរក្សាសុខភាពឱ្យខ្ញុំ ឥឡូវជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ បន្តទៅ គឺចាក់ឱ្យអ្នកដទៃទៀត។ អ្នកណាចាក់ក៏បាន។ ក៏ប៉ុន្តែចាក់រួចហើយ ខ្ញុំនឹងធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង ដើម្បីបញ្ជូនសារចេញ។
កម្ពុជាគប្បីទទួលបានការចាក់វ៉ាក់សាំង ៥០ ម៉ឺននាក់ មុនចូលឆ្នាំខ្មែរ
បើយោងទៅអ្វីដែលខ្ញុំចង់បាន មុនចូលឆ្នាំខ្មែរកម្ពុជាត្រូវទទួលបាននូវការចាក់វ៉ាក់សាំងចំនួន ៥០ ម៉ឺននាក់ ព្រោះនៅពេលខាងមុខនេះ ៣០ ម៉ឺនដូស នឹងមកដល់សម្រាប់មនុស្ស ១៥ ម៉ឺននាក់។ ប៉ុន្តែ មិត្តចិនកំពុងតែជម្រុញថាឱ្យបាន ៦០ ម៉ឺនដូស។ បើបាន ៦០ ម៉ឺនដូស ក្នុងខែកុម្ភៈ យើងនឹងចាក់បាន ៣០ ម៉ឺននាក់ ដល់ ៤០ ម៉ឺនដូសទៀត នឹងចាក់ ២០ ម៉ឺននាក់។ ដូច្នេះ មុនចូលឆ្នាំខ្មែរបើបាន ៥០ ម៉ឺននាក់។ អ្នកធ្វើសេវារបស់យើងជួរមុខនឹងទទួលបានការការពារ ដែលខ្ញុំឧស្សាហ៍រំលឹកហើយ សូម្បីតែអ្នកបោសសំរាម ក៏ជាអ្នកទទួលបានអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ព្រោះគាត់ប្រឈមនឹងហានិភ័យ។ ប្រមូលសំរាមមិនដឹងថាកន្លែងហ្នឹងជាកន្លែងដែលមានអាហ្នឹងឬអត់? អ្នករត់ម៉ូតូឌុប អ្នកកង់បី អ្នកតាក់ស៊ី អ្នកបើករថយន្តក្រុង (តើ)មនុស្សប៉ុន្មានទៅមួយថ្ងៃៗ ដើរជុំវិញគាត់? អញ្ចឹង អ្នកទាំងហ្នឹងក៏ជាអ្នកទទួលបាន(អាទិភាពក្នុងការចាក់វ៉ាក់សាំង)។ នយោបាយវ៉ាក់សាំងរបស់យើង គឺដូច្នេះឯង។ មិនមែនគិតច្បោលៗ (នោះទេ)។ អ្នកណាចង់គិតថាយ៉ាងម៉េចក៏ថាទៅ … ខ្ញុំមិនតបតជាមួយអ្នកណាទាំងអស់។
បន្តឧបត្ថម្ភថវិកា និងទឹកសុទ្ធដល់ខេត្តជាប់ព្រំដែន ដែលមានពលករមកពីថៃកំពុងធ្វើចត្តាឡីស័ក
ពីមុនឧស្សាហ៍ទៅកន្លែងហ្គោល ឧស្សាហ៍ទៅនេះ/នោះ ប៉ុន្តែ ដល់ដំណាក់កាលនេះ យើងក៏ត្រូវតែប្រុង ប្រយ័ត្ន។ ផុត(ព្រឹត្តិការណ៍) ៣ វិច្ឆិកា (ចូល)ដល់(ព្រឹត្តិការណ៍) ២៨ វិច្ឆិកា។ ផុត(ព្រឹត្តិការណ៍) ២៨ វិច្ឆិកា ធ្លាយពី(ថៃមកវិញ)។ អគ្គរាជទូតថៃនៅទីនេះស្រាប់ សូមជួយទប់ស្កាត់ផង។ ប៉ុន្តែ សំណាង ថ្ងៃនេះអ្នកមកពីថៃអត់មានឆ្លង(COVID-19)ទេ។ ម្សិលមិញឆ្លង ៥ នាក់។ ថ្ងៃនេះ អ្នកឆ្លងពីថៃអត់មានទេ បែរជាមានឆ្លងនៅភ្នំពេញ គឺអ្នកដំណើរ ដែលមកពីអាមេរិក ប្តីប្រពន្ធ ២ នាក់ និងជនជាតិនីហ្សេរីយ៉ា ១ នាក់។ យប់មិញប្រហែលជាអ្នកនៅក្នុងគ្រុបជាមួយខ្ញុំលើបញ្ហាព្រំដែន។ ខ្ញុំវាយចេញតាំងពីម៉ោង ៤ ជាង ព្រោះខ្ញុំទទួលបាននូវស្ថិតិអ្នកធ្វើចត្តាឡីស័ក របស់របរ លុយកាក់ ខេត្តណានៅប៉ុន្មានៗ។
ថ្ងៃនេះ ត្រូវបញ្ចេញលុយ ដូចជា ៣០០ លានរៀល ទៅឱ្យបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ២០០ លានរៀលទៀត បូកនឹងទឹកសុទ្ធ ២ ពាន់កេស ទៅឧត្តរមានជ័យ ព្រោះទឹកសុទ្ធនៅសល់តែ ៤០ កេស។ អញ្ចឹង ព្រលឹមឡើងខ្ញុំត្រូវឱ្យបទបញ្ជា។ ម្សិលមិញក៏ឱ្យបទបញ្ជាតាំងពីព្រឹក។ យប់មិញត្រូវឱ្យបទបញ្ជា ដើម្បីបញ្ចេញលុយទៅ ព្រោះលុយវាជិតអស់ វាមិនទាន់អស់ទេ ក៏ប៉ុន្តែ វានៅសល់តិច អញ្ចឹង ត្រូវបញ្ជូនថែមប៉ុន្មានរយលាន(រៀល)ទៀត ដើម្បីចូលទៅ រួចហើយកន្លែងណាខ្វះអីៗខ្ញុំត្រូវមើលផ្ទាល់។ ជានិច្ចកាលខ្ញុំតែងដើរតួជាអគ្គភស្តុភា។ កងទ័ពប្រយុទ្ធនៅសមរភូមិ ខ្ញុំក៏ត្រូវតែមើលៗ តាំងប្រដាប់ស៊ីចុក មើលតាំងពីគ្រាប់។ ឥឡូវ ដល់ COVID-19 ខ្ញុំក៏ត្រូវមើលផ្ទាល់ដែរ។ យប់មិញខ្ញុំវាយទៅបង ម៉ម ប៊ុនហេង … (ក្រោយមក)បន្តិចបានឃើញរបាយការណ៍បង ម៉ម ប៊ុនហេង។ ប៉ុន្តែ សុទ្ធតែមុនម៉ោង ៥ ទាំងអស់គ្នា។
វាយតម្លៃ ហ៊ុន សែន ខុស, មិនអាចឈ្នះ ហ៊ុន សែន
មានអ្នកខ្លះគេសរសេរអញ្ចេះ ខ្ញុំផ្ដាំទៅលោក ដេវីដ ហួត ដែលពីដើម ធ្លាប់សរសេរឱ្យ Cambodia Daily ហើយអត្ថបទរបស់លោក តែងតែវាយប្រហារខ្ញុំ និងកូនរបស់ខ្ញុំខ្លាំងណាស់។ លោកព្យាករខុសហើយ។ អត្ថបទមួយ លោកសរសេរផ្សាយលើ Diplomat ឬ Asia Time មិនដឹងទេ ហើយមានអ្នកចេញមកនិយាយពីកម្ពុជាថា “កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅចុងឆ្នាំ ២០២២”។ លោកស្គាល់ ហ៊ុន សែន ស្ទើរ។ លោកគួរតែរៀនសូត្រពី ហ៊ុន សែន ឱ្យចេះជាងនេះ។ លោកមិនអាចតាមទាន់ ហ៊ុន សែន ទេ។ ដោយសារតែអស់លោកមិនអាចតាមទាន់ ហ៊ុន សែន នេះហើយ បានជាអស់លោកមិនអាចយកឈ្នះ ហ៊ុន សែន បាន។ កុំថា ជីវិតនេះ ជាតិក្រោយ លោកក៏មិនអាចឈ្នះខ្ញុំដែរ ព្រោះការវាយតម្លៃខុស។
ខ្លះថា ហ៊ុន សែន កំពុងភ័យ, ខ្លះថា ហ៊ុន សែន ដេកមិនលក់, ខ្លះថា ហ៊ុន សែន អញ្ចេះ ថាអញ្ចុះ ប៉ុន្តែ ហ៊ុន សែន នៅតែ ហ៊ុន សែន ហើយ ហ៊ុន សែន ដុះពោះទៀត(ធាត់)។ ឥឡូវឡើងគីឡូ។ ថ្ងៃមុន ប្រកាស(គីឡូ)ត្រឹមតែ ៨២ ឥឡូវឡើងដល់ ៨៤-៨៥ គីឡូហើយ ព្រោះឥឡូវដាក់មួយឆ្ងាញ់ ស៊ីមួយឆ្អែត។ តមតាមពេទ្យអត់បាន។ ដល់ស៊ីឆ្អែតហើយ មួយឆ្ងាញ់ គឺ(គីឡូត្រូវតែឡើង) វាត្រូវតែអញ្ចឹងហើយ … បញ្ហាធំជាងគេ គឺប្រពន្ធខ្ញុំអ្នករុញខ្ញុំឱ្យស៊ី។ ប្រពន្ធខ្ញុំថា ថែមមួយទៀតទៅ។ ឥឡូវហ្នឹង កូនស្រីពៅរបស់ខ្ញុំ គេចេះធ្វើម្ហូបស្អីគេនោះ … ចៅស្រីមួយ សុំធ្វើសម្ភាសន៍ មានកុំព្យូទ័រ មានឧបករណ៍ថតសំឡេងអីត្រឹមត្រូវណាស់។ សួរអំពី ប៉ុល ពត, សួរអំពីកងទ័ពវៀតណាម ដើម្បីគេសរសេរ(ការងារ)ឱ្យសាលារបស់គេ។ ប៉ុន្តែចៅមិនសូវចេះខ្មែរទេ។ អញ្ចឹងគេត្រូវបកប្រែខ្មែរទៅអង់គ្លេស។ ចៅសុំបាយជាមួយ ក៏បាយជាមួយទៅ។ យើងដាក់អស់ ៤ ចាននេះហើយ ប្រពន្ធទៅទាញឱ្យដាក់ថែមមួយទៀតទៅ។ អញ្ចឹងក៏ដាក់មួយទៀតទៅ។
ខែមករា ជាខែជោគខែជ័យ
… ខែមករា គឺជាខែជោគ ខែជ័យរបស់ខ្ញុំ។ ការប្រពន្ធក៏នៅខែមករា, ខួបលើកទី ៤៥ ឆ្នាំ ចាប់ផ្ដើមចូលរដ្ឋាភិបាល, ខួបលើកទី ៤២ ឆ្នាំ រំដោះ ៧ មករា, បានចៅលើកទី ១ ក៏នៅក្នុងខែមករា ហើយលើកចុងក្រោយក៏នៅខែមករានេះទៀត។ អញ្ចឹងមានរឿងច្រើនដែរ អនុស្សាវរីយ៍ក៏ច្រើនដែរនៅក្នុងខែមករានេះ។ កាន់តំណែងនាយករដ្ឋមន្រ្តីរយៈពេល ៣៦ ឆ្នាំ ទើបនឹងផុតប៉ុន្មានថ្ងៃមុននេះ គឺថ្ងៃ ១៤ មករា។ ចាប់ពីខែតុលា នៅពេលដែលបង ចាន់ ស៊ី ទៅព្យាបាលនៅម៉ូស្គូ។ ពីខែតុលា ១៩៨៤ មកទល់ថ្ងៃទី ១៤ មករា ខ្ញុំគឺជានាយករដ្ឋមន្រ្តីស្ដីទី។
សេដ្ឋកិច្ចឆ្នាំ ២០២០ អវិជ្ជមាន តែបន្តជម្រុញសេដ្ឋកិច្ច និងជំនួយសង្គម
ថ្ងៃនេះ និយាយត្រឹមហ្នឹងចុះ វាហាក់ដូចជាច្រើនពេក។ ប៉ុន្តែ ការនិយាយនេះ ក៏មានគោលដៅដើម្បីជម្រុញលើកទឹកចិត្តដើម្បីឈានទៅមុខ។ សេដ្ឋកិច្ចឆ្នាំ ២០២០ បើទោះបីជាអវិជ្ជមាន ក៏ប៉ុន្តែវាមិនអាក្រក់ហួសហេតុពេកទេ។ យើងធ្លាប់រងផលអាក្រក់នេះ សម្រាប់កាលពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ និងក្រោយឆ្នាំ ២០០៨។ ខ្ញុំសុំរំលឹកបន្ដិច។ យើងធ្លាប់ធ្វើសេដ្ឋកិច្ចឆ្នាំ ២០០៥ មាន ១៣,៣ ភាគរយ។ ឆ្នាំ ២០០៦ មាន ១២ ភាគរយ។ ឆ្នាំ ២០០៧ មានជាង ១១ ភាគរយ ប៉ុន្តែដល់វិបត្តិសេដ្ឋកិច្ចចាប់ផ្ដើម ឆ្នាំ ២០០៨ យើងធ្លាក់មកនៅត្រឹម ៦,៨ ភាគរយ ដល់ចូលឆ្នាំ ២០០៩ នៅសល់ ០,៥ ភាគរយតែប៉ុណ្ណោះ។ ឆ្នាំ ២០១០ យើងងើបមកជាង ៦ ភាគរយ។ ចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៩ មានជាង ៧ ភាគរយរហូត។ ឥឡូវនេះ គេព្យាករថា យើងនឹងមានកំណើនជិត ៤ ភាគរយ។ ត្រូវជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការខិតខំទាំងអស់ ជាមួយនឹងប្រជាពលរដ្ឋជិត ៣ លាននាក់ បន្តជួយ(ផ្ដល់ប្រាក់ឧបត្ថម្ភ)។ កម្មករបាត់បង់ការងារធ្វើ ក៏ត្រូវជួយ។ គោលនយោបាយសង្គម ជំនួយសង្គមទាំងឡាយ នៅបន្តធម្មតា។
ពាក់ម៉ាស, លាងដៃឱ្យស្អាត និងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិចឱ្យបាន ១ ម៉ែត្រកន្លះ
ដូច្នេះ ដំណើរការរបស់យើង ត្រូវធ្វើឱ្យសេដ្ឋកិច្ចងើបឡើង ជាមួយនឹងការទប់ស្ដាត់កុំឱ្យមានការរីករាលដាលជាថ្មីម្ដងទៀត(ឆ្លង COVID-19)នៅក្នុងសហគមន៍ តាមរយៈដែលយើងសមយុទ្ធថ្ងៃនេះ(ជួបជុំបើកសម្ពោធសមិទ្ធផលថ្មីៗ)។ ថ្ងៃនេះ ខ្ញុំចាត់ទុកថា ជាសមយុទ្ធនៃគន្លងថ្មី ក្នុងដំណាក់កាល COVID-19។ យើងមិនអាចវិលទៅរកអតីតកាលទេ ហើយប្រសិនបើវិលទៅរកអតីតកាលក៏មិនដឹងពេលណាដែរ។ ដូច្នេះ គម្លាតសុវត្ថិភាពនៅតែជាការចាំបាច់។ ការពារ ៣ យ៉ាង៖ ពាក់ម៉ាស លាងដៃ គម្លាតសុវត្ថិភាព។ ពិតហើយ មិនឃើញខ្ញុំពាក់ម៉ាស។ ខ្ញុំមានម៉ាស ក៏ប៉ុន្តែឥឡូវឱ្យខ្ញុំនិយាយពាក់ម៉ាស មិនឮសូរឡុលៗ … ការពារ ៣ យ៉ាង៖ ពាក់ម៉ាស, លាងដៃឱ្យស្អាត និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិចឱ្យបាន ១ ម៉ែត្រកន្លះ។
រោងប៉ុណ្ណឹងដែលយើងធ្លាប់ដាក់មនុស្ស ៧០០០ ទៅ ៨០០០ នាក់ ឥឡូវយើងដាក់ត្រឹមតែប្រហែលជាង ១០០០ នាក់ទេ។ អញ្ចឹងយើងធ្វើអញ្ចឹង ហើយ(អនុវត្តការ)ការពារ ៣ យ៉ាងនោះ ហើយកុំទៅកន្លែងមានមនុស្សកុះករ។ បើទោះបីមានមនុស្សកុះករ កុំឱ្យមានប៉ះគ្នា ឱ្យមានគម្លាតពីគ្នា។ កុំនៅកន្លែងដែលបិទជិត ហើយប្រើតែម៉ាស៊ីនត្រជាក់ និងកុំអោបរឹតគ្នា។ តែមិនមែនហាមមិនឱ្យអោបរឹតរវាងប្ដីប្រពន្ធ ហើយនិងកូនចៅទេ។ មិនឱ្យអោបរឹតអញ្ចឹងទៀត ងាប់បណ្ដោយ …។
ប្រពន្ធមិនគួរជ្រៀតជ្រែកចូលការងារប្តី
មានមួយ ដែលខ្ញុំគួរតែរំលឹកចំពោះថ្នាក់ដឹកនាំរបស់យើង ហើយនេះជាតំណម ជាបទពិសោធន៍។ ថ្នាក់រដ្ឋមន្រ្តីក្ដី ថ្នាក់ចៅហ្វាយខេត្តក្ដី ចៅហ្វាយស្រុកក្ដី ថ្នាក់ណាក៏ដោយ យកល្អកុំឱ្យប្រពន្ធយើងមកលូកលាន់ក្នុងបន្ទប់ការងាររបស់យើង។ ខ្ញុំតាមមើលច្រើនមនុស្សហើយ ដែលគ្រាន់តែឡើងកាន់តំណែងនេះ តំណែងនោះ ប្រពន្ធទៅរៀបចំការិយាល័យឱ្យ រៀបចំហុងស៊ុយបែរមុខទៅខាងណាអីខាងណា ប្រពន្ធទៅដេរតាំងពីរីដូ តាំងពីស្អីៗ បង្វិលគ្រប់ទិស រកគ្រូទាយថាតុនេះត្រូវដាក់ជ្រុងនេះ ដែលតុត្រូវដាក់ទៅតាមទំនង។ សូម្បីតែគ្រែដេក គ្រែត្រូវក្បាលទៅជ្រុងអញ្ចេះ ដាក់ទៅជ្រុងអញ្ចុះ។ អាហ្នឹងរឿងនៅផ្ទះមិនអីទេ ធ្វើតាមចិត្តចុះ ប៉ុន្តែនៅក្នុងការិយាល័យ កុំ។ មិនល្អទេ សម្រាប់ភ្នែកបុគ្គលិក និងមន្រ្តីនៅក្រោមឱវាទ មិនល្អទេ។
ជោគជ័យរបស់ខ្ញុំ ក៏មានចំណែកនៃការចូលរួមរបស់ប្រពន្ធខ្ញុំដែរ។ ក្នុងជីវិតការងារជាង ៤២ ឆ្នាំ ដែលរាប់ពីរដ្ឋមន្រ្តីការបរទេស ឧបនាយករដ្ឋមន្រ្តី មកដល់នាយករដ្ឋមន្រ្តី ភរិយារបស់ខ្ញុំមិនដែលមើលឯកសារណាមួយ ទោះបីជានៅផ្ទះលើតុ គឺគាត់មិនដែលមើល សូម្បីតែអើតមើល ក៏គាត់មិនអើតមើលទេ។ លើកលែងតែឯកសារធ្លាក់ទៅដី គាត់រើសយកមកដាក់លើតុ … គាត់មិនមើលឯកសាររបស់ប្ដីតែម្ដង។ ដូច្នេះមិនចាំបាច់ថា គាត់ដឹងរឿងរ៉ាវអីទេ គាត់មិនដឹងតែម្ដង។ អ្នកខ្លះសួរទៅគាត់អីអញ្ចេះអញ្ចុះ ដឹងរឿងនេះ ដឹងរឿងនោះ គាត់ឆ្លើយមកវិញថា គាត់មិនដែលដឹង។ រឿងពិតគឺអញ្ចឹង។ បើការិយាល័យខ្ញុំវិញ ខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីឆ្នាំ ១៩៧៩ រហូតទៅដល់ឆ្នាំ ១៩៨៨។ ក្រោយមកឆ្នាំ ១៩៨៩ ខ្ញុំចូលទៅធ្វើវិញ គាត់អត់ដែលចូលទៅទេ។ ទីស្ដីការគណៈរដ្ឋមន្រ្តី គាត់ចូលបាន ២ ដង ហើយទៅ ២ ដងនោះ គឺគាត់ចាំខ្ញុំ ដើម្បីទៅចូលរួមជប់លៀងជាមួយនឹងភ្ញៀវតែប៉ុណ្ណោះ។
ខ្ញុំសូមបញ្ជាក់ ការិយាល័យធ្វើការរបស់ខ្ញុំនៅអគារចាស់ អ្វីដែលជារបស់បង ចាន់ ស៊ី ខ្ញុំឱ្យយកចេញតែមួយទូរដែក ដែលនៅក្នុងទូរដែកនោះមានមាស និងមាននាឡិកាមួយចំនួន ហើយនិងគ្រាប់កាំភ្លើង និងកាំភ្លើងខ្លី ឱ្យយកចេញមួយ។ ខាងធនាគារជាតិទៅយក។ ឯមួយទៀត ទូរទឹកកក ដែលបង ចាន់ ស៊ី តែងតែដាក់ស្រាបៀរអង្គរ, ឱ្យយកទូរទឹកកកចេញ។ ក្រៅពីនោះ ប្រមូលឯកសារស្អីៗ ជារបស់គាត់ចេញ ហើយខ្ញុំប្រើតែតុរបស់គាត់។ មានទើសទាល់អី។ ជួនកាល ការទៅធ្វើបែប(ដោះដូរតុធ្វើការថ្មី)នេះ (បើតាម)ខ្ញុំចំណាំមនុស្ស បើខ្ញុំរាប់ឈ្មោះ និយាយចំឈ្មោះទៅ គាត់នឹងខ្មាសគេ។ អ្នកដែលប្រពន្ធឡើងចូលដល់ការិយាល័យទាំងប៉ុន្មាន អវត្តមាននៅក្នុងកិច្ចការនេះ មនុស្សហ្នឹងទាំងអស់បាត់បង់ការងារទាំងអស់ ហើយមិនតិចជាង ១០ ឆ្នាំហើយទេ។
អញ្ចឹងប្រពន្ធទៅលើករាសីអត់បានទេ កុំឆ្ងល់ មនុស្សម្នាក់ៗសុទ្ធតែមានមនុស្សការពារខ្លួន មិនអាចចាំយកអ្នកដទៃទៅការពារខ្លួន ព្រោះអញ្ចេះ ប្រយ័ត្នចូលអា តួភី។ ពាលី(ស្វា) មិនច្បាំងគ្នាជាមួយនឹង តួភី(ក្របី ក្នុងរឿងរាមកេរ្តិ៍)។ ល្បីអា តួភី (ប្រយុទ្ធមិនឈ្នះ)។ ពាលី ចេះតែសួរថា អ្ហែងពូកែនឹងអី? តួភី ឆ្លើយថា ពូកែនឹងទេវតានៅក្នុងស្នែង។ ដល់តែសួរចុះសួរឡើង(ច្រើនដងពេល) តួភី ឆ្លើយខុសមួយម៉ាត់ទេ គឺអញពូកែនឹងស្នែង ភ្លេចពាក្យទេវតា ពាលី (ក៏)កាត់កអា តួភី (បាន)បាត់ទៅ។ ហ្នឹងរឿងមួយ តែរឿងមួយទៀតដែលសំខាន់ជាងនេះ គឺវាមិនគប្បីភ្នែករបស់មន្រ្តីធ្វើការជាមួយយើង។ ចាំបាច់អីឱ្យប្រពន្ធមកត្រួតដល់ការិយាល័យ កន្លែងធ្វើការរបស់ប្ដីនោះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការកាន់តែល្អ តាមការកំណែទម្រង់
កន្លែងធ្វើការល្អហើយ តែអ្វីដែលសំខាន់ជាងនេះទៀត ខ្ញុំសូមរំលឹក គឺប្រសិទ្ធភាពការងារ។ បើអត់មានប្រសិទ្ធភាពហើយ បានសេចក្ដីថា ទោះបីអាគារហ្នឹងវាល្អ ល្អលើសហ្នឹង ១០ ដង ក៏វានៅតែប៉ុណ្ណឹងដែរ។ អញ្ចឹងកន្លែងការងារកាន់តែល្អ កាន់តែត្រូវធ្វើឱ្យមានប្រសិទ្ធភាព ហើយធ្វើទំនើបកម្ម។ ខ្ញុំជឿជាក់ទៅលើក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទិនជាមួយនឹងបញ្ហាកំណែទម្រង់នៅក្នុងវិស័យទាក់ទិនជាមួយនឹងការគ្រប់គ្រងរបស់សាធារណការ។ ការងារផ្លូវថ្នល់ស្អីៗនេះ ហើយសូម្បីតែលេខរថយន្តស្អីៗ យើងមានកំណែទម្រង់ច្រើន ដែលយើងគប្បីធ្វើបន្ដ។ លើកទឹកចិត្តឱ្យមន្រ្តីរាជការរបស់យើងផ្នែកនេះធ្វើកិច្ចការ។ តាមខេត្តក៏ដូចគ្នា ព្រោះមានមន្ទីរនៅតាមខេត្ត ដែលត្រូវរួមជាសេនាធិការរបស់គណៈអភិបាលខេត្ត ព្រោះយើងកំពុងផ្ទេរនូវអំណាចទៅឱ្យថ្នាក់ក្រោមជាតិ។
ប្រធានមន្ទីរសាធារណការ សូមប្រយ័ត្ននូវការធ្វើការងាររបស់ខ្លួន!
សូមរំលឹក សូមលោកប្រធានមន្ទីរទាំងឡាយ ប្រយ័ត្ន។ ថ្ងៃហ្នឹងមានប្រធានមន្ទីរមកដែរ? (សូម)ប្រយ័ត្ន។ ប្រយ័ត្នត្រង់អញ្ចេះ អ្នកខ្លះធ្លាប់មានពិសោធន៍ហើយរឿងហ្នឹង។ ដោយសារប្រធានមន្ទីរ គឺត្រូវចាត់តាំងដោយប្រកាសរបស់រដ្ឋមន្រ្តី ក្រោយមានសំណើពីគណៈអភិបាលខេត្ត។ អញ្ចឹងទេ បែរជាមិនស្ដាប់អភិបាលខេត្ត ស្ដាប់តែរដ្ឋមន្រ្តី។ ហើយពេលខ្លះទៀត ដោយសារខ្លួននៅថ្នាក់ក្រោមជាតិ មិនស្ដាប់រដ្ឋមន្រ្តី បែរជាទៅតាមតែគណៈអភិបាលខេត្ត។ រឿងហ្នឹងម្យ៉ាង តែរឿងដែលសំខាន់ជាងនេះទៀត ប្រាប់ចៅហ្វាយខេត្តថា ខ្ញុំស្ដាប់តែរដ្ឋមន្រ្តី ដល់មករដ្ឋមន្រ្តី រដ្ឋមន្រ្តីក៏អត់ដឹង។ អញ្ចឹង ទីចុងបំផុត មនុស្សនេះអត់ដឹងនៅឯណាពិតប្រាកដ។ រឿងហ្នឹងធ្លាប់មានកាលពីពេលមុន មានប្រធានមន្ទីរដែលរដ្ឋមន្រ្តីក៏ក្ដាប់អត់បាន ចៅហ្វាយខេត្តក៏ក្ដាប់អត់បាន។ អញ្ចឹងគាត់ជិះសេះលែងដៃទៅតែម្ដង។ ជួនកាល ខ្លះទៅយកប្រពន្ធ ៥ ទៅ ៦ នៅណាឯណោះ។ អាហ្នឹងត្រូវប្រុងប្រយ័ត្នទៅលើកន្លែងហ្នឹង។ អញ្ចឹងកន្លែងធ្វើការល្អហើយ អ្វីដែលសំខាន់ជាងនេះទៀត គឺធ្វើកិច្ចការឱ្យល្អ និងមានប្រសិទ្ធភាព។
សូមអរគុណជាមួយនឹងការចូលរួម ហើយថ្ងៃនេះ ឯកឧត្តមអគ្គរាជទូតថៃ ឯកឧត្តមអគ្គរដ្ឋទូតឡាវ និងប្រិយមិត្តបរទេសតំណាងស្ថានទូត និងប្រិយមិត្តចិនអញ្ជើញមកដែរ ខាងម្ចាស់ជំនួយ។ ជប៉ុនមានមកដែរ? ខាងចៃកា (JICA) ជប៉ុន។ ឥឡូវនេះ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ខ្ញុំសូមប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕