សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច? មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥…