ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល ៧ ខែជូនទៅក្រសួងសុខាភិបាល។
បៀវត្សរបស់ខ្ញុំ ១០ លានរៀល/ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០ រៀល/ខែ សរុប ៧ ខែចំនួន ៦៣.៦៣៩.០០០ រៀល។
អាស្រ័យដោយកូវីដ ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែក រយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕