ប្រមុខរាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ សម្រាប់វឌ្ឍនភាពកម្ពុជា
FN ៖ ថ្លែងក្នុងកិច្ចប្រជុំសភារៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖ ១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ ២៖ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។…