សុន្ទរកថា ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៣៩ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, សម្តេចព្រះអភិសេរីគន្ធាមហាសង្ឃរាជាធិបតី បូរ គ្រី, សម្តេចព្រះមហាសង្ឃរាជា នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ លោកឧកញ៉ា សុខ គឹមរី គណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងនៃគណបក្សនយោបាយនានា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា! ថ្ងៃនេះ ជាទិវាគម្រប់ខួបលើកទី ៣៩ នៃមហាជ័យជម្នះជាប្រវត្តិសាស្រ្ត ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…