FN ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលមានគុណប្រយោជន៍ធំធេង ក្នុងការរំដោះការកកស្ទះចរាចរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥណទានសាងសង់ស្ពានអាកាសផ្សារដីហ៊ុយនេះ បានធ្វើឡើងពេលប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ពានអាកាសថ្មីនេះ មិនត្រឹមតែបម្រើការធ្វើដំណើរឆ្លងកាត់ មហាវិថីសហព័ន្ធរុស្ស៊ីនោះទេ តែក៏បានតភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី២ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សូម្បីតែស្រមៃក៏មិនដែលគិតថា រាជធានីភ្នំពេញរីកលូតលាស់ ដូចពេលបច្ចុប្បន្ននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ពីគល់ស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកព្នៅ នឹងមិនមានការពង្រីកទៀតទេ សូមកុំព្រួយបារម្ភ។
* បើតាមសម្តេចតេជោ ហ៊ុន សែន ការបង្ខំចិត្តបញ្ឈប់ពង្រីកកំណាត់ផ្លូវនេះ ដោយសារមានផលប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋ ដោយគម្រោងពង្រីកផ្លូវនេះបង្វែទៅផ្លូវទំនប់កប់ស្រូវជំនួសវិញ។
* សម្តេចតេជោបានថ្លែងថា កម្ពុជាទើបមានឱកាសអភិវឌ្ឍន៍ពេញលេញ២០ឆ្នាំប៉ុណ្ណោះ ខណៈចិនបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសតាំងពីឆ្នាំ១៩៦៩ ហើយធ្វើកំណែទម្រង់បើកចំហរសេដ្ឋកិច្ចបានរយៈពេល៤០ឆ្នាំហើយ ដែលទាមទារឲ្យកម្ពុជារត់តាមពីក្រោយ ២០ឆ្នាំទៀត។
* សម្តេចតេជោ ហ៊ុន សែន សូមអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងរូបសម្តេច ឲ្យបន្តអភិវឌ្ឍន៍ប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឲ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺជាការឆ្លើយតបតម្រូវការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាប្រទេសជាសមាជិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលកម្ពុជាគាំទ្រឲ្យចិនក្លាយជាសមាជិក អង្គការសហប្រជាជាតិ គឺជាព្រះរាជចក្ខុវិស័យដ៏វែងឆ្ងាយ របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចិនមិនក្លាយជាសមាជិកអង្គការសហប្រជាជាតិទេនោះ ប្រហែលជាការបញ្ចប់សង្គ្រាមនៅវៀតណាម មិនអាចបញ្ចប់នោះឡើយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា មិនមានការខាតបង់ណាមួយនោះឡើយ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ហើយមិនមែនតែកម្ពុជាទេ សូម្បីតែអាស៊ានទាំងមូលក៏ដូចគ្នា។
* សម្តេចតេជោបានថ្លែងថា រូបសម្តេច និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្តដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះបរមរតនកោដ្ឋ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កុំមានការភ័ន្តច្រឡំចំពោះវត្តមានរបស់ជនជាតិចិននៅកម្ពុជា, វត្តមានរបស់ចិននៅកម្ពុជា ដើម្បីបម្រើការងារនៅតាមការដ្ឋានសំណង់រាប់រយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាអាចមករារាំងការរីកចម្រើន របស់ប្រទេសចិនបាននោះឡើយ ហើយការរីកចម្រើននេះ នឹងរួមចំណែកជួយបណ្តាប្រទេសដទៃ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា គ្រាន់តែនិយាយពីវារីអគ្គិសនី បើចិនមិនមកវិនិយោគ គ្មានប្រទេសណាមកវិនិយោគលើវិស័យវារីអគ្គិសនីនៅកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងសួរថា ប្រទេសជាច្រើនរកស៊ីជាមួយប្រទេសចិន ចុះហេតុអ្វីមកហាមឃាត់កម្ពុជា មិនឲ្យរកស៊ីជាមួយចិន?
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកកាន់ចង្កូតរថយន្តទាំងអស់ មិនត្រូវបញ្ជាយានយន្តពេលស្រវឹងនោះទេ គឺត្រូវចេះគោរពច្បាប់ និងស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។
* សម្តេចតេជោបានថ្លែង បញ្ជាឲ្យចាត់វិធានការ ចំពោះក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍បោះឆ្នោត បន្ទាប់ពីរកឃើញថា ពួកនេះកំពុងញុះញង់ប្រជាពលរដ្ឋថា ទឹកខ្មៅជ្រលក់ដៃនៅថ្ងៃបោះឆ្នោត មានទឹកខ្មៅជ្រលក់ដៃ ដែលបណ្តាលឲ្យស្លាប់ ២៤ម៉ោងក្រោយជ្រលក់ដៃ។
* សម្តេចតេជោ បានបញ្ជាក់ថា ក្រុមពួកនេះកាលពី៥ឆ្នាំមុនគេថា ទឹកខ្មៅជូតជ្រះ ឥឡូវគេថាទឹកខ្មៅជ្រលក់ដៃស្លាប់ ដែលនេះជាទោសឧក្រិដ្ឋ និងបញ្ជាឲ្យអាជ្ញាធរចាត់វិធានការ ដោយមិនលើកលែងទោះ នៅក្រៅប្រទេសក៏ត្រូវតាមចាប់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេទាហានដែលស្ម័គ្រស្មោះជាមួយសម្តេច មិនមែនតែ១២រូបទេ បើចង់ដាក់ទណ្ឌកម្មមេទាហាន ត្រូវដាក់ទាំងអស់ដែលមានជិត១២ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានហៅប្រេដអាដាមថា ជាអាបណ្ឌិតឆ្កួត។ សម្តេចបានប្រាប់ ប្រេដអាដាម ទៀតថា កម្លាំងទ័ពកម្លាំងនគរបាល គឺជាអ្នកការពារសន្តិសុខជាតិ និងរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការសកម្មភាពរបស់អង្គការបន្ទប់ ស្ថានការណ៍បោះឆ្នោត ត្រូវបានអាជ្ញាធរតាមដានយ៉ាងដិតដល់។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ទង្វើនេះមិនអាចអត់ឱនឲ្យបាននោះឡើយ។
* សម្តេចតេជោ ក៏បានបញ្ជាឲ្យអាជ្ញាធរដំឡើងប្រព័ន្ធ តាមដានការធ្វើសកម្មភាពតាម Facebook ដើម្បីទប់ស្កាត់ទង្វើបំផ្លាញជាតិរបស់ក្រុមនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើដែលសម្តេចធ្វើនេះគឺដើម្បីការពារជីវិតប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានហើយ ការអភិវឌ្ឍកំពុងមានជាជំហានហើយ ដូច្នេះមិនត្រូវឲ្យបាត់បង់ទៅវិញនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងខ្លាំងៗថា មិនឱនក្បាលចំពោះជនបរទេស នាំឲ្យមានការបំផ្លេចបំផ្លាញជាតិនោះ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា សម្តេចមិនខុសនោះឡើយ ចំពោះការដឹកនាំប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារឯករាជ្យភាពជាតិនោះ។
* សម្តេចតេជោបានថ្លែងថា សម្តេចមិនចង់ដាក់ខ្នោះជនណាម្នាក់នោះទេ តែបើគេប្រព្រឹត្តទោសនឹងត្រូវជាប់ខ្នោះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយចាប់ក្រុមអ្នកដើរខ្សឹបរឿងទឹកខ្មៅជ្រលក់ដៃនាំឲ្យស្លាប់ ក្រោយជ្រលក់២៤ម៉ោង។
* សម្តេចតេជោថា ម៉ាស៊ីនដែលដំឡើងដើម្បីចាប់ទីតាំងអ្នកបង្ហោះតាម Facebook គឺមានភាពសុក្រឹតខ្ពស់ ហើយទីតាំងលំអៀងតែបន្តិចបន្តួចប៉ុណ្ណោះ ត្រឹមជាង២ម៉ែត្រកន្លះ។