សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល
សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀតកៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើងដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែលមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើងចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហានេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុងហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។ តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។ (១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង ឥឡូវអ្នកណានៅឃុំលំហាច?…