សម្តេចតេជោ ៖ បានផ្ញើសារបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
ថ្ងៃនេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។ ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឱ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។ រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិតបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)។ ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៉ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសាមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា នឹងប្រើ តកូន តចៅ។ ស៊ីហ្គេមមានវិញ្ញាសាប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។ នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាំពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ…


