សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ។ ខ្ញុំឃើញថា ថ្ងៃនេះ បរិយាកាសថ្មីមួយបានចាប់ផ្ដើមជាមួយនឹងវត្តមាននៅក្រៅរាជធានីភ្នំពេញ ដែលកាលមុននោះ ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តកណ្ដាល រួចទៅហើយ ស្រុកខ្សាច់កណ្ដាល។ តែថ្ងៃនេះ យើងបានធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ អាទិត្យនេះ កម្មវិធីគ្រោងទុក គឺបន្ទាប់ពីខេត្តកំពង់ស្ពឺ ថ្ងៃស្អែកត្រូវចេញទៅខេត្តកំពង់ចាម ហើយថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ត្រូវជួបកម្មករ/ការិនីរបស់យើងនៅឯខេត្តព្រះសីហនុ។ នេះគឺជាចំនុចដែលជាការគ្រោងទុកជាយូរមកហើយ។ ថ្ងៃនេះ ក៏បានឃើញថាមានរោងចក្រមួយចំនួន ជាពិសេសមានរោងចក្រមួយ ដែលបានកាត់សំលៀកបំពាក់សម្រាប់កម្មការិនីចំនួន ៥ ពាន់នាក់ ចូលរួមថ្ងៃនេះតែម្ដង។ អបអរសាទរជាមួយថៅកែរោងចក្រ ដែលលើកទឹកចិត្តចំពោះកម្មករនេះ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងរៀបចំកម្មវិធីនេះឡើង។ សូមអរគុណចំពោះថៅកែរោងចក្រដែលផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលនេះ និងផ្ដល់ឱកាសសម្រាប់ការឈប់សម្រាកនៅពេលរសៀលថ្ងៃនេះជាបន្តទៀត និងមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ ខ្ញុំបានដឹងថា ក្មួយៗបានធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីយើងបានជួបគ្នានៅទីនេះ។ ខ្ញុំក៏គួរតែនិយាយបន្តិចថា នេះហើយជាចក្ខុវិស័យវែងឆ្ងាយ ដែលយើងត្រូវបានដោះស្រាយ ហើយរឿងនេះបានត្រូវក្លាយទៅជាការពិតនៅពេលនេះ ដែលគ្មានអ្នកណាអាចប្រកែកបាននោះទេ។ ១៩៩៥/៩៦ ដីមួយហិចតាចិញ្ចឹមមនុស្ស ៤-៥ នាក់…