FN ៖ ផ្ទុយពីការទស្សន៍ទាយ និងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងថា ក្រោយបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈប់ចុះជួបកម្មករ កម្មការិនីនោះ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទៀតហើយ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីលទ្ធផលផ្លូវការមិនទាន់ប្រកាស តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាឈានមុខក្នុងការគ្រប់គ្រង អាសនៈនៅក្នុងរដ្ឋសភា ហើយឈានទៅដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទម្លាប់ប្រែប្រួល និងក្បត់ពាក្យសន្យានោះទេ ដូច្នេះសម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដូចការសន្យានៅពេលមុនបោះឆ្នោត។
* មិនខុសពីជំនួបលើកមុនៗដែរ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមានក្តីសប្បាយរីករាយខ្លាំងណាស់ ដែលបានចុះមកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ។
* ជំនួបនាព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចេញទៅបោះឆ្នោត មានចំនួនរហូតដល់ទៅជាង៨៣ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យដ៏ធំធេងនៃដំណើរ ការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រីបន្តថា តាមរយៈតួលេខនៃការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៨៣.០២ភាគរយ គឺជាការបរាជ័យដ៏ធំធេងនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់អតីតបក្សប្រឆាំង
* សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តយ៉ាងខ្លាំង ដែលទណ្ឌិត សម រង្ស៊ី ចោទថា សម្តេចតេជោជួលឃាតកតាមសម្លាប់រូបលោកនៅប្រទេសបារាំងនោះ។
* សម្តេចនាយករដ្ឋមន្ត្រីថា ប្រសិនបើសម្តេចចង់សម្លាប់ទណ្ឌិត សម រង្ស៊ី មែននោះ គឺសម្លាប់តាំងពីនៅស្រុកខ្មែរម្ល៉េះ គឺគប់តែនឹងផ្លែត្របែកក៏ស្លាប់ដែរ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនដែលមានបំណងសម្លាប់ខ្មែរណាម្នាក់នោះទេ សូម្បីតែមេដឹកនាំខ្មែរក្រហមក៏មិនដែលមានបំណងសម្លាប់នោះដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា លទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨ គឺជាការបង្ហាញឲ្យឃើញភាពចាស់ទុំរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបោះឆ្នោតឆ្នាំនេះ មិនបានធ្វើឲ្យពលរដ្ឋព្រួយបារម្ភដូចការបោះឆ្នោតឆ្នាំ២០១៣នោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទម្រាំកម្ពុជាមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ មិនមែនជារឿងធម្មតានោះទេ គឺមានការប្រឹងប្រែងខ្លាំងណាស់ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅលោក គង់ វិបុល អគ្គនាយកពន្ធដារ ឲ្យមានការពិចារណាយកតម្លៃពន្ធប្រថាប់លើការលក់ដី ផ្ទះ ដោយមិនត្រូវអនុវត្តន៍តាមតម្លៃដី ផ្ទះ ដូចពេលមុននោះទេ។ ពោលសម្តេចចង់ឲ្យមានការតម្លើងតម្លៃពន្ធប្រថាប់ត្រាទៅលើដី ផ្ទះ ដែលមានការកើនតម្លៃនាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជោគជ័យនៃការបោះឆ្នោតមិនមែនជាជោគជ័យរបស់សម្តេច និងមេដឹកនាំគណបក្សប្រជាជននោះទេ តែក៏ជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរ និងកម្មករ កម្មការិនីផងដែរ។
* ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការរក្សាបាននូវសុខសន្តិភាព ដែលសុខសន្តិភាព គឺជាកត្តាដ៏ចាំបាច់ក្នុងការរក្សាការងារជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការរីកចម្រើន និងការវិនិយោគមិនអាចចាប់ផ្ទៃនៅក្នុងប្រទេសមានសង្គ្រាមនោះទេ ដូចជាបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជាការរក្សានូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការចេញទៅការពារនូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃសុខសន្តិភាព ដែលប្រជាពលរដ្ឋជ្រើសរើសតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៨នេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគ្នាថែរក្សានូវសុខសន្តិភាព មិនត្រូវឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាពនេះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា អវត្តមានសន្តិភាព អវត្តមានសន្តិសុខ សណ្តាប់ធ្នាប់ គឺជាការបាត់បង់ការអភិវឌ្ឍ ការវិនិយោគ និងបាត់បង់ប្រាក់ចំណូល។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ករណីកម្មករ កម្មការិនី ផ្ទុះកូដកម្មនៅក្នុងខេត្តស្វាយរៀងរឿងថៅកែកាត់ប្រាក់ឈ្នួលព្រោះទៅបោះឆ្នោត គឺជាការបំផុសព័ត៌មានពីអ្នកញុះញង់ តែធាតុពិតថៅកែមិនបានកាត់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក សេង ទៀង តាមដានឲ្យបានម៉ត់ចត់លើករណីអ្នកមានកូនភ្លោះបី ហើយត្រូវដោះស្រាយបញ្ហាខ្វះខាតគាត់ឲ្យបានទាន់ពេលវេលា។ ការក្រើនរំលឹករបស់សម្តេច បានធ្វើឡើងក្រោយសម្តេចបានឃើញពីការត្អូញត្អែខ្វះលទ្ធភាពចិញ្ចឹមកូនរបស់អ្នកកូនភ្លោះបីមួយគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានឧបត្ថម្ភថវិកា ៥លានរៀលដល់គ្រួសារដែលខ្វះខាតនោះហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតាមដានឲ្យបានម៉ត់ចត់លើកម្មវិធីព្យាបាលឥតគិតថ្លៃជូនកម្មករ កម្មការិនី។
* សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីសម្តេចនឹងធ្វើសកម្មភាពកាន់តែសកម្ម ហើយទម្លាក់ថវិកាកាន់តែច្រើនទៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីលើកកម្ពស់សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះរាជរដ្ឋាភិបាលបានបញ្ចេញថវិកា ២២លានដុល្លារអាមេរិកក្នុងការជួយសង្គ្រោះកម្មករ,
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលួចហ្វេសប៊ុកសម្តេចជាទង្វើអាក្រក់ជូរជាតិ។ សម្តេចតេជោ រំពឹងថាក្រុមអ្នកប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា នឹងស្វែងរកមុខក្រុមអ្នកលួចនោះមកផ្តន្ទាទោស។
* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកលួចហ្វេសប៊ុករបស់សម្តេច ហើយបង្ហោះព័ត៌មានពីការបែងចែកអាសនៈទៅឲ្យបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាអ្នកមានចេតនាបំផ្លាញការប្រកាសលទ្ធផលបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកលួចហ្វេសប៊ុករបស់សម្តេច គឺជាទណ្ឌិត សម រង្ស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទុកលទ្ធភាពឲ្យប្រធានាធិបតីបារាំង ពិនិត្យលើសំណុំរឿងដែលទណ្ឌិត សម រង្ស៊ី ចោទសម្តេចជួលមនុស្សទៅសម្លាប់លោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូម្បីតែមាន់ក៏សម្តេចមិនដែលសម្លាប់ផង កុំថាឡើយដល់ការសម្លាប់មនុស្ស។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីការសម្លាប់បណ្ឌិត កែម ឡី។ សម្តេចបានលើកឡើងថា អ្នកសម្លាប់ កែម ឡី គឺជាអ្នកដែលទទួលបានប្រយោជន៍ ច្រើនជាងគេពីការសម្លាប់នេះ។ សម្តេចបន្ថែមថា រាជរដ្ឋាភិបាលគ្មានផលចំណេញអ្វីពីការសម្លាប់នេះឡើយ។
* សម្តេចតេជោ បានថ្លែងថា បានដឹងពីតម្រុយអ្នកលួចហ្វេសប៊ុកសម្តេចហើយ តែសម្តេចទុកឲ្យនគរបាលជាអ្នកធ្វើការ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វេសប៊ុក ដែលបានសហការទាន់ពេលវេលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បង្កើតវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សដែលបានចូលរួមបោះឆ្នោត។
* សម្តេចតេជោ បានថ្លែងថា ការបង្កើតវេទិកានេះ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសជាការបង្កើតវប្បធម៌សន្ទនារវាង បក្សនយោបាយនៅក្នុងរដ្ឋសភា និងបក្សនយោបាយនៅក្រៅរដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំនួបនោះសម្តេចមិនមែនជួបក្នុងឋានៈជាប្រធានបក្សទេ តែសម្តេចនឹងជួបក្នុងឋានៈជានាយករដ្ឋមន្ត្រី។ សម្តេចបញ្ជាក់ថា សម្តេចនឹងធ្វើលិខិតអញ្ជើញបណ្តាមេដឹកនាំគណបក្សនយោបាយទាំងនោះ មកជួបជជែកគ្នាលើកិច្ចការជាតិនៅវិមានរាជរដ្ឋាភិបាល។ បើតាមសម្តេចតេជោ ហ៊ុន សែន តាមរយ:វេទិកានេះ ក៏ផ្តល់ឱកាសឲ្យបក្សនយោបាយក្រៅសភាតាមដានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញប្រធានគណបក្សនយោបាយមកធ្វើជាទីប្រឹក្សា ឬ រដ្ឋលេខាធិការ នៅតាមបណ្តាក្រសួងនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។
* សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្តេចចង់ជួបជាមួយមេគណបក្សដទៃ ដែលចូលរួមបោះឆ្នោតនៅមុនពេលបង្កើតរាជរដ្ឋាភិបាលថ្មី។
* សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញតំណាងគណបក្សនយោបាយទាំង២០ មកផ្តល់យោបល់អំពីគោលនយោបាយដល់នាយករដ្ឋមន្រ្តី អាណត្តិថ្មី ដើម្បីកសាងប្រទេស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ កំពុងប្រើលុយរត់ការ ដើម្បីបានតំណែងក្នុងជួររាជរដ្ឋាភិបាល។