គ.ជ.ប បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមសហការធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដំណើរការរលូនទៅមុខ!
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា បន្តសហការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនទៅមុខ និងទទួលបានជោគជ័យបន្ថែមទៀត។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ហើយក៏ស្របពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោត កំពុងបើកទ្វារទទួលចុះឈ្មោះប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ ទាំង១,៦៤៦ និងភូមិមួយចំនួននៅទូទាំងប្រទេសផងដែរ ពោល គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំខាងលើ លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦…