FN ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សេន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត បានឯកភាពគ្នា ដោយធ្វើការ ប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីងនូវកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត បន្តលើយន្ដការដែលមានស្រាប់។នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងនាយករដ្ឋមន្ដ្រីនៃប្រទេស២ ដែលមានរយៈពេលជិត២ម៉ោង នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ក្រៅការប្ដេជ្ញាចិត្តបន្ដកិច្ចសហប្រតិបត្តិឲ្យកាន់តែប្រសើរថែមទៀតនោះ នាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យដំណើរទៅដោយរលូត និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងគាប់ប្រសើរផងដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំង២ បានផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក ក្នុងការបន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និត ក្នុងនាមជាអ្នកជិតខាងល្អ ដែលមានជាយូរណាស់មកហើយ។
នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ក៏បានសន្យាពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅនេះ កម្ពុជា-ឡាវ បានបង្កើតនូវអគ្គកុងស៊ុល ដែលការងារនេះបានដំណើរទៅបានយ៉ាងរលូត និងបានបើកច្រកទ្វារព្រំដែនផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត។
សម្រាប់ការអប់រំវិញ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការផ្ដល់កញ្ចប់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវ ដែលបានមកសិក្សានៅប្រទេសកម្ពុជាផងដែរ៕