រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះសហគ្រាសណា មិនបង្កើតគិលានដ្ឋានសម្រាប់និយោជិត
FN ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានព្រមានចាត់ការយ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាងណាដែលមិនបង្កើតគិលានដ្ឋាន សម្រាប់ផ្ដល់សេវាសុខាភិបាលជូនកម្មករនិយោជិតរបស់ខ្លួន តាមគោលការណ៍ណែនាំស្ដីពី «ការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន» ដែលបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។ ការប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ណែនាំខាងលើ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស គ្រឹះស្ថានការងារចំនួន ៥១៣,៧៥៩កន្លែង ហើយអត្រា ៨៨% បានបង្កើតគិលានដ្ឋានក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនរួចហើយ នៅឡើយតែប្រមាណ ១២% ទៀតដែលមិនទាន់បង្កើតគិលានដ្ឋាន។ លោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ទី១. ចាប់ពីឆ្នាំ២០១៨ គ្រប់រោងចក្រទាំងអស់ត្រូវតែមានគិលានដ្ឋាន បើគ្មានទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្ដីពីការងារ មានទាំងពីការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅ (ទៅតុលាការ) ដើម្បីចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទី២. ត្រូវមានគ្រូពេទ្យច្បាស់លាស់ដែលមានជំនាញ ត្រូវតែមានថ្នាំ ត្រូវតែមានកន្លែងសម្រាកឲ្យបានគ្រប់គ្រាន់ជូនកម្មករនិយោជិត»។ លោក អ៉ិត សំហេង បានបន្ថែមថា គ្រប់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ…