សម្តេចតេជោ ហ៊ុន សែន៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការ Comment នៅលើ Facebook នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាពស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមានមេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ «Khek Khemrath» ដោយសរសេរថា៖ «ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។…