FN ៖ ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ សម្រេចបាន ១៥៣,៦៨៨តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសានេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចំពោះទិសដៅទីផ្សារនៃការនាំចេញ ក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន ៨៥,៣៧០តោន ស្មើនឹង ៥៥.៥៥%។
រីឯទីផ្សារធំទី២ គឺទីផ្សារសហភាពអឺរ៉ុប ១៩ប្រទេស និងអង់គ្លេស ដែលនាំចេញបានចំនួន ៣៨,៤៣៩តោន ស្មើនឹង ២៥.០១% ក្នុងនោះ ប្រទេសបារាំងម្នាក់ឯងមានចំនួន១៦,០៦៦តោន ស្មើនឹង ១០.៤៥%នៃការនាំចេញសរុប។
ទីផ្សារបន្ទាប់ គឺទីផ្សារផ្សេងៗ មានចំនួន ១១.៨៥% គិតជាបរិមាណ ១៨,២២១តោន ដែលរួមមាន តំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើង កាណាដា មជ្ឈឹមបូព៌ា អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុបជាដើម។ ចុងក្រោយ គឺទីផ្សារអាស៊ាន មានម៉ាឡេស៊ី សាំងហ្កាពួរ និងហ្វីលីពីន ដែលមានចំណែក ៧.៥៩% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១១,៦៥៨តោន។
ទោះជាយ៉ាងនេះក្តី និន្នាការនៃការនាំចេញអង្ករ ក្នុងខែមីនា ឆ្នាំ២០២១នេះ បាននិងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦% ធៀបនឹងខែកុម្ភៈ គឺកើនពី ៤១,៩៤៩តោននៅក្នុងខែកុម្ភៈមក ៧៧,៤៦៦តោននៅក្នុងខែមីនា ខណៈដែលខែកុម្ភៈធៀបនឹងខែមករា កើនបានត្រឹមតែ២២%ប៉ុណ្ណោះ។
ត្រីមាសទី១ នៃឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានការនាំចេញទាបជាងបណ្តាត្រីមាស នៃរយៈពេល៥ឆ្នាំចុងក្រោយ។ បញ្ហាចម្បងដែលជាកត្តានាំឲ្យការនាំចេញអង្ករកម្ពុជា ជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅ នៅក្នុងសហគមន៍អឺរ៉ុប គឺកង្វះកុងតែន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រ នៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង។
ចំពោះប្រភេទអង្ករនាំចេញ ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលមានចំណែកជាងពាក់កណ្តាលនៃការនាំចេញសរុប។
ជារួមអង្ករក្រអូបប្រណីតប្រភេទផ្ការំដួល ផ្កាម្លិះ នាងម្លិះ សុម៉ាលី បាននាំចេញ ៣៧.៩៥% អង្ករក្រអូបធម្មតា ប្រភេទសែនក្រអូប មានចំនួន ២៨.៩៦% អង្ករស ប្រភេទសចម្រុះ សសរីរាង្គ និងសំរូបសរីរាង្គ មានចំនួន ២៨.៤៩% រីឯអង្ករដំណើបមាន ១.៨៩% ហើយចំណែកឯអង្ករចំហុយមានចំហុយគ្រាប់វែង និងចំហុយសរីរាង្គ មានចំនួន ១.៦៧% និងចុងក្រោយគឺ អង្ករក្រអូបសរីរាង្គមាន ១.០៤%៕