សុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៧ ក្រោមប្រធានបទ «សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្ម លើកទី ៤ សម្រាប់អាស៊ានទាំងមូល»
ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី ២៧ ដែលថ្ងៃនេះយើងលើកយកប្រធានបទដ៏សំខាន់មួយគឺ សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្ម លើកទី ៤ សម្រាប់អាស៊ានទាំងមូល។ យើងដឹងហើយថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មទី ៤ បានក្លាយទៅជាកត្តាគន្លឹះមួយកំណត់នូវនិន្នាការវិវត្តនៃសង្គមសេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្តភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ ជាការពិត បដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ការប្រើប្រាស់មនុស្សយន្ត (Robot) ការបោះពុម្ព 3D ការប្រើប្រាស់បច្ចេកទេសជីវវិទ្យា (Biotech)។ល។ ដែលបច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម…