- ឯកឧត្តម ខេ ភី សាម៉ា អូលី( K P sharma Oli )
- នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ក្នុងឱកាសដ៏សែនមនោរម្យនេះ។ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូ ធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធទៅនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី កម្ពុជា-នេប៉ាល់ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៩៩។ ហើយទំនាក់ទំនងនេះមានលក្ខណៈជាមិត្តភាព កាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ គួររំលឹកផងដែរថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅខ្ញុំបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅនេប៉ាល់ជាលើកទីមួយ ដែលដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែប្រសើរឡើង ជាពិសេស ក្នុងចក្ខុវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ តាមរយៈការចុះហត្ថលេខាលើឯកសារចំនួនបួន រួមមាន៖
១. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
២. កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូត
៣. អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ
៤. អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌រវាងប្រទេសទាំងពីរ
បន្ថែមលើក្របខណ្ឌនៃសហប្រតិបត្តិការនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) មកកម្ពុជានៅពេលនេះ បានបន្តពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគី ខ្ញុំនិងឯកឧត្តម ខេភី សាម៉ា អូលី( K P Sharma Oli )បានចូលរួមជាអធិបតី ក្នុងការចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលក្នុងនោះរួមមាន៖
១. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
២. អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចការសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ជាងនេះទៅទៀតក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺកើនឡើងក្នុងអត្រា ៧.៥% ធៀបនឹងការគ្រោងទុក ៧.១% ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្ដភាពរឹងមាំនៅក្នុងឆ្នាំ ២០១៩ នេះ។ សូចនាករនេះបានបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៥០ តាមការកំណត់ក្នុងរបៀបវារៈការកំណត់គោលនយោបាយជាតិ។
ក្នុងក្របខណ្ឌនៃការវិនិយោគកម្ពុជានៅតែជាប្រទេសគោលដៅ ដែលមានសក្ដានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្ដែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ស្ថានភាពវិនិយោគក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគ ៩៥៩ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២៣០០ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបាន ១ លានកន្លែង។ ដោយឡែកក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៩ នេះ គម្រោងវិនិយោគដែលបានអនុម័តមាន ១១៥ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤០០០ លានដុល្លារអាមេរិក បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៨ ដែលមានត្រឹមតែ ៨១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៨៦៣ លានដុល្លារប៉ុណ្ណោះ។
ចំណែកចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្ដកើនឡើងជាលំដាប់ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជា ១.៨៨០.០០០ នាក់ ដែលមានការកើនឡើង ៩,៧% ប្រៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។កម្ពុជារំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ដទៀតក្នុងឆ្នាំបន្ដបន្ទាប់ដែលនេះជាឱកាសល្អសម្រាប់អ្នកវិនិយោគនិង ធុរជន បណ្ដាក់ទុនក្នុងវិស័យនេះ។
ឯកឧត្តម នាយករដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្ដកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកជំនាញនៅត្រឹមឆ្នាំ ២០២៥។
ជាក់ស្ដែងគោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន ៥ រួមមាន៖
១. ឧស្សាហកម្ម ឬកម្មន្ដសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារផ្ដល់តំលៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់។
២. សហគ្រាសធុនតូច និងមធ្យមក្នុងគ្រប់វិស័យ។
៣. ផលិតកម្មកសិឧស្សាហកម្ម ដែលបម្រើឲ្យការនាំចេញ និងទីផ្សារក្នុងស្រុក។
៤. ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កាត់ដេរ ព្រមទាំងឧស្សាហកម្មដែលបម្រើឲ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តំលៃសាកល។
៥. ប្រភេទឧស្សាហកម្មដែលបម្រើអោយខែ្សចង្វាក់ផលិតតំបន់ និងមានចរិតយុទ្ធសាស្ដ្រនាពេលអនាគត។
រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងភាពជាដៃគូពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស ក្នុងន័យនេះ យើងបានបង្កើតយន្ដការសន្ទនាមួយហៅថាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលខ្ញុំដឹកនាំ និងដោយមានការចូលរួមពីរដ្ឋមន្ដ្រីគ្រប់ស្ថាប័ន អភិបាលរាជធានី/ខេត្ដ តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្ដរជាតិមួយចំនួន។ យន្តការនេះផ្ដល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការ រាល់ការសម្រេចនៅក្នុងវេទិកានេះត្រូវបានចាត់ទុកថាជាការសម្រេចរបស់គណៈរដ្ឋមន្រ្ដី។ ជាក់ស្ដែងកាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ខ្ញុំបានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៨ ដែលក្នុងនោះខ្ញុំបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅ (១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា (២) កែលំអ និងលើកស្ទួយថែមទៀតនៅបរិយាកាសវិនិយោគ និងធុរកិច្ច (៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
តាំងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍រាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ជាពិសេស អ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តអ្នកវិនិយោគកម្ពុជាដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនអ្នកវិនិយោគ និងធុរជនទាំងអស់ អំពីវិនិយោគ និងសក្ដានុពលវិនិយោគ និងឧត្តមភាពរបស់កម្ពុជាលើ ៤ ចំណុច៖
១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
ចំណុចនេះ អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់របស់ឯកឧត្តមនាយករដ្ឋមន្ដ្រី អំពីបញ្ហាទាក់ទិនជាមួយស្ថិរភាពនយោបាយ។ យើងខ្ញុំមានបទពិសោធន៍(ថា) បើគ្មានស្ថិរភាពនយោបាយ និងសន្ដិភាព កុំនិយាយទៅដល់បញ្ហាការទាក់ទាញវិនិយោគ និងការអភិវឌ្ឍ គឺត្រូវនិយាយពីការរត់ចេញ និងការបំផ្លិចបំផ្លាញ។ យើងខ្ញុំអបអរសាទរជាមួយវឌ្ឍនភាពនៃការបញ្ចប់ជម្លោះនយោបាយ ហើយបង្កើតឡើងនូវរដ្ឋាភិបាលស្ថិរភាពមួយ ដែលនោះជាចំណុចពិសេសនៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស និងជំហានឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បទពិសោធន៍យើងខ្ញុំ គឺប៉ុណ្ណឹងឯង។ បញ្ចប់សង្គ្រាម ស្ថិរភាពនយោបាយ ហើយនោះជាមូលដ្ឋាន ដើម្បីធានាថាការអភិវឌ្ឍមួយនឹងកើនឡើង ហើយខ្ញុំសង្ឃឹមថានេប៉ាល់នឹងមានជំហានដូចកម្ពុជាក្នុងអតីតកាលក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយរបស់ខ្លួន។ ខ្ញុំសង្ឃឹមថាទៅទស្សនកិច្ចនៅនេប៉ាល់សាជាថ្មីម្ដងទៀត និងទៅលុម្ពិនី ដើម្បីនាំពលរដ្ឋខ្មែរទៅកាន់ទីនោះ។
[បញ្ចប់សេចក្ដីអធិប្បាយ]
២. ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាង អ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
នេះក៏ជាចំណុចដែលខ្ញុំសូមគូសបញ្ជាក់ជូនធុរជនដែលអញ្ជើញមកពីនេប៉ាល់។ កម្ពុជាគ្មានការរើសអើងសម្រាប់ការវិនិយោគពីក្រៅប្រទេសទេ។ ប្រទេសមួយចំនួនតម្រូវអោយមានភាគហ៊ុនពីដៃគូក្នុងស្រុក ប៉ុន្ដែកម្ពុជាអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០% ដោយមិនចាំបាច់មានការចាប់ដៃគូក្នុងស្រុកនោះទេ។ នេះជាចំណុចងាយស្រួលសម្រាប់ការវិនិយោគនៅកម្ពុជា។
[បញ្ចប់សេចក្ដីអធិប្បាយ]
៣. កម្លាំងពលកម្មដែលមានភាពសំបូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ ឆ្នាំ ចុះមានចំនួន ៧២% នៃប្រជាជនសរុប និងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
ចំណុចនេះស្របទៅនឹងអ្វីដែលឯកឧត្តម បានលើកឡើង(ពី) ចំនួនប្រជាសាស្ដ្រយើងគឺមានស្ថានភាពដូចគ្នា ដែលមានភាពងាយស្រួល នៅក្នុងការទាក់ទាញអ្នកវិនិយោគ។
[បញ្ចប់សេចក្ដីអធិប្បាយ]
៤. កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ដ្រនៃតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយទៅជារោងចក្រនៃអាស៊ី។ ទំនិញ ផលិតផល កម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ដទៃៗក្នុងពិភពលោក។
មុននឹងបញ្ចប់ ខ្ញុំសូមលើកទឹកចិត្តអ្នកវិនិយោគនេប៉ាល់ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្ដភាពវិនិយោគ ព្រមទាំងសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនៅបរិស្ថានគ្រប់បែបយ៉ាង ដែលអនុគ្រោះ និងជម្រុញដល់ការវិនិយោគ ពិសេសគឺសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
នៅទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕